ទារកឡើងកន្ទួលលើស្បែក ឬមានបញ្ហាស្បែកវាអាចជារឿងទូទៅមួយកើតឡើងលើក្មេង ភាគច្រើនមិនបង្កជាគ្រោះថ្នាក់ដល់សុខភាពកូនទេ។ ចំពោះបញ្ហាខាងលើនេះ ម៉ាក់ប៉ាអាចព្យាបាលឲ្យកូនបានដោយប្រើថ្នាំលាបទៅលើកន្ទួល បញ្ហានឹងជាវិញហើយ។ ប៉ុន្តែ ម៉ាក់ប៉ាត្រូវចាំថា រាល់ថ្នាំទាំងអស់សុទ្ធតែមានផលរំខានតិច ឬស្រាលតាមប្រភេទថ្នាំ ហើយចំពោះថ្នាំលាបបំបាត់កន្ទួលលើស្បែកអាអូនក៏មានផលរំខានដូចគ្នាដែរ។
ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូនចុចត្រង់នេះ
ថ្នាំលាបលើស្បែក (Topical Ointment) ដែលម៉ាក់ប៉ាយកទៅប្រើពេលទារកឡើងកន្ទួលលើស្បែក ជួយកាត់បន្ថយការរលាកនៃស្បែក ដូច្នេះវានឹងកាត់បន្ថយការឡើងក្រហម និងរមាស់នៅលើស្បែករបស់កូនយើង។ ដូចនឹងថ្នាំដទៃទៀតដែរ ពពួកថ្នាំលាបបំបាត់កន្ទួលក៏មានផលរំខានអាចប៉ះពាល់ដល់កូនបានដែរដូចជា៖
- ស្បែកកូនអាចឡើងក្រហមនៅពេលយើងចាប់ផ្ដើមលាបថ្នាំដំបូងៗ
- អាអូនអាចឡើងអុចៗនៅលើស្បែក
- ពេលខ្លះស្បែកកន្លែងលាបថ្នាំអាចមានពណ៌ស្រាលជាងកន្លែងផ្សេង តែវានឹងត្រឡប់មកវិញក្រោយព្យាបាលរួច
- ប្រសិនបើអាអូនប្រើថ្នាំក្នុងរយៈពេលយូរ ស្បែកអាចប្រែជាស្ដើងជាងមុន អាចមានស្លាកស្នាម និងមើលឃើញដល់សរសៃឈាមតូចក្នុងស្បែក
- ថ្នាំលាបបំបាត់កន្ទួលអាចបណ្ដាលឲ្យមានការឆ្លងមេរោគដែលមិនបានព្យាបាល និងធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើស្បែកអាអូនកាន់តែក្រហម មានស្នាមអុចៗពណ៌ស ឬឡើងពងបែក ក្រោយប្រើថ្នាំ មានន័យថាស្បែកកូនឆ្លងមេរោគហើយ ត្រូវនាំកូនទៅជួបគ្រូពេទ្យពិនិត្យឲ្យបានត្រឹមត្រូវ។
បន្ថែមពីលើនេះ មុននឹងប្រើថ្នាំលាបពេលទារកឡើងកន្ទួលលើស្បែក ម៉ាក់ប៉ាត្រូវពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញអំពីរបៀបប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ។ នៅក្នុងថ្នាំលាបស្បែក ប្រើសម្រាប់ព្យាបាលបញ្ហាលើស្បែកភាគច្រើនមានផ្ទុកសារធាតុស្តេរ៉យ ហើយសារធាតុមួយនេះ កាលណាបើប្រើក្នុងរយៈយូរ អាចបង្កជំងឺ Cushing Syndrome ដែលបណ្ដាលមកពីការស្រូបចូលតាមស្បែកយ៉ាងច្រើននូវសារធាតុ ស្តេរ៉យ ផងដែរ។
ចំណាំ៖ មុននឹងសម្រេចប្រើថ្នាំអ្វីមួយលើកូន មិនថាថ្នាំញ៉ាំតាមមាត់ ឬលាបលើស្បែកទេ ត្រូវសួរយោបល់ពីគ្រូពេទ្យជំនាញច្បាស់លាស់ ដើម្បីការពារគ្រោះថ្នាក់ដោយការប្រើថ្នាំផ្សេងៗលើកូន។ ម៉្យាងវិញទៀត ពេលកូនឈឺ ម៉ាក់ប៉ាមិនត្រូវប្រើថ្នាំតាមការណែនាំរបស់អ្នកស្គាល់គ្នា ដែលមិនមែនជាអ្នកជំនាញដាច់ខាត។
[embed-health-tool-vaccination-tool]