ជឿថាគ្នាយើងសុទ្ធតែធ្លាប់កុហកយ៉ាងតិច ១ ដងក្នុងជីវិត ទោះវាជាការកុហកល្អក៏ដោយ។ ចំពោះកូនតូចៗរបស់យើង នៅពេលដែលលូតលាស់ធំទៅៗ ផ្នត់គំនិតក៏ចាប់ផ្ដើមផ្លាស់ប្ដូរ រហូតពេលខ្លះអាអូនចេះនិយាយកុហកទៅកាន់ប៉ាម៉ាក់។ ហើយមានម៉ាក់ប៉ាខ្លះឆ្ងល់ថា កូននៅតូចសោះ ហេតុអីចេះនិយាយកុហក? បើកូនចេះកុហក យើងជាប៉ាម៉ាក់គួរដោះស្រាយដោយវិធីណា?
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ពន្យល់ឲ្យដឹងថា នៅពេលដែលអាអូនចូលដល់អាយុ ៥-៧ ឆ្នាំហើយ កូនចាប់ផ្ដើមចេះមានអារម្មណ៍ ឬគំនិត២នៅក្នុងពេលតែមួយ ជាហេតុបណ្ដាលឲ្យអាអូនចាប់ផ្ដើមនិយាយកុហកប្រាប់យើង។ ឧ. អារម្មណ៍មួយរបស់កូនចង់ញ៉ាំស្ករគ្រាប់ អារម្មណ៍មួយទៀតខ្លាចត្រូវមាត់ម៉ាក់ប៉ា តែទ្រាំមិនបានក៏យកស្ករគ្រាប់មកញ៉ាំ ទោះដឹងថាអាចត្រូវមាត់ប៉ាម៉ាក់ក៏ដោយ ហើយចាំនិយាយប្រាប់ថាអត់តាមក្រោយ។
ម៉្យាងវិញទៀត ជួនកាល កូនអាចចេះនិយាយកុហកព្រោះខ្លាចត្រូវទទួលពិន័យ ពោល កូនកុហកព្រោះខ្លាចប៉ាម៉ាក់ដឹងពីកំហុសហើយខឹង ស្ដីឲ្យ ឬប្រើអំពើហិង្សាទៅលើកូន ព្រោះម៉ាក់ប៉ាមួយចំនួននិយមស្រែកគំហក ឬវាយដំកូនពេលកូនធ្វើខុសអ្វីមួយ ជាហេតុធ្វើឲ្យកូនខ្លាច មិនហ៊ានប្រាប់តាមត្រង់ក៏មាន។
លោកស្រីវេជ្ជបណ្ឌិត បន្តថា បើយើងជាម៉ាក់ប៉ាយល់ច្បាស់ពីរបត់នៃបញ្ញាផ្លូវអារម្មណ៍របស់កូន យើងនឹងមិនសូវមានសម្ពាធនៅពេលដែលកូននិយាយកុហកទេ។ អ្វីដែលជាបញ្ហានៅពេលដែលកូននិយាយកុហក គឺពេលដែលកូនកុហកហើយមិនសារភាពប្រាប់ពីកំហុសមកយើងជាម៉ាក់ប៉ាត្រង់ៗ។
“នៅពេលដែលកូននិយាយកុហក យើងត្រូវដឹងថា អារម្មណ៍កូនពេលនោះច្របូកច្របល់ ព្រោះគេមិនទាន់អាចទប់អារម្មណ៍បានដូចយើងមនុស្សធំទេ។”
ដូចនេះ បើយើងដឹងថាកូនតូចៗចេះនិយាយកុហក យើងគួររកវិធីត្រជាក់ៗមកដោះស្រាយជាមួយកូនដូចជា លួងលោម និយាយស្រទន់ៗទៅកូន និងអប់រំកូនពីកំហុសដែលកូនបានធ្វើ។ រឿងមួយដែលសំខាន់ទៀតនោះ គឺត្រូវបង្កើនភាពជិតស្និទ្ធជាមួយកូន និងធ្វើឲ្យកូនមានភាពជឿជាក់មកលើយើងជាម៉ាក់ប៉ា។ លើសពីនេះ យើងក៏ត្រូវធ្វើជាគំរូល្អម្នាក់សម្រាប់កូនដែរ ព្រោះកូនៗរៀនតាមមនុស្សចាស់ដែលនៅជុំវិញខ្លួន បើយើងនិយាយធ្វើអ្វីមិនសមគួរ កូនៗអាចរៀនត្រាប់តាមយើងជាម៉ាក់ប៉ា។
[embed-health-tool-vaccination-tool]