ការចិញ្ចឹមកូនឲ្យលូតលាស់បានល្អទាំងសុខភាព និងចរិតឫកពា ជាអ្វីដែលម៉ាក់ប៉ាគ្រប់រូបតែងចង់បាន ឬអាចនិយាយសាមញ្ញាថា ចិញ្ចឹមកូនឲ្យដោយគន្លងធម៌។ ប៉ុន្តែការចិញ្ចឹមកូនទម្រាំបានធំដឹងក្ដី មិនងាយស្រួលដូចការគិតនោះទេ ជួនកាលទម្លាប់ដែលយើងចិញ្ចឹមកូនដែលគិតថាល្អ អាចជះឥទ្ធិពលអាក្រក់ដោយមិនដឹងខ្លួនក៏មាន។
ក្នុងការចិញ្ចឹមកូនម៉ាក់ប៉ាគ្រប់រួបគួរតែមានការអត់ធ្មត់ និងយល់ដឹងឲ្យបានច្រើននៃឥទ្ធិពលដែលជះទៅលើកូនពីទង្វើដែលយើងធ្វើដាក់ពួកគេ។ ការដែលចិញ្ចឹមកូនធូរពេក ឬម៉ឺងម៉ាត់ពេក មិនមែនជាវិធីសាស្ត្រមួយល្អក្នុងការបីបាច់កូនឲ្យលូតលាស់ល្អទេ ហើយម៉ាក់ប៉ាអាចស្វែងយល់តាមប៉ុន្មានចំណុចខាងក្រោមនេះ។
១. ការទាស់ទែងរវាងម៉ាក់ប៉ារហូតដល់មានការលែងលះ គឺជាការឆក់ប្លន់យកដួងព្រលឹងរបស់កូនៗ ឬជាការសម្លាប់ទឹកចិត្តរបស់កូនៗចោលយ៉ាងអយុត្តិធម៌បំផុត ។
២. ចិញ្ចឹមកូនបែបថ្នមពេក ជាការផ្តល់ខ្សែឲ្យកូនធ្វើអត្តឃាតនៅថ្ងៃមុខ លើផែនដីនេះក្រៅពីផ្កាយ និងព្រះច័ន្ទចេញ ពុកម៉ែរកឲ្យកូនបានទាំងអស់ អត់ដឹងទាល់តែសោះថា តាមពិតលើផែនដីនៅមានរបស់ច្រើនណាស់ដែលគេមិនអាចយកលុយទិញបានតាមអំពើចិត្តនោះទេ ។
៣. ផ្តល់គំរូមិនល្អឲ្យកូនឃើញ ជាការជំរុញឲ្យកូនធ្លាក់រណ្តៅតាមខ្លួន ដើម្បីជាមរតកដល់កូនសម្លាញ់របស់ខ្លួន ។
៤. ផ្តល់គំនាបខ្លាំងលើក្មេង ជាការបង្ខំឲ្យគេក្លាយជាមនុស្សចាស់មុនអាយុ ទើបពេលខ្លះគេធ្វើអំពើដែលមនុស្សចាស់មិនអាចធ្វើតាមបាន ឬ ក្លាយជាមនុស្សសម្បូរដោយល្បិចកល ។
តាមលោកវេជ្ជបណ្ឌិតម្នាក់ឲ្យដឹងថា ការជួយអភិវឌ្ឍក្មេង គឺជាការបង្ហាញកាយវិការថ្លៃថ្នូរ ឲ្យកូនយកចិត្តទុកដាក់ចាប់អារម្មណ៍ ជួយឲ្យកូនចេះសាកសួរបញ្ជាក់ការយល់ដឹង ឧស្សាហ៍សាកសួរ រម្លឹកការចងចាំអ្វីដែលមានប្រយោជន៍ ពន្យល់កូនៗដោយលើកឧទាហរណ៍ងាយយល់ រួចហើយឲ្យកូនបកស្រាយឡើងវិញ និងសង្ខេបការចងចាំទុក។
[embed-health-tool-vaccination-tool]