ទោះមិននិយាយ ក៏ប៉ាម៉ាក់ដឹងដែរថាការអានមានសារៈសំខាន់បែបណាដល់អូនៗ មិនថាកូនជិតដល់អាយុចូលរៀន ឬកំពុងរៀននោះទេ។ ការអានជួយដល់ការអភិវឌ្ឍផ្នែក បញ្ញា និងស្មារតីដល់កូនៗរបស់យើង ជួយឲ្យអូនៗចេះពាក្យថ្មីៗ ជួយអូនៗបានរៀនសូត្រពីគំនិតថ្មីៗ និងជួយឲ្យអូនៗមានការផ្ចង់អារម្មណ៍ និងមានការយកចិត្តទុកដាក់ខ្ពស់លើអ្វីមួយជាដើម។
តើធ្វើម៉េចទើបជួយកូនៗឲ្យចូលចិត្តអាន?
១. បង្កើតទម្លាប់អាន
ការសិក្សាជាច្រើនបានរកឃើញថាការបង្កើតទម្លាប់អាន មិនថាកូនចេះអានដោយខ្លួនឯង ឬប៉ាម៉ាក់អានឲ្យកូនស្ដាប់នោះទេ គឺសុទ្ធតែជួយបង្កើតសមត្ថភាពអានដល់កូននៅថ្ងៃខាងមុខ។ ថ្វីបើកូនយើងមិនទាន់ចេះអានក្ដី បើប៉ាម៉ាក់ទម្លាប់អានរឿងឲ្យកូនស្ដាប់ យូរៗទៅនឹងធ្វើឲ្យកូនចង់អានរឿងទាំងនោះដោយខ្លួនឯងនៅពេលគេចេះអាន។
២. រៀបចំសៀវភៅឲ្យមាននៅច្រើនកន្លែង
ថ្វីបើកូនយើងនៅតូចអាចថាចូលចិត្តលេងច្រើនមែន តែយើងត្រូវរៀបចំឲ្យកូនរៀនអាន រៀនមើលរូបភាពផ្សេងៗដែរ។ ប៉ាម៉ាក់អាចព្យាយាមយកសៀវភៅរូបភាព ឬអត្ថបរឿងខ្លីៗ(បើកូនចេះអាន)ដាក់នៅកន្លែងផ្សេងៗក្នុងផ្ទះដូចជាបន្ទប់គេងរបស់កូន កន្លែងកូនលេង តាមធ្នើរបន្ទប់ទទួលភ្ញៀវ ក្បែរទូរទស្សន៍ ឬសូម្បីតែក្នុងរថយន្តក៏គួរមានសៀវភៅដែរ។ ការធ្វើដូចនេះ កូនងាយស្រួលឃើញ និងអាចយកអានបានគ្រប់ពេលដែលពួកគេត្រូវការ។
មួយវិញទៀត ប៉ាម៉ាក់កុំភ្លេចធ្វើជាគំរូឲ្យកូនបានឃើញផង គឺត្រូវអានសៀវភៅដែរ។ បើកូនបានឃើញយើងអានសៀវភៅមុនចូលគេង កូនក៏ទំនងជាចង់ធ្វើដូចយើងដែរ។
៣.ផ្ដល់ឱកាសឲ្យកូនជ្រើសរើសសៀវភៅ
ជួនកាលកូនយើងមិនសូវអានសៀវភៅដែលយើងមានសម្រាប់ពួកគេ មិនមែនមានន័យថាកូនមិនចូលចិត្តអាននោះទេ អាចថាកូនយើងមិនចូលចិត្តសៀវភៅដែលយើងមានទៅវិញទេ។ ដូចនេះហើយ ប៉ាម៉ាក់គួរផ្ដល់ឱកាសឲ្យកូនបានជ្រើសរើសសៀវភៅដែលកូនចូលចិត្ត អាចនាំកូនទៅកាន់បណ្ណគារ ឲ្យកូនដើរមើល និងជ្រើសរើសសៀវណាមួយគេពេញចិត្ត។ កាលណាកូនបានអ្វីដែលគេពេញចិត្ត នោះគេនឹងចូលចិត្តអានដូចគ្នា។
៤. ឲ្យកូនអានអ្វីផ្សេងក្រៅពីសៀវភៅ
ជួនកាលកូនក៏ខ្ជិលអានសៀវភៅដែរ ដូចនេះប៉ាម៉ាក់ត្រូវមានវិធីផ្សេងដែរ។ ឧទាហរណ៍ថា កូនចង់ទៅមើលភាពយន្ត ប៉ាម៉ាក់ត្រូវឲ្យកូនមើលតារាងពេលវេលាបញ្ចាំងភាពយន្តដោយខ្លួនឯង ជាជាងយើងមើលជំនួសកូន។ ដូចគ្នាដែរ បើកូនចូលចិត្តជួយការងារចម្អិនអាហារ យើងអាចឲ្យកូនអានឈ្មោះគ្រឿងផ្សំ ឬគ្រឿងទេសផ្សេងៗ។ ពេលខ្លះបើយើងទៅដើរលេងក្រៅផ្ទះ ប៉ាម៉ាក់អាចណែនាំឲ្យកូនអានផ្លាកសញ្ញាផ្សេងៗ ទីតាំង ឬទិសដៅជាដើម។ អ្វីទាំងនេះសុទ្ធតែជាវិធីដែលប៉ាម៉ាក់អាចឲ្យកូនបានឱកាសអានដែរ។
៥. តាមដានការសិក្សាកូន
លោកគ្រូ អ្នកគ្រូមិនអាចដឹង១០០ភាគរយថាកូនយើងអាចជួបបញ្ហាក្នុងការអាននៅពេលខាងមុខ នោះទេ ដោយសារថាក្មេងខ្លះអាចមិនបញ្ចេញភាពលំបាកក្នុងការអានរបស់ពួកគេឲ្យគ្រូបានដឹងឡើយ។
ប៉ាម៉ាក់កុំមើលរំលង ប្រយ័ត្នហួសពេល ត្រូវមានវិធានការភ្លាមៗដែរ។ ប៉ាម៉ាក់ត្រូវតាមដានការអានរបស់កូន និងការរីកចម្រើននៃការអានរបស់កូនឲ្យបានជាប់លាប់។ ការធ្វើដូចនេះ យើងនឹងអាចជួយកូនបានទាន់ពេលវេលា និងដោះស្រាយបញ្ហាលើការអានរបស់កូនបាន។
[embed-health-tool-vaccination-tool]