តើអ្វីនឹងមានតម្លៃដ៏ក្រៃលែងជាងពេលឃើញស្នាមញញឹមរបស់កូនជាទីស្រឡាញ់លើកដំបូងនោះ? តើពេលកូនចាប់ផ្ដើមបញ្ចេញស្នាមញញឹមបញ្ជាក់ពីអ្វីខ្លះ? ការញញឹមគឺដំណាក់កាលសំខាន់មួយ ផងដែរដែលសម្គាល់ថាទារកតូចពេលនេះជាមនុស្សដែលចេះចាប់ផ្ដើមបង្កើតទំនាក់ទំនង និងចេះសម្គាល់ហើយ។
១. តើការញញឹមលើកដំបូងរបស់អូនៗអាចប្រាប់ប៉ាម៉ាក់ពីអ្វីខ្លះ?
ការញញឹមដំបូងនោះបានប្រាប់ប៉ាម៉ាក់យ៉ាងច្រើនអំពីការអភិវឌ្ឍរបស់ទារក។ ការញញឹមនេះគូសបញ្ជាក់ថាគំហើញរបស់កូនគឺស្ថិតនៅលើលំអានគន្លងត្រឹមត្រូវ មានសុខភាពភ្នែកល្អហើយ។ ដូចគ្នាដែរ កូនបានកើនមាននូវសមត្ថភាពក្នុងការស្គាល់របស់ផ្សេងៗ។ ខួរក្បាល និងប្រព័ន្ធប្រសាទកូនពេលនេះបានវិវឌ្ឍពេញទំហឹងហើយ។ អូនៗលែងផលិតការញញឹមជារេផ្លិចទៀតហើយ តែគេញញឹមដើម្បីសម្តែងចេញនូវអារម្មណ៍ និងដើម្បីប្រាស្រ័យផ្តោះប្តូរព័ត៌មានជាមួយមនុស្សដទៃទៀត។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចរាក ឬក្តៅខ្លួន អាចឲ្យញ៉ាំទឹកផ្លែឈើបានអត់?
- បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ?
- Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)
- ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត
២. ស្នាមញញឺមដំបូងចេញមកនៅពេលណា?
នៅត្រឹមអាយុបានពីរខែ ទារកនឹងឈប់ញញឹមដោយរេផ្លិចទៀតហើយ។ សម្រាប់ការញញឹមមែនទែន នឹងលេចចេញមកនៅមុនពេលទារកប្រែចូលអាយុ ៣ខែ។ តាមធម្មតា ការញញឹមដោយរេផ្លិច គឺខ្លីជាង និងកើតមានភ្លាមៗ ពេលទារកកំពុងតែដេក ឬអស់កម្លាំងជាដើម។ ទន្ទឹមនឹងនេះ ការញញឹមមែនទែនកើតមាននៅក្រោមល័ក្ខខ័ណ្ឌ កូនឆ្លើយតបទៅនឹងរបស់ ឬព្រឹត្តិការណ៍ជាក់លាក់ណាមួយ ហើយមានភាពជាប់លាប់។ ការញញឹមមែនទែននឹងមកជាមួយអារម្មណ៍ដែលត្រូវបានសម្តែងនៅក្នុងភ្នែកទារកផងដែរ។
យើងក៏អាចជំរុញលើកទឹកចិត្តទារកឲ្យញញឹមដោយវិធីជាច្រើនផងដែរ។ រឿងសាមញ្ញបំផុតគឺនិយាយនឹងកូននេះឯង។ ពេលផ្សេងទៀត យើងអាចធ្វើការសម្លឹងចំភ្នែក ឬញញឹមជាមួយកូនឲ្យបានទៀងទាត់ជាប្រចាំ។ អ្នកខ្លះ ជ្រើសរើសធ្វើសំឡេងគួរឲ្យចង់សើច ដូចជាសំឡេងសត្វ ដើម្បីឲ្យកូនញ្ញឹម។ ការធ្វើទឹកមុខគួរឲ្យអស់សំណើចក៏ជួយឲ្យកូនញញឹមបានដែរ ដូចជាការធ្វើត្រាប់តាមអាកប្បកិរិយាសត្វ ឬលេងពួនហើយពញ្ញាក់ ជាដើម។ ក្នុងអំឡុងការជំរុញឲ្យមានញញឹមទាំងនេះ យើងក៏គួរផ្តល់ឱកាសដល់កូននូវពេលវេលាដើម្បីឆ្លើយតបដែរ។ គ្រាន់តែរឿងដែលត្រូវចងចាំគឺ កុំធ្វើសកម្មភាពទាំងនោះហួសច្រើនពេក។ ការភ្ញោចខ្លាំងពេកធ្វើឲ្យទារកបាត់បង់ចំណាប់អារម្មណ៍ ដោយសារកូនមិនអាចចាត់ចែងដំណើរការអារម្មណ៍ច្រើនបែបនោះឡើយ។
៣.ពេលកូនញញឹមប៉ាម៉ាក់នឹងរំពឹងអ្វីពីកូន?
នៅពេលកូនចាប់ផ្ដើមដឹងរបៀបញញឹម នោះកូននឹងបន្តសើចស្ញាញពីពេលមួយទៅពេលមួយទៀត។ ហេតុអ្វី? ព្រោះរាល់លើកដែលកូនញញឹម យើងនឹងត្រូវមានប្រតិកម្មយ៉ាងវិជ្ជមានជានិច្ច។ អូនៗស្រឡាញ់ចូលចិត្តបែបនេះ ហេតុនេះកូននឹងញញឹមម្តងហើយម្តងទៀត។ ពេលដំបូង កូនអាចបង្ហាញទឹកមុខរីករាយដើម្បីឆ្លើយតបទៅនឹងការជំរុញ ឬការភ្ញោចនានាដើម្បីឲ្យគេញញឹម។ ក្រោយមកទៀតពេលគំហើញរបស់កូនកាន់តែប្រសើរហើយ គ្រាន់តែឃើញអ្វីមួយដែលគេស្រឡាញ់ចូលចិត្តនឹងធ្វើឲ្យគេញញឹមមិនខាន។ មុនពេលកូនយើងចូលដល់អាយុ ៥ខែ កូនអាចនឹងធ្វើឲ្យប៉ាម៉ាក់ភ្ញាក់ផ្អើលដោយការសើចចេញសំឡេងឮៗមិនខាន។
៤.តើត្រូវប្រុងប្រយ័ត្នអ្វីដែរ?
ទារកនីមួយៗមានការញញឹមដំបូងរបស់ខ្លួននៅពេលវេលាខុសគ្នា ទារកខ្លះអាចឆាប់ជាងនេះ និងទារកខ្លះទៀតត្រូវការពេលវេលាច្រើនថែមទៀត។ យ៉ាងនេះក្តី ប្រសិនបើនៅអាយុបានបីខែហើយនោះ យើងនៅតែមិនឃើញសញ្ញាណាមួយនៃការញញឹមរបស់ទារក សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញរោគកុមារ។
[embed-health-tool-vaccination-tool]