ធម្មតា ម៉ាក់ប៉ារូបណាដែលមិនចង់ឃើញកូនមានសាច់មានឈាម មើលទៅគួរឲ្យក្នាញ់ គួរឲ្យស្រឡាញ់នោះ។ ទារកដែលម៉ាប់ៗហ្នឹងហើយ កំពុងពេញក្នាញ់ ចង់តែចាប់ក្រញិចទេ តែបើកូនថ្លោសពេក ក៏អាចមិនល្អដែរ។
បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំងឲ្យដឹងថា ទាក់ទងនឹងទម្ងន់កូនថ្លោសនេះ ម៉ាក់ប៉ាក៏ត្រូវមើលទៅលើខ្សែកោងនៃការលូតលាស់ទម្ងន់របស់ទារក។ ប្រសិនជាកូនថ្លោសនៅក្នុងកម្រិតធម្មតា វាមិនមានបញ្ហានោះទេ ប៉ុន្តែបើកូនថ្លោស លើសកម្រិតធម្មតានៃអាយុរបស់ទារក គឺម៉ាក់ប៉ាត្រូវមើលដែរថា កូនអាចមានជំងឺអីដែលបណ្ដាលឲ្យថ្លោសខ្លាំងលើសកម្រិតនេះឬក៏អត់។
ទារក អាយុ ៦-៧ខែ ថ្លោសៗអ៊ីចឹង អាចប្រឈមនឹងកើតជំងឺប៉ះពាល់ដល់សុខភាពទេ?
សំណួរនេះលោកស្រីវេជ្ជបណ្ឌិតឆ្លើយថា ជាទូទៅ ទារកស្ទុះគីឡូខ្លាំង ឡើងគីឡូលឿននៅក្នុងរយៈពេល១ឆ្នាំដំបូង តែដល់ពេលដែលលូតលាស់ធំទៅៗ ទារកអាចចាប់ផ្ដើមស្រកគីឡូនោះអស់ ហើយបែរជាលូតកម្ពស់វិញ។ ទារកថ្លោសៗមិនប្រាកដថា ធំឡើងនៅតែមានទម្ងន់លើស ឬធាត់រហូតទេ តែបើក្មេងធំហើយ គីឡូនៅតែធាត់ដដែលមិនស្រក អ៊ីចឹងនៅពេលដែលក្មេងលូតលាស់ពេញវ័យទៅ អាចប្រឈមនឹងជំងឺច្រើនដូចយើងមនុស្សចាស់ដែរដូចជា៖
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសឈាម
– ជំងឺមេតាបូលិក
– ជំងឺលើសជាតិខ្លាញ់ជាដើម។
វេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបន្ថែមឲ្យដឹងទៀតថា ចំពោះទម្ងន់ទារក កត្តាដែលកំណត់ការលូតលាស់ អាស្រ័យទៅលើ៖
ទី១.កត្តាហ្សែន
ទី២.កត្តាបរិស្ថានជុំវិញ។
បើម៉ាក់ប៉ាកើតមកថ្លោសពីតូច កូនក៏អាចកើតមកថ្លោសពេលនៅតូចហ្នឹងដែរ (កត្តាហ្សែន) ឬទារកនោះបៅបាន គេងបាន ទទួលបានជីវជាតិគ្រប់គ្រាន់នោះក៏អាចធ្វើឲ្យក្មេងថ្លោសដែរ (កត្តាបរិស្ថានជុំវិញ)។
[embed-health-tool-vaccination-tool]