មានម៉ាក់ៗចំនួនតូចបានជ្រើសរើសឲ្យកូនបៅទឹកដោះគោ ព្រោះគិតថាការបំបៅកូនដោយទឹកដោះ អាចបណ្ដាលឲ្យបាត់បង់សោភ័ណភាពដើមទ្រូង ពោលយារធ្លាក់ លែងមូលក្លំស្រស់ស្អាតដូចពីមុន។
ប៉ុន្តែលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានបកស្រាយថា ការបំបៅដោះកូន មិនមែនជាមូលហេតុនាំឲ្យសុដន់យារធ្លាក់ឡើយ តែការបំបៅដោះកូនពិតជាជំនួយដល់សុខភាពទាំងម្ដាយ និងកូន ហើយអត្ថប្រយោជន៍នៃការបំបៅដោះកូន គឺវាជួយពង្រឹងភាពស្និទ្ធស្នាលរវាងម្ដាយ និងកូនថែមទៀតផង។ ទឹកដោះម្ដាយ ជាប្រភពនៃអាហារធម្មជាតិ និងអាហារបំប៉នគ្មានជាតិគីមី។ ខាងក្រោមនេះជាការពិតមួយចំនួនទាក់ទងនឹងអត្ថប្រយោជន៍នៃបំបៅដោះកូន និងដើមហេតុធ្វើឲ្យសុដន់យារធ្លាក់។
– ការពិតទី១
ស្ត្រីភាគច្រើនគិតថាការបំបៅដោះកូនអាចធ្វើឲ្យសុដន់យារធ្លាក់។ តែអ្នកជំនាញនិយាយ ថាការបំបៅដោះកូន មិនមែនជាមូលហេតុតែមួយនៅពីក្រោយខ្នងបញ្ហាសុដន់យារធ្លាក់នោះទេ តែនៅមានកត្តាជាច្រើនផ្សេងទៀត ។
– ការពិតទី២
តាមការសង្កេតមើលពីអ្នកជំនាញជាច្រើនបានអះអាងថា ការបំបៅដោះកូនអាចធ្វើឲ្យស្បែកនៅលើដើមទ្រូងមានសុខភាពល្អ។
– ការពិតទី៣
ពេលមានផ្ទៃពោះប៉ះពាល់ដល់សុដន់ច្រើនជាងពេលបំបៅដោះកូន។ ក្នុងពេលមានផ្ទៃពោះ ការផលិតទឹកដោះចាប់ផ្ដើមឡើងទំហំ និងទ្រង់ទ្រាយនៃសុដន់នឹងប្រែប្រួល ។
– ការពិតទី៤
កត្តាហ្សែន ក៏ជាអ្នកកំណត់លើទ្រង់ទ្រាយទំហំ និងភាពតឹងណែនមូលក្លំរបស់សុដន់យើងដែរ។
– ការពិតទី៥
កត្តាផ្សេងទៀតដូចជាអាយុចំនួនដងនៃការមានផ្ទៃពោះ ទម្លាប់ជក់បារី ខ្លាញ់ក្នុងរាងកាយ និងកម្រិត នៃភាពសកម្មក្នុងជីវិតក៏ដើរតួនាទីក្នុងការធ្វើឲ្យសុដន់តឹងណែន ឬយារធ្លាក់ផងដែរ។
– ការពិតទី៦
ការបំបៅដោះកូនអាចជួយកាត់បន្ថយពីជំងឺមហារីកសុដន់ និងមហារីកអូវែមុនពេលអស់រដូវ។
[embed-health-tool-vaccination-tool]