ម៉ាក់ៗមួយចំនួនដែលមានបញ្ហាសុខភាព ឬជាប់រវល់នឹងការងាររកស៊ី បានជ្រើសរើសវិធីបំបៅកូនដោយម្សៅទឹកដោះ ក្នុងនោះម៉ាក់ៗខ្លះមិនមែនប្រើតែមួយម៉ាកទេ ឮគថាម៉ាកនេះល្អ ម៉ាកនោះល្អ ដូរភ្លែត ដោយមិនខ្វល់ពីលក្ខខណ្ឌផ្សងៗ។
បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ម៉ាក់ៗអាចដូរម៉ាកម្សៅទឹកដោះគោមួយទៅទឹកដោះគោមួយទៀត លុះណាកូនម៉ឹមមិនត្រូវ មានន័យថា កូនញ៉ាំទៅអាលែកហ្ស៊ី កូនខ្វះជាតិដែក ឬក៏រាករូសខុសធម្មតា។
ចំណែកលោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center វិញក៏បានលើកឡើងស្រដៀងគ្នាដែរថា គ្មានប្រយោជន៍អីទាំងអស់ នៅក្នុងការដូរទឹកដោះពីប្រេនមួយទៅប្រេនមួយទៀត ខណៈកូនមិនមានជំងឺ មានសុខភាពល្អធម្មតា។
ក្នុងនោះលោកស្រីវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះពន្យល់បន្ថែមថា ការដែលម៉ាក់ៗមិនអស់ចិត្ត កូនម៉ឹមទឹកដោះនេះមិនត្រូវសោះ មិនឡើងគីឡូសោះនោះ ក៏សម្រេចចិត្តដូរម៉ាកផ្សេងភ្លាមនោះមិនត្រឹមត្រូវឡើយ ព្រោះការចិញ្ចឹមកូនឲ្យលូតលាស់បានល្អ មិនមែនពឹងផ្អែកលើតែទឹកដោះគោមួយមុខទេ។
“កូនអាយុចន្លោះពី៤ទៅ៦ខែ ជាពេលត្រូវផ្តល់អាហារផ្សេងៗ ហើយអាហារផ្សេងៗក៏មិនមែនជារបស់ពិសេសម៉ោពីណាដែរ បន្លែ ផ្លែឈើ របស់ដាំឆ្អិន ស៊ុត សាច់អីហ្នឹង អត់ពឹងលើទឹកដោះសុទ្ធទេ’។ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់។
[embed-health-tool-vaccination-tool]