ម៉ាក់ប៉ាមួយចំនួនជ្រើសរើសយកទឹកសុទ្ធ ទឹកមានជាតិរ៉ែ ដែលមានលក់នៅតាមផ្សារទំនើប ឱសថស្ថាននានា មកឆុងម្សៅទឹកដោះគោឲ្យកូនតូចម៉ឹម ខណៈមួយចំនួនតូចទៀតជ្រើសរើសទឹកដាំពុះ។ រវាងទឹកដាំពុះ ទឹកបរិសុទ្ធ ទឹកមានជាតិរ៉ែ តើមួយណាជាជម្រើសល្អបំផុតសម្រាប់ឆុងម្សៅទឹកដោះគោឲ្យកូនម៉ឹម?
ក្នុងបទសម្ភាសជាមួយ Hello គ្រូពេទ្យ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី បានបញ្ជាក់ថា ក្បូនពេទ្យ ទឹកដែលល្អសម្រាប់ក្មេង គឺទឹកឆ្អិន ទឹកគ្មានមេរោគ។
ចំពោះទារកដែលកើតមិនគ្រប់ខែ ទារកកើតមកមិនគ្រប់គីឡូ ដែលមានសុខភាពខ្សោយនោះ គ្រូពេទ្យតម្រូវឲ្យប្រើ Sterilized water (ទឹកដែលបានពីរំហួតទឹកដាំ) ទឹកដែលគេប្រើសម្រាប់លាយថ្នាំ។ “ទឹកនោះថ្លៃខ្លាំងណាស់ ដោយទឹកប្រភេទនេះគេប្រើសម្រាប់តែក្មេងកើតមកមិនគ្រប់គីឡូប៉ុណ្ណោះ អ៊ីចឹងទឹកដែលប្រើ គឺជាទឹកពិសេស ជាទឹកគ្មានមេរោគ កាលណាមានមេរោគចូលទៅ ក្មេងទាំងនោះឈឺធ្ងន់’។
ចំពោះក្មេងកើតមកមានសុខភាពល្អធម្មតា លោកស្រីវេជ្ជបណ្ឌិតថា តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក គឺត្រូវប្រើទឹកដាំពុះ ដើម្បីឆុងទឹកដោះឲ្យកូន។
ហេតុអីត្រូវដាំទឹកឲ្យពុះ សម្រាប់ឆុងទឹកដោះគោឲ្យកូន? លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបញ្ជាក់ថា ទឹកប្រភពណាក៏ដោយ ត្រូវតែដាំឲ្យពុះ ព្រោះអីកម្តៅមកពីទឹកពុះអាចសម្លាប់មេរោគបានទាំងអស់។ ចំណុចពិសេសមួយទៀតនោះ បើសិនជាម៉ាក់ប៉ាឆុងម្សៅទឹកដោះគោជាមួយទឹកក្តៅឧណ្ហៗ កូនតូចក៏អាចចៀសពីបញ្ហាទល់លាមកទៀត។

វិធីឆុងទឹកដោះកូនត្រឹមត្រូវ៖
១. សម្អាតបរិវេណឆុងទឹកដោះគោកូនឲ្យស្អាត
២. ត្រូវលាងដៃឲ្យស្អាត មុននឹងឆុងទឹកដោះឲ្យកូន
៣. យកទឹកដាំពុះ ឬទុកឲ្យត្រជាក់ឧណ្ហៗចាក់ចូលកំប៉ុងឆុងទឹកដោះគោ
៤. ដួសម្សៅទឹកដោះដាក់ក្នុងកំប៉ុងទៅតាមបរិមាណទឹក
៥. លុញ ឬក្រឡុកទឹកដោះគោ និងទឹកតិចៗឲ្យសព្វ
៦. យកទឹកដោះគោទៅត្រាំទឹកត្រជាក់ បើក្តៅខ្លាំងពេក
៧. ត្រាំរួច ដកមកជូតឲ្យស្ងួតទឹក មុននឹងឲ្យកូនម៉ឹម
៨. ចាក់ទឹកដោះលើដៃ តើត្រជាក់ល្មមឲ្យបៅ ឬនៅ?
អត្ថបទពាក់ព័ន្ធ៖
- ៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ
- ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]