រន្ធផ្ចិតរបស់ទារកទើបកើតអាចចេញឈាម នៅពេលដែលទងផ្ចិតជ្រុះចេញ។ ជាទូទៅ ការចេញឈាមរន្ធផ្ចិតនេះ គឺមិនមានអ្វីគួរឲ្យបារម្ភឡើយ។ ប៉ុន្តែពេលខ្លះ វាក៏អាចជាសញ្ញាបង្ហាញពីបញ្ហាសុខភាពមួយចំនួនដែរ។ ទងផ្ចិត ឬទងសុកផ្គត់ផ្គង់សារធាតុចិញ្ចឹមពីម្ដាយទៅកាន់ទារកក្នុងផ្ទៃ។ បន្ទាប់ពីទារកកើតមក ទងផ្ចិតនេះមិនមានភាពចាំបាច់ទៀតឡើយ ហើយជាចុងក្រោយវានឹងក្រៀមស្វិត ព្រមទាំងជ្រុះចេញពីផ្ចិតរបស់ទារក។
មូលហេតុអ្វីរន្ធផ្ចិតរបស់ទារកទើបកើតចេញឈាម?
ជាធម្មតា រន្ធផ្ចិតអាចនឹងចេញឈាម ដោយសារតែទងផ្ចិតចាប់ផ្ដើមជ្រុះចេញពីរាងកាយទារក។ ពេលខ្លះ ខោទឹកនោមទារក ឬកំណាត់តូចមួយ ក៏អាចកកិតទៅនឹងទងផ្ចិត ដែលធ្វើឲ្យបរិវេណនោះមានការរលាក និងបណ្ដាលឲ្យមានចេញឈាមផងដែរ។
វិធីថែទាំគល់ទងផ្ចិត
ដើម្បីបញ្ឈប់កុំឲ្យរន្ធផ្ចិតចេញឈាម ចូរប្រើប្រាស់កុំប្រេសដែលស្អាតសង្កត់ថ្នមៗលើបរិវេណរន្ធផ្ចិត។ ប្រសិនបើទងផ្ចិតទារកនៅតែចេញឈាមមិនឈប់ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ ការថែទាំគល់ទងផ្ចិតត្រឹមត្រូវអាចការពារ ឬកាត់បន្ថយការចេញឈាមនៅត្រង់រន្ធផ្ចិត។ ប៉ាម៉ាក់គប្បីថែទាំគល់ទងផ្ចិតរបស់ទារកទើបកើតដូចខាងក្រោម។
- រក្សាបរិវេណផ្ចិតឲ្យស្ងួតល្អ៖ ការរក្សាបរិវេណគល់ទងផ្ចិតឲ្យស្ងួតល្អ អាចជួយឲ្យទងផ្ចិតដែលនៅសល់ក្រៀមស្វិត និងជ្រុះចេញដោយខ្លួនឯង។
- ងូតទឹកឲ្យទារកដោយប្រើអេប៉ុងជូតខ្លួន នៅពេលដែលគល់ផ្ចិតនៅជាប់នឹងផ្ចិតនៅឡើយ៖ ជំនួសឲ្យការដាក់ទារកទៅនឹងក្នុង ចូរប្រើប្រាស់អេប៉ុងដើម្បីលាងជម្រះរាងកាយរបស់កូន និងរក្សាបរិវេណនោះឲ្យស្ងួតល្អ។
- ដាក់បរិវេណនោះឲ្យត្រូវខ្យល់អាកាស៖ ការដាក់គល់ទងផ្ចិតឲ្យប៉ះខ្យល់អាកាសតិចតួចជារៀងរាល់ថ្ងៃ អាចជួយឲ្យបរិវេណនោះស្ងួតល្អ។
- ផ្លាស់ប្ដូរខោទឹកនោមឲ្យទារកឲ្យបានទៀងទាត់៖ ខោទឹកនោមដែលស្ងួត និងស្អាតអាចការពារទឹកនោម ឬលាមកដែលអាចទៅប៉ះពាល់ដល់បរិវេណទងផ្ចិត និងអាចការពារការឆ្លងមេរោគផ្សេងៗ។
- ទុកឲ្យទងផ្ចិតជ្រុះចេញដោយខ្លួនឯង៖ ការទាញ ឬបេះគល់ទងផ្ចិតចេញ មុនពេលដែលវាជ្រុះដោយខ្លួនឯង អាចបណ្ដាលឲ្យមានការឈឺចាប់ និងចេញឈាម ក៏ដូចជាអាចបណ្តាលឲ្យមានការឆ្លងមេរោគថែមទៀតផង។
[embed-health-tool-vaccination-tool]