ម៉ាក់ប៉ាគ្រប់រូបចង់បានអ្វីៗដែលល្អបំផុតសម្រាប់កូនៗ និងចង់ឲ្យកូនចេះដឹងខុសត្រូវ ទើបខំប្រឹងបង្រៀនកូនៗតាំងពីតូចមកឲ្យស្គាល់អ្វីល្អ អ្វីអាក្រក់។ ការជួយកូនឲ្យយល់ពីលទ្ធផលដែលទទួលបានពីសកម្មភាពដែលពួកគេធ្វើ ក៏ដូចជាការបង្រៀនពីអាកប្បកិរិយាល្អៗដល់កូន គឺជាផ្នែកសំខាន់មួយក្នុងការលូតលាស់ធំឡើងដោយភាពវិជ្ជមាន។
ហេតុនេះហើយ ម៉ាក់ប៉ាគួរចេះតិចនិកបង្រៀនកូនឲ្យដឹងខុសត្រូវ តាំងពីក្មេង ដើម្បីឲ្យពួកគេលូតលាស់ធំឡើង ក្លាយជាបុគ្គលល្អមួយរូប ទទួលបានក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួន។
១.បង្ហាញការយល់ចិត្ត និងអំពើល្អ
ម៉ាក់ប៉ាអាចបណ្ដុះទំនាក់ទំនងដែលកូនៗអាចទទួលបានអារម្មណ៍នៃក្ដីស្រលាញ់ យល់ចិត្ត ជាគ្រឹះមួយសម្រាប់ការអភិវឌ្ឍអារម្មណ៍ និងការយល់ចិត្តអ្នកដទៃរបស់កូនៗ។
២.បង្ហាញ និងប្រាប់
បង្រៀនកូនឲ្យស្គាល់ពីខុសមកត្រូវដោយពាក្យពេចន៍ និងអាកប្បកិរិយាទន់ភ្លន់ ថ្នមៗ។ កាលណាយើងនិយាយស្រួលបួលជាមួយក្មេង កូននឹងមិនភ័យ ហើយងាយស្ដាប់បង្គាប់យើង ជាងពេលដែលយើងស្រែកគំហកដាក់ ធ្វើឲ្យកូនខ្លាច។
៣.យកចិត្តទុកដាក់ទៅកូន
ក្មេងៗគ្រប់រូប ចង់បានការចាប់អារម្មណ៍ពីមនុស្សចាស់ៗក្បែរខ្លួន ជាពិសេសម៉ាក់ប៉ា ហើយវិធីដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀនកូនឲ្យល្អនោះគឺ ការយកចិត្តទុកដាក់ ដើម្បីជំរុញកូនឲ្យមានចរិតល្អ និងបោះបង់ចោលទង្វើមិនល្អដែលកូនមាន។
៤.សុំទោសកូន ពេលធ្វើខុស
ពេលដែលយើងធ្វើខុស ទោះយើងមាននាមជាម៉ាក់ប៉ា ក៏ត្រូវសុំទោសកូនៗដែរ។ នេះបង្ហាញឲ្យកូនឃើញថា យើងទទួលកំហុស និងឲ្យតម្លៃទៅលើការគិត និងអារម្មណ៍របស់កូន។ លើសពីនេះ វាក៏អាចក្លាយជាគំរូមួយដ៏ល្អ សម្រាប់កូនពេលធំឡើង ឲ្យមានទំនួលខុសត្រូវ។
៥.ណែនាំកូនឲ្យចេះជួយអ្នកដទៃ
លើកទឹកចិត្តឲ្យកូនជួយអ្នកដទៃ តាមដែលកូនអាចធ្វើទៅបាន។ ទោះបីជាទង្វើនោះតូចតាចដូច ជួយរើសរបស់ ឬជួយធ្វើការងារក្នុងសង្គមទេ វាអាចជាឱកាសមួយឲ្យកូនយល់ដឹងពី សប្បុរសធម៌ ឬការគោរពអ្នកដទៃ។ល។
ម៉ាក់ប៉ាទាំងអស់អាចមានតិចនិកបង្រៀនកូនឲ្យធ្វើអំពើល្អច្រើនយ៉ាងខុសៗគ្នា។ អ្វីដែលសំខាន់នោះ ទោះជាយ៉ាងណាក៏ដោយ ម៉ាក់ប៉ាមិនត្រូវប្រើអំពើហឹង្សា វាយ ទាត់កូនរាល់ពេលកូនធ្វើខុស ឬពេលដែលកូនមិនស្ដាប់បង្គាប់ទេ។ ការប្រើធម៌ក្ដៅមកបង្រៀនកូន មិនមែនជាវិធីល្អទេ ហើយវាថែមទាំងអាចធ្វើឲ្យកូនខ្លាច បំផ្លាញភាពស្និទ្ធស្នាលក្នុងគ្រួសារ ឬអាចឲ្យកូនខ្វះភាពកក់ក្ដៅ កើតជំងឺបាក់ទឹកចិត្ត គិតខុសក៏ថាបាន។
[embed-health-tool-vaccination-tool]