អាអូនតូចយកដៃញីភ្នែកមើលទៅពិតជាគួរឲ្យស្រលាញ់ណាស់។ ប៉ុន្តែ ជាទូទៅ ទារកញីភ្នែកនៅពេលដែលពួកគេមានអារម្មណ៍នឿយហត់ ឬងងុយគេង ហើយនៅក្នុងករណីខ្លះ អាអូនអាចមានអារម្មណ៍ឈឺចាប់ ដោយសារធូលី ឬរោមភ្នែកចូលភ្នែក ឬមានការឆ្លងមេរោគនៅភ្នែក និងបញ្ហាអាលែកហ្ស៊ីជាដើម។ ជាមួយគ្នានេះដែរ ការញីភ្នែករបស់ទារកក៏អាចជាសញ្ញាព្រមានមួយ ដែលប៉ាម៉ាក់គួរយកចិត្តទុកដាក់ឲ្យបានដិតដល់។
មូលហេតុមួយចំនួនដែលធ្វើឲ្យទារកញីភ្នែក មានដូចខាងក្រោមនេះ៖
១. ងងុយគេង
ជួនកាល ជាមួយនឹងការញីភ្នែក អាអូនក៏អាចស្ងាប ដែលអាការៈនេះបង្ហាញឲ្យឃើញថាងងុយគេង និងហត់នឿយ។ ហេតុនេះហើយ ទើបទារកព្យាយាមបំបាត់ភាពតានតឹង និងឈឺខ្លះៗនៅជុំវិញបរិវេណភ្នែក និងត្របកភ្នែកដោយការញីភ្នែក។
២. ភ្នែកស្ងួត
ទន្ទឹមនឹងនេះដែរ ទារកក៏អាចត្រដុសភ្នែកនៅពេលដែលភ្នែករបស់ពួកគេស្ងួតខ្លាំង។ ពិតណាស់ ប្រសិនបើស្រទាប់សំណើមនៃភ្នែក ដែលគ្របដណ្ដប់នៅក្នុងភ្នែកប្រែទៅជាហួត នៅពេលដែលប៉ះពាល់នឹងខ្យល់រយៈពេលយូរ។ កត្តានេះអាចធ្វើឲ្យទារកមានអារម្មណ៍មិនស្រួលក្នុងខ្លួន និងញីភ្នែកដោយឯងៗ ពីព្រោះការញីភ្នែកនេះអាចបង្កើតជាទឹកភ្នែក ដែលនាំសំណើមមកកាន់ភ្នែកអាអូនវិញ។
៣. ងឿងឆ្ងល់
កូនតូចអាចអភិវឌ្ឍន៍ជំនាញចលករ ក្នុងការញីភ្នែក ហើយក៏កំពុងតែទទួលបានជំនាញថ្មីនេះដែរ។ ពួកគេអាចមានភាពភ្ញាក់ផ្អើលទៅនឹងអ្វីដែលខ្លួនបានឃើញ។ ដូចនេះហើយ ទារកនឹងព្យាយាមញីភ្នែកម្ដងហើយម្ដងទៀត ដើម្បីទទួលបានបទពិសោធន៍ដដែលនេះ។
៤. មានអ្វីមួយចូលក្នុងភ្នែក
ក្នុងករណីដែលមានអ្វីមួយនៅក្នុងភ្នែក ទារកអាចនឹងញីភ្នែកមិនឈប់ ដែលទង្វើនេះអាចបណ្ដាលឲ្យមានការរលាក។ វាអាចជាធូលីដី រោមភ្នែក ឬសំបោរស្ងួត ។ វាមានសារសំខាន់ណាស់ក្នុងការកត់សម្គាល់ថា សូម្បីតែអាអូនព្រិចភ្នែក ឬចេញទឹកភ្នែកក៏អាចជាសញ្ញានៃបញ្ហានេះដូចគ្នា។ ប្រសិនបើមានការរលាកក្រហាយនៅក្នុងភ្នែករបស់ទារក ចូរប្រើប្រាស់កំណាត់សើម និងទន់ មកជូតភ្នែក និងមុខដើម្បីកម្ចាត់ចោលវត្ថុបង្កទាំងនេះ។ បន្ទាប់មក ចូរប្រើទឹកត្រជាក់ដើម្បីសម្អាតភ្នែករបស់អាអូន។
ក្នុងករណីដែលម៉ាក់ៗឃើញអ្វីមួយនៅកៀនភ្នែក សាកល្បងប្រើប្រាស់កំណាត់សើមដែលក្ដៅឧណ្ហៗដើម្បីយកវាចេញ។ ប៉ុន្តែ ប្រសិនបើអាអូននៅតែចេញទឹកភ្នែក និងព្រិចភ្នែកញឹកញាប់ដដែល វាអាចមានវត្ថុចម្លែក ជាប់នៅក្នុងភ្នែកអាអូន។ នៅក្នុងករណីនេះ ប៉ាម៉ាក់គប្បីយកកូនទៅជួបជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
៥. ឈឺភ្នែក ឬរមាស់ភ្នែក
មូលហេតុមួយទៀតដែលអាអូនញីភ្នែក អាចបណ្ដាលមកពីអាលែកហ្ស៊ី ឬការឆ្លងមេរោគ ដែលអាចបង្ហាញតាមរយៈការឈឺ ឬរមាស់។ រោគសញ្ញាដែលទារកមានការឆ្លងមេរោគនៅភ្នែក អាចរួមមានហើមភ្នែក ឬក្រហមភ្នែក ចេញទឹកភ្នែក គ្រុនក្ដៅ ឬយំមិនបាត់។ នៅក្នុងករណីនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ។
យើងអាចការពារកូនកុំឲ្យញីភ្នែកតាមវិធីណា?
ប៉ាម៉ាក់គប្បីការពារកុំឲ្យកូនញីភ្នែក ពីព្រោះវាអាចបង្កជារបួស ឬការរលាត់ស្បែកនៅភ្នែករបស់អាអូន ដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោមនេះ។
- ពាក់ស្រោមដៃឲ្យអាអូន ប្រសិនបើកូនមានទម្លាប់ញីភ្នែកខ្លាំងៗ ដើម្បីការពារស្បែកពួកគេពីការរលាត់ ឬរលាកក្រហាយ
- ដាក់កូនគេងភ្លាមៗ ប្រសិនបើយើងសង្កេតឃើញអាអូនញីភ្នែក ព្រមទាំងស្ងាប
- ដើម្បីការពារកូនកុំឲ្យមានរបស់ផ្សេងៗ ចូលទៅក្នុងភ្នែក ចូរជៀសវាងនាំកូនទៅកន្លែងណាដែលមានធូលីដីច្រើន។ នៅក្នុងករណីចាំបាច់ ប៉ាម៉ាក់អាចរបាំងការពារភ្នែក និងច្រមុះរបស់កូន។
[embed-health-tool-vaccination-tool]