នរណាក៏ដឹងដែរថា ទឹកម្តាយសម្បូរជីវជាតិច្រើនមុខ អាចឲ្យអូនតូចលូតលាស់បានល្អ ចៀសផុតពីជំងឺផ្សេងៗ។ ខណៈរវល់ការងារ មិនសូវមានពេលវេលាគ្រប់គ្រាន់ ម៉ាក់ៗមួយចំនួនមិនបានបំបៅដោះកូននោះទេ ឬអ្នកខ្លះទៀតឲ្យបេប៊ីម៉ឹមដោះពេលយប់ ឯពេលថ្ងៃបៅទឹកដោះគោជំនួស។ តើការឲ្យបេប៊ីញ៉ាំទឹកដោះគោ លាយទឹកដោះម្តាយ អាចមានផលប៉ះពាល់ទេ?
បើតាមការបកស្រាយរបស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកឯកទេសអាហារូបត្ថម្ភ ការឲ្យទារកបៅទឹកដោះម្តាយលាយជាមួយទឹកដោះគោ បង្កផលប៉ះពាល់ច្រើនបំផុត។ ផលប៉ះពាល់ទាំងនោះរួមមាន៖
– ទារកប្រឈមខ្ពស់នឹងជំងឺមួយចំនួន ពិសេសរាករូស និងរលាកបំពង់ក
– ងាយនឹងខ្វះអាហារូបត្ថម្ភ
– ធ្វើឲ្យការផលិតទឹកដោះថយចុះ
– ទារកលែងចង់បោះដៅម៉ាក់ៗតទៅទៀត។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល
តើធ្វើម៉េចឲ្យកូនម៉ឹមដោះម៉ាក់បាន ៦ខែ??
ម៉ាក់ៗទោះជារវល់យ៉ាងណាក៏ត្រូវគិតពីសុខភាពកូនដែរ ចង់ឲ្យបេប៊ីម៉ឹមទឹកដោះយើងបានយ៉ាងហោចណាស់ ៦ខែ មានវិធីតើ មិនបាច់ឲ្យអាអូនបៅលាយទឹកដោះគោទេ។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី បានណែនាំឲ្យម៉ាក់ៗច្របាច់ទឹកដោះទុកក្នុងកែវ ឬពែង ឲ្យកូនញ៉ាំពេលយើងមិននៅផ្ទះ។
ទឹកដោះម្តាយអាចទុកបានប៉ុន្មានម៉ោង?
ទឹកដោះម្តាយអាចច្របាច់ទុកបានដល់ទៅ ៤ ម៉ោងឯណោះ ក្នុងបរិយាកាសធម្មតា និង ១២ ម៉ោង បើយើងទុកក្នុងធុង ឬទូរទឹកកក។ កន្លែងរក្សាទុកទឹកដោះ ម៉ាក់ៗត្រូវប្រាកដថាមានអនាម័យ និងត្រូវគ្របឲ្យជិត បង្ការមិនឲ្យសត្វល្អិត ឬធូលីហុយចូល។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានលើកទឹកចិត្តឲ្យម្តាយបំបៅកូនដោយទឹកដោះតែមួយមុខគត់ ចាប់ពីកើតរហូតដល់អូនតូចអាយុបាន ៦ខែ រួចបន្តបំបៅកូនរហូតដល់អាយុ២ ឆ្នាំ រួមជាមួយការផ្តល់អាហារបន្ថែមផ្សេងៗ។
[embed-health-tool-vaccination-tool]