ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
មិនថាយើងមិនថាគេទេ ឲ្យតែឃើញកូនទើបនឹងកើតយំខ្លាំង លួងយ៉ាងម៉េចក៏មិនបាត់ ច្បាស់ជាឆ្លេឆ្លាភ័យខ្លាចកូនមានបញ្ហាអីមិនខាន។ ប៉ុន្តែ គ្រូពេទ្យប្រាប់ថា ពេលខ្លះកូនយំខ្លាំងគ្រាន់តែអាអូនចុកពោះ បញ្ហាតូចតាចប៉ុណ្ណោះ។
ឆ្លើយតបនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំង ពន្យល់ឲ្យដឹងថា ការចុកពោះនៅលើទារក ឬហៅថា Colic ជាអាការៈចុកពោះកើតឡើងលើទារកតូចមានអាយុចាប់ពី ២-៥ សប្ដាហ៍ ហើយវាមានរយៈលើសពី ៣ម៉ោង/ថ្ងៃ ឬ ៣ថ្ងៃ/សប្ដាហ៍ ។ អាការៈចុកពោះបែបនេះ ភាគច្រើនបាត់ទៅវិញពេលអាអូនមានអាយុ ៣-៤ខែ។
“ចំពោះទារកដែលចុកពោះ រហូតដល់យំខ្លាំង យើងលួងអត់បាត់ មិនមែនបញ្ជាក់ថា កូនមានជំងឺអីមួយទេ។ ជាទូទៅ គឺអាអូនមានសុខភាព និងលូតលាស់ធម្មតា គ្រាន់តែរំខានដោយការចុកពោះប៉ុណ្ណឹងឯង”។
ទាក់ទងនឹងបញ្ហាចុកពោះ នៅមិនទាន់មានមូលហេតុច្បាស់លាស់អាចបញ្ជាក់ពីអាការៈចុកពោះនេះទេ តែគ្រូពេទ្យសង្កេតឃើញថា មានកត្តាជំរុញជាច្រើនដែលបង្កឲ្យកូនចុកពោះ៖
– ប្រព័ន្ធរំលាយអាហារកូននៅខ្ចី
– អាលែកហ្សីទឹកដោះគោ
– ម៉ាក់ៗញ៉ាំចំណីអាហារទាស់ (ចំពោះម្ដាយដែលបំបៅដោះកូន)
– ខ្យល់ចូលពោះ ជាដើម។
វេជ្ជបណ្ឌិតជំងឺក្មេងរូបនេះបន្តថា អាការៈចុកពោះនេះច្រើនកើតនៅវេលាដដែលៗ ជាពិសេសពេលល្ងាច។ ម៉ាក់ប៉ាអាចសម្គាល់នូវរោគសញ្ញាមួយចំនួនដូច៖
– អាអូនយំខ្លាំង
– មុខឡើងក្រហម
– យំផង ក្ដាប់ដៃផង ពើងខ្លួនផង
– ហើមពោះ ឬខ្យល់ចូលពោះច្រើន។ល។
ក្នុងករណីដែលអាអូនយំខ្លាំងដោយសារកូនចុកពោះនេះ ប៉ាម៉ាក់អាចជួយសម្រួលអាការៈកូនដោយ ឲ្យកូនភើចេញមកក្រោយបៅរួច ឲ្យកូនជញ្ជក់ក្បាលដោះជ័រ ច្រៀងបំពេ ឬនិយាយជាមួយកូន។ ប៉ុន្តែ បើយើងសាកល្បងតាមវិធីដែលបានរៀបរាប់នេះហើយគ្មានប្រសិទ្ធភាព កូននៅតែយំខ្លាំង យកល្អ យើងគួរយកកូនទៅជួបនឹងគ្រូពេទ្យកុមារ ដើម្បីឲ្យច្បាស់ថាយំខ្លាំងដោយសារចុកពោះ ឬមួយមានបញ្ហាសុខភាពណាផ្សេងទៀតបង្កឲ្យកូនធ្វើទុក្ខ។
[embed-health-tool-vaccination-tool]