កូនក្មេងឈ្លោះគ្នាជាមួយបងប្អូនភាគច្រើនដោយសារហេតុផលតូចតាចមួយ ជួនកាល បើកូនបងអផ្សុកទៅញោះប្អូនឲ្យយំ ចុងក្រោយប្រកែកគ្នាបែកផ្ទះ ល្វីងមុខម៉ាក់ប៉ាឯណេះវិញ។ ការប្រកែកគ្នា ឬការមិនយល់ស្របមតិជាមួយរបស់ក្មេង ជាផ្នែកមួយក្នុងការលូតលាស់របស់ក្មេង តែយើងច្បាស់ជាមិនចង់ឃើញបងប្អូនមិនត្រូវគ្នាទេ ហើយខាងក្រោមនេះជាតិចនិកម៉ាក់ប៉ាអាចអនុវត្ត ដើម្បីជួយទប់ស្កាត់ ឬកាត់បន្ថយជម្លោះរវាងកូនៗយើងបាន។
១. បង្រៀនពីការដោះស្រាយបញ្ហា
ម៉ាក់ប៉ាត្រូវតែកំណត់លក្ខណៈឲ្យម៉ឺងម៉ាត់ពីសកម្មភាពអ្វីដែលអាច និងមិនអាចធ្វើ ប្រាប់កូនឲ្យច្បាស់ៗ នៅពេលយើងដោះស្រាយជម្លោះ ឬបញ្ហាអ្វីមួយ។ ឧ. ពេលកូនៗឈ្លោះគ្នា យើងអាចប្រាប់កូនថា ការយំស្រែក ឬវាយគ្នាមិនមែនជាដំណោះស្រាយត្រឹមត្រូវ ដើម្បីបញ្ចប់ជម្លោះទេ។
២. សរសើរ ឬប្រើធម៌ត្រជាក់អប់រំកូន
ការសរសើរ ឬអប់រំកូនដោយនិយាយស្រួលបួល មិនប្រើហិង្សា ជាតិចនិកល្អមួយជួយចិញ្ចឹមកូនឲ្យមានអាកប្បកិរិយាល្អ។ ចំណុចសំខាន់នោះ គឺបង្ការកូនៗកុំឲ្យមានការប្រើដៃជើងដាក់គ្នា បន្ទាប់មកយើងអាចសរសើរកូនៗពេលឃើញពួកគេធ្វើអំពើល្អវិញ។ កូនក្មេងនៅពេលដែលយើងសរសើរពួកគេពេលធ្វើទង្វើណាមួយ អាអូនច្បាស់ឧស្សាហ៍ធ្វើវាម្ដងហើយម្ដងទៀត ដើម្បីយកចិត្តប៉ាម៉ាក់។
ម៉ាក់ប៉ាត្រូវចាំថា កូនៗរបស់យើងចាំសង្កេតរាល់ទង្វើដែលយើងធ្វើទាំងអស់ ហើយរៀនត្រាប់តាម។ បើយើងចង់ឲ្យកូនមានចរិតល្អ យើងខ្លួនឯងផ្ទាល់ត្រូវព្យាយាមបង្ហាញថាតើអ្វីទៅជាទង្វើល្អ និងចរិតល្អ ហេតុនេះហើយការឈ្លោះប្រកែកគ្នា ឬប្រើពាក្យសម្ដីមិនសមរម្យនៅមុខកូនមិនមែនជាគំរូល្អ ដើម្បីឲ្យអាអូនលូតលាស់ឡើងមានចរិតល្អឡើយ។
៤. ផ្ដល់ឲ្យកូនស្មើភាពគ្នា
ការកាន់ជើងកូនម្នាក់ ហើយស្ដីឲ្យកូនម្នាក់ទៀតជាទម្លាប់អាក្រក់របស់ម៉ាក់ប៉ាដែលកូនៗស្អប់បំផុត ព្រោះសម្រាប់កូនៗ ទង្វើនេះជាការលម្អៀង បង្ហាញថា ស្រលាញ់កូនមួយជាងកូនមួយទៀត។ ការលម្អៀង អាចបណ្ដាលឲ្យមានការបែកបាក់ទំនាក់ទំនងរវាងបងប្អូន ឬនៅក្នុងគ្រួសារទាំងមូល។ ហេតុនេះ នៅពេលកូនៗឈ្លោះ មុននឹងស្ដីឲ្យកូនម្នាក់ជួយកូនម្នាក់ ម៉ាក់ប៉ាគួរតែនិយាយមួយៗរកហេតុផល ធ្វើយ៉ាងណាឲ្យកូនៗទទួលបានភាពស្មើគ្នា (ឧ. បើដាក់ទណ្ឌកម្ម ដាក់ទាំងអស់ បើមិនដាក់ មិនដាក់ទាំងអស់ ចៀសវាងការគិតខុសរបស់កូន)។