បញ្ហាទល់លាមកកើតឡើងលើមនុស្សគ្រប់វ័យ បើទោះជាទារកមិនទាន់បានទទួលរបបអាហារក៏ចៀសមិនផុតពីបញ្ហានេះដែរ។ ចំពោះអ្នកមានកូនតូច ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំង ព្រោះគ្រូពេទ្យថា បើទុកយូរៗរហូត ១ សប្ដាហ៍បានជុះម្ដង អាចរលាកពោះវៀន។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា សម្រាប់កូនតូចមិនថាបៅដោះម៉ាក់ៗ ឬទឹកដោះគោសុទ្ធតែងជួបប្រទះជំងឺទល់លាមកនេះដូចគ្នា។ កូនដែលបៅដោះម៉ាក់ ហើយទល់លាមក អាចមកពីញ៉ាំអាហារក្រៀមក្រោះ មិនសូវសម្បូរជីវជាតិ និងមានជាតិទឹកគ្រប់គ្រាន់ ម៉ាក់ៗផឹកទឹកតិច ទើបកូនម៉ឹមដោះទៅមានបញ្ហាទល់លាមក។
ចំណែកកូនបៅទឹកដោះគោវិញ អាចមកពីទឹកដោះគោខ្លះមិនសមស្របទៅនឹងពោះវៀនរបស់ក្មេង ដូច្នេះបើកូនក្ដៀនដោយសារទឹកដោះគោ គួរតែប្ដូរប្រភេទទឹកដោះគោនោះចេញ។ រីឯកូនដែលចេះញ៉ាំអាហារវិញ អាចមកពីរបបអាហារគ្មានបន្លែ ឬផ្លែឈើជាតិកាកសរសៃ និងមិនបានផឹកទឹកគ្រប់គ្រាន់ ហើយមួយវិញទៀតក៏អាចមកពីកូនមានបញ្ហាខ្សោយពោះវៀនដែរ ទើបញ៉ាំអ្វីទៅងាយនឹងក្ដៀន។
[embed-health-tool-vaccination-tool]