ពិតណាស់ ប៉ាម៉ាក់តែងតែសង្កេតមើលខោទឹកនោមរបស់ទារករៀងរាល់ពេលផ្លាស់ប្ដូរខោទឹកនោមម្តងៗ ដើម្បីដឹងថាកូនទទួលបានទឹកដោះគ្រប់គ្រាន់ឬយ៉ាងណា។ ចាប់ពីពេលដែលទារកអាយុបាន៥ថ្ងៃ ពួកគេត្រូវផ្លាស់ប្ដូរខោទឹកនោមយ៉ាងហោចណាស់ចំនួន៥ ទើបអាចបញ្ជាក់ថាទារកទទួលបានទឹកដោះគ្រប់គ្រាន់។ នៅក្នុងករណីដែលទឹកនោមទារកមានក្លិនខ្លាំង តើប៉ាម៉ាក់គួរតែបារម្ភដែរឬទេ? ខាងក្រោមនេះ គឺជាមូលហេតុទាំង៤ ដែលធ្វើឲ្យទឹកនោមកូនតូចមានក្លិនខ្លាំង។
១. ទឹកនោមមានក្លិនខ្លាំង អាចជារឿងធម្មតា
ជាទូទៅ ទឹកនោមទារកដែលមានក្លិនខ្លាំងអាចជារឿងធម្មតា ប្រសិនបើ៖
- ទារកមានសុខភាពល្អ
- ទារកបង្ហាញពីសញ្ញាថា ពួកគេទទួលបានទឹកដោះគ្រប់គ្រាន់
- ទឹកនោមទារកមានពណ៌ស្រាល ទោះបីជាមានក្លិនខ្លាំងក៏ដោយ។
ទោះបីជាទឹកនោមទារកមានក្លិនតិចតួចក៏ដោយ នៅពេលដែលពួកគេធំឡើង វាអាចចាប់ផ្ដើមមានក្លិនអាម៉ូញាក់។ ម្យ៉ាងវិញទៀត ប៉ាម៉ាក់អាចមិនទាន់ស៊ាំជាមួយនឹងក្លិនបែបនេះ ដោយសារតែមិនធ្លាប់ផ្លាស់ប្ដូរខោទឹកនោមឲ្យទារក។
២. អាចជាការបង្ករោគប្រព័ន្ធទឹកនោម
ក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដាបានរកឃើញថា បញ្ហាទឹកនោមមានក្លិនខ្លាំងអាចពាក់ព័ន្ធជាមួយនឹងការបង្ករោគប្រព័ន្ធទឹកនោម។ ប៉ុន្តែ នេះមិនមែនមានន័យថា ទឹកនោមមានក្លិនខ្លាំង គឺសុទ្ធតែបណ្ដាលមកពីការបង្ករោគប្រព័ន្ធទឹកនោមទាំងអស់ឡើយ។ ជាក់ស្ដែង ចំនួន១/៣នៃទឹកនោមដែលមានក្លិនខ្លាំង ពុំមានការបង្ករោគនោះទេ។
យ៉ាងណាមិញ ប្រសិនបើទឹកនោមអាអូនមានក្លិនខ្លាំង រួមជាមួយនឹងអាការៈគ្រុនក្ដៅ ឬមិនស្រួលខ្លួន ប៉ាម៉ាក់គប្បីនាំកូនទៅជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។
៣. អាចមកពីអាហារម៉ាក់ៗញ៉ាំ
ប្រសិនបើម៉ាក់ៗបំបៅដោះអាអូន វាអាចមកពីអាហារដែលយើងញ៉ាំ ទើបធ្វើឲ្យទឹកនោមទារកមានក្លិនបែបនេះ។ ម៉ាក់ៗបំបៅដោះកូនមួយចំនួនបានឲ្យដឹងថា ការញ៉ាំទំពាំងបារាំង ខ្ទឹមបារាំង ឬខ្ទឹមស អាចធ្វើឲ្យទឹកនោមកូនមានក្លិនខុសពីធម្មតា។ ជាមួយគ្នានេះដែរ ប្រសិនបើម៉ាក់ៗលេបថ្នាំផ្សះ វាក៏អាចធ្វើឲ្យទឹកនោមទារកមានក្លិន ជាបណ្ដោះអាសន្នផងដែរ។
៤. ទារកអាចត្រូវការទឹកដោះបន្ថែម
មូលហេតុមួយទៀត ដែលទឹកនោមកូនមានក្លិនខ្លាំង គឺអាចមកពីទារកមិនទទួលបានទឹកដោះគ្រប់គ្រាន់។ ប្រសិនបើអាអូនមិនបានបៅគ្រប់គ្រាន់ ទឹកនោមអាចឡើងខាប់ មានក្លិនខ្លាំង និងមានពណ៌ស្រាលតិចតួច។
[embed-health-tool-vaccination-tool]