នាមជាឪពុកម្ដាយ យើងមិនត្រឹមតែផ្ដល់ហ្សែនទៅឲ្យកូនៗតែប៉ុណ្ណោះទេ កូនៗក៏រៀន និងចាប់យកទម្លាប់របស់យើងដែរ ទាំងទម្លាប់ល្អ និងអាក្រក់។ ក្នុងនោះដែរ ផ្នែកសុខភាពក៏ជារឿងសំខាន់មួយដែលម៉ាក់ប៉ាគ្រប់រូបគួរតែបង្រៀនកូនឲ្យដឹងតាំងពីតូចៗមកម៉្លេះ។ ហេតុនេះហើយ ប៉ាម៉ាក់មានកាតព្វកិច្ចសំខាន់ក្នុងការក្លាយជាគំរូដ៏ល្អមួយឲ្យកូន ដើម្បីឲ្យកូនលូតលាស់ធំពេញវ័យទៅមានទម្លាប់ល្អ និងជាបុគ្គលមួយរូបចេះស្រលាញ់សុខភាព។
ទម្លាប់ទី១៖ ឲ្យកូនញ៉ាំអាហារចម្រុះមុខ
ការញ៉ាំអាហារបានចម្រុះមុខ គ្រប់ពណ៌ មិនត្រឹមតែសប្បាយ និងនាំឲ្យប្លែកភ្នែកប៉ុណ្ណោះទេ វាក៏ផ្ដល់សារធាតុចិញ្ចឹមច្រើនដល់សុខភាពដែរ។ ការដែលយើងឲ្យកូនញ៉ាំអាហារបានគ្រប់ពណ៌ ជាពិសេសបន្លែ ផ្លែឈើ កូនៗកម្រនឹងក្លាយជាមនុស្សរើសអាហារផងដែរ។
ទម្លាប់ទី២៖ កុំរំលងអាហារពេលព្រឹក
បើយើងបង្រៀនទម្លាប់ល្អៗដល់កូនតាំងពីតូចមក ភាគរយច្រើន កូននឹងបន្តធ្វើវារហូតដល់ចាស់។ ស្របគ្នានេះ ទម្លាប់ដែលចោលមិនបាន គឺការញ៉ាំអាហារពេលព្រឹក ព្រោះវាជាអាហារសំខាន់បំផុតប្រចាំថ្ងៃ ហើយការញ៉ាំអាហារពេលព្រឹកក៏ផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពយើងដែរដូចជា៖
- ផ្ដល់ថាមពលដល់ខួរក្បាល និងរាងកាយ
- ជួយឲ្យរាងកាយរឹងមាំ
- ការពារសុខភាពពីជំងឺរ៉ាំរ៉ៃ។
ទម្លាប់ទី៣៖ បង្កើតសកម្មភាពរាងកាយបានច្រើន
មិនមែនក្មេងគ្រប់រូបចូលចិត្តកីឡា ឬហាត់ប្រាណទេ។ ប៉ុន្តែ ប្រសិនបើកូនៗ ឃើញយើងចូលចិត្តលេងកីឡា ឬចូលចិត្តធ្វើសកម្មភាពដើម្បីបញ្ចេញញើស ដើម្បីសុខភាពល្អនោះ កូនៗអាចធ្វើតាមយើង និងអាចបន្តធ្វើរហូតទោះពេញវ័យក៏ដោយ។
ទម្លាប់ទី៤៖ អានសៀវភៅរាល់ថ្ងៃ
ការពង្រឹងការអានឲ្យខ្លាំង ជារឿងសំខាន់មួយនៃភាគជោគជ័យរបស់កូននៅក្នុងសាលារៀន និងនៅកន្លែងធ្វើការនាថ្ងៃខាងមុខ។ យោងតាមគ្លីនិក Cleveland នៃសហរដ្ឋអាមេរិកបានឲ្យដឹងថា ការអានជួយបង្កើនភាពជឿជាក់លើខ្លួនឯងរបស់ក្មេងៗ ពង្រឹងទំនាក់ទំនងខ្លួន ជាមួយអ្នកដទៃ និងជោគជ័យទៅថ្ងៃអនាគត។ ដូចនេះហើយ ទើបអ្នកជំនាញណែនាំឲ្យ ម៉ាក់ប៉ាឧស្សាហ៍អានសៀវភៅជាផ្នែកមួយនៃការកម្សាន្តជាមួយកូន ឬអានឲ្យកូនស្ដាប់ពេលជិតចូលគេង។
ទម្លាប់ទី៥៖ ញ៉ាំទឹកច្រើន ភេសជ្ជៈផ្អែមៗតិច
តាមការឲ្យដឹងពីសមាគមបេះដូងអាមេរិក American Heart Association ពពួកភេសជ្ជៈសូដា (ទឹកក្រូចកំប៉ុង) មិនមានផ្ដល់ជាសារធាតុចិញ្ចឹមអ្វីឡើយ វាថែមទាំងផ្ទុកកាឡូរីដែលជាហេតុបណ្ដាលឲ្យមានបញ្ហាទម្ងន់យើងវិញ។ ចំណែកទឹក ជាប្រភពធនធានសំខាន់បំផុតមួយដែលមនុស្សយើងរស់អត់វាមិនបាន។ ដូចនេះ ម៉ាក់ប៉ាអាចពន្យល់ពីសារសំខាន់ផ្សេងៗចំពោះសុខភាពទៅដល់កូន។
ទម្លាប់ទី៦៖ រីករាយនឹងពេលវេលាជុំគ្រួសារ
យើងដឹងហើយថា ជីវិតជាប៉ាម៉ាក់គេ គឺមិនស្រួលទេ។ ត្រូវចំណាយពេលច្រើនម៉ោងធ្វើការ រកស៊ី ដើម្បីផ្គត់ផ្គង់គ្រួសារ ខ្លះស្ទើរតែគ្មានពេលសម្រាប់ផ្ដល់ឲ្យគ្រួសារខ្លួនទៅហើយ។ ប៉ុន្តែទោះជារវល់យ៉ាងណា ក៏យើងគួរតែឆ្លៀតពេលខ្លះដើរលេង ឬញ៉ាំអាហារជុំគ្រួសារ ព្រោះវាអាច៖
- ធ្វើឲ្យចំណងគ្រួសាររឹងមាំ បង្កើតភាពស្និទ្ធស្នាល
- មានភាពកក់ក្ដៅក្នុងគ្រួសារ
- ចៀសវាងការឈ្លោះប្រកែក
- អារម្មណ៍ខ្វះភាពកក់ក្ដៅក្នុងផ្ទះ។ល។
[embed-health-tool-vaccination-tool]