បញ្ហាអាចកើតចំពោះអាអូនទើបកើត អាចមានច្រើន តែក្នុងចំណោមនោះ ស្បែកស្ងួត ក៏អាចជាបញ្ហារំខានដល់កូនសំណព្វ និងធ្វើឲ្យម៉ាក់ប៉ា មិនស្រណុកចិត្តដែរ។ ទោះបញ្ហាស្បែកស្ងួតអាចកើតឡើងលើមនុស្សគ្រប់វ័យ ឬមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត តែអាចនាំឲ្យមានហានិភ័យដូចគ្នា ធ្វើឲ្យរលាកស្បែកបង្កជាស្នាម បើសិនមិនព្យាបាលត្រឹមត្រូវ។ ម៉េចបានស្បែកកូនយើងស្ងួត? ដោះស្រាយម៉េចទៅ?
១- មូលហេតុបង្កឲ្យស្បែកស្ងួត
បេប៊ីភាគច្រើនមានស្បែកស្ងួតតាំងពីពេលទើបកើត ជាពិសេសបើអូនៗសម្រាលក្រោយសប្តាហ៍ទី ៤០។ អាការៈស្បែកស្ងួតនេះ ធម្មតានឹងបាត់ទៅវិញដោយឯកឯង ប៉ុន្តែនៅមានកត្តាមួយចំនួនក៏អាចបណ្តាលឲ្យស្បែកស្ងួតដែរ។ កត្តាទាំងនោះមានដូចជា៖
– ងូតទឹកញឹកញាប់ ប្រើសាប៊ូច្រើន៖ ប្រើសាប៊ូដុសសម្អាតអូនៗលើសកម្រិត នឹងធ្វើឲ្យជាតិសើមលើស្បែកបាត់បង់ បណ្តាលឲ្យស្បែកស្ងួត។
– អាកាសធាតុប្រែប្រួល៖ ក្តៅពេក ឬត្រជាក់ពេក អាចធ្វើឲ្យស្បែកទារកស្ងួតដូចគ្នា។
-ជំងឺហ្សែន ឬជំងឺកម្រផ្សេងៗ៖ ជំងឺត្រអក និងជំងឺ Ichthyosis (ជំងឺស្បែកពីកំណើត)។
២- ពេលណាគួរទៅពេទ្យ?
កុំអែអង់យូរ យកអូនៗទៅពេទ្យភ្លាម បើប្រទះឃើញមានសញ្ញាណាមួយខាងក្រោម៖
– ឈឺ មានរលាក
– ឡើងបន្ទះៗក្រហម និងរមាស់
– ចាប់ផ្តើមមានសញ្ញាឆ្លងមេរោគ
– អាការៈស្បែកស្ងួតនៅតែមិនបាត់ ឬក៏កាន់តែធ្ងន់ធ្ងរ។
៣- វិធីព្យាបាលបញ្ហាស្បែកស្ងួត
– កាត់បន្ថយពេលវេលាងូតទឹក កុំងូតទឹកអូនអូនយូរពេក ពិនិត្យសីតុណ្ហភាព (កុំក្តៅពេក ឬត្រជាក់ពេក)។ ក្នុងរដូវរងា មិនចាំបាច់ងូតទឹកឲ្យកូនរាល់ថ្ងៃក៏បាន។
– លាបឡេ ឬផលិតផលជួយស្បែកមានសំណើម ក្រោយងូតទឹកអូនអូនរួច (ផលិតផលផ្សំដោយសារធាតុធម្មជាតិ ប្រសើរជាងផលិតផលផ្សំពីសារធាតុគីមី)។
– ក្រោយព្យាបាលជា តែបញ្ហាស្បែកស្ងួតកើតឡើងជាថ្មី ត្រូវកត់សម្គាល់មូលហេតុបង្ក និងពេលវេលាតែងកើត (ឧ. ក្នុងរដូវរងា) ដើម្បីការពារបេប៊ីឆ្លងរោគផ្សេងៗ។
– ក្រោយលេងទឹក មិនថាក្នុងអាង ឬទឹកសមុទ្រ ត្រូវលាងសម្អាតអូនអូនដោយទឹកស្អាត ព្រោះសារធាតុក្លរីនក្នុងអាងទឹក និងទឹកអំបិល សុទ្ធតែអាចបង្កឲ្យស្បែកអាអូនស្ងួតដូចគ្នា។
[embed-health-tool-vaccination-tool]