ម៉ាក់ៗជាច្រើនសម្រេចចិត្តបំបៅដោះកូន ព្រោះយល់ថាទឹកដោះម្តាយមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលមានអត្ថប្រយោជន៍សម្រាប់ទារកទើបនឹងកើត។
ជាការពិតណាស់ទារកដែលទទួលបានអាហារូបត្ថម្ភតាមរយៈការបំបៅដោះក្នុងរយៈពេល៦ខែដំបូងតែមួយមុខគត់នៃជីវិតរបស់ពួកគេ ភាគច្រើនជួបប្រទះនូវការចម្លងមេរោគ និងការរាករូសតិចតួច។
យ៉ាងណាមិញ តើទឹកដោះម្តាយពិតជាអាចព្យាបាលកន្ទួលប្រកបដោយប្រសិទ្ធភាពខ្ពស់ដែរឬទេ?
១.ទារកតែងមានកន្ទួលលើស្បែក
បើតាមគ្រូពេទ្យ ទារកមានស្បែកងាយប្រតិកម្ម ដូច្នេះហើយទើបប៉ាម៉ាក់តែងព្រួយបារម្ភ នៅពេលឃើញកន្ទួលនៅលើខ្លួនកូនៗជាទីស្រលាញ់។
ជួនកាល វាគឺជារឿងធម្មតាសម្រាប់ទារកដែលកើតមានកន្ទួលនៅលើស្បែក។ ជាក់ស្តែង កន្ទួលលើស្បែករបស់ទារក ជាទូទៅពុំបង្កនូវគ្រោះថ្នាក់ និងអាចព្យាបាលនៅផ្ទះដោយខ្លួនឯងបាន។
ឧទាហរណ៍ ដូចជារោគរលាកស្បែក ឬកន្ទួលដោយសារខោទឹកនោម។ វាកើតឡើងនៅពេលស្បែកទារកប៉ះពាល់ទៅនឹងខោទឹកនោមដែលសើម និងកខ្វក់រយៈពេលយូរ។ ដំណោះស្រាយជាទូទៅ សម្រាប់បញ្ហាកន្ទួលដោយសារខោទឹកនោម គឺយើងត្រូវផ្លាស់ប្តូរខោទឹកនោមជាទៀងទាត់ និងប្រើប្រភេទថ្នាំលាប ឬក្រែមសម្រាប់កន្ទួលលើស្បែក។
មានការលើកឡើងដ៏គួរឲ្យចាប់អារម្មណ៍មួយថា ម៉ាក់ៗមួយចំនួនប្រើប្រាស់ទឹកដោះម្តាយ សម្រាប់ព្យាបាលកន្ទួលលើខ្លួនរបស់កូន ហើយទទួលបាននូវប្រសិទ្ធភាព។ តើវាគឺជាការពិតដែរឬទេ?
២.តើទឹកដោះម្តាយអាចជួយព្យាបាលកន្ទួលបានយ៉ាងដូចម្តេច?
មុនពេលដែលយើងពិភាក្សាអំពីការសិក្សាលើប្រសិទ្ធិភាពនៃទឹកដោះម្តាយ ចំពោះការព្យាបាលកន្ទួល យើងមកធ្វើការវិភាគអំពីសារធាតុចិញ្ចឹមនៅក្នុងទឹកដោះម្តាយ ដែលអាចជួយព្យាបាលកន្ទួលដែលកើតមាននៅលើស្បែកទារកជាមុនសិន។
អ្នកជំនាញជាច្រើនបានលើកឡើងថា ទឹកដោះម្តាយ មានសារជាតិប្រឆាំងនឹងការរលាក។ ប្រូតេអ៊ីននៅក្នុងទឹកដោះម្តាយ អាចជួយប្រឆាំងនឹងមេរោគ ក៏ដូចជាបាក់តេរី ហើយមានផ្ទុកនូវកត្តាលូតលាស់ ដែលអាចជួយធ្វើឲ្យរបួសឆាប់ជាសះស្បើយថែមទៀតផង។
សារធាតុទាំងនេះ គឺជាឱសថដ៏សក្ដិសិទ្ធិសម្រាប់ចុងសុដន់ដែលឈឺ ឬស្ងួតប្រេះ។ អ្នកស្រាវជ្រាវក៏បានអះអាងថា ទឹកដោះម្តាយមានគុណប្រយោជន៍នៅក្នុងការព្យាបាលរបួស ដែលប្រៀបបានទៅនឹងខ្លាញ់ចម្រាញ់ពីរោមចៀម (Lanolin) ដែលជាក្រែមផ្តល់សំណើមដល់បបូរមាត់ ឬចុងសុដន់ដែលស្ងួតប្រះ។
យ៉ាងណាមិញ តើទឹកដោះម្តាយ អាចព្យាបាលកន្ទួលដែលកើតមាននៅលើខ្លួនរបស់ទារកដែលទើបនឹងកើតដែរឬទេ?
ដោយសារតែម៉ាក់ៗជាច្រើនបានអះអាងថា ទឹកដោះម្តាយពិតជាមានប្រសិទ្ធភាពសម្រាប់ការព្យាបាលកន្ទួល អ្នកស្រាវជ្រាវបានព្យាយាមបញ្ជាក់លើការអះអាងនេះ ដោយធ្វើការសិក្សាមួយចំនួន។
ការស្រាវជ្រាវដែលមានចំណងជើងថា ការព្យាបាលដោយទឹកដោះ បានពិនិត្យឡើងវិញលើឯកសារមួយចំនួនទាក់ទិននឹងទឹកដោះម្តាយ និងស្ថានភាពស្បែកទារក។ យ៉ាងណាមិញ ពួកគេបានរកឃើញថា លទ្ធផលពុំមានភាពស៊ីចង្វាក់គ្នានោះទេ។
ការសិក្សាមួយ បានបង្ហាញថា វាគ្មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺត្រអកឡើយ។ ប៉ុន្តែ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា ការស្រាវជ្រាវមួយចំនួននៅមានកម្រិតនៅលើយ ដូចជាមានអ្នកចូលរួមតែ៦នាក់ប៉ុណ្ណោះ។
លើសពីនេះទៅទៀត អ្នកចួលរួមពីរនាក់បានទទួលនូវទឹកដោះម្តាយ ដែលសម្រាប់ទារកមានវ័យក្មេងជាងខ្លួន។ មានន័យថា ទារកទាំងពីរនោះ មិនមែនជាទារកដែលទើបនឹងកើតទៀតឡើយ ពួកគេមានអាយុ១៨ខែកន្លះទៅហើយ។
៣.ប្រសិទ្ធភាពនៃទឹកដោះម្ដាយចំពោះជំងឺត្រអក
នៅពេលដែល អ្នកសិក្សាក្រលេកមកមើលការសិក្សាមួយផ្សេងទៀត ដែលមានអ្នកចូលរួមជាទារក១១៤នាក់ ពួកគេរកឃើញថា វាទទួលបានលទ្ធផលជាវិជ្ជមាន។
នៅក្នុងការស្រាវជ្រាវ អ្នកស្រាវជ្រាវប្រៀបធៀបលទ្ធផលក្នុងការព្យាបាលដោយទឹកដោះម្តាយ និងហ៊ីដ្រូខូធីសូន១% (Hydrocortisone) លើជំងឺត្រអក។
រយៈពេល២១ថ្ងៃក្រោយ លទ្ធផលបង្ហាញថា ទារកដែលជាសះស្បើយមានចំនួន៨១,៥% ដោយប្រើទឹកដោះមនុស្ស។ នៅក្នុងក្រុមហ៊ីដ្រូខូធីសុន វាមានចំនួន៧៦%។ ពួកគេសន្និដ្ឋានថា ទឹកដោះម្តាយ «អាចធ្វើឲ្យប្រសើរឡើង» នូវជំងឺត្រអក ដោយទទួលបានលទ្ធផលដូចគ្នាទៅនឹងការព្យាបាលដោយប្រើក្រែមលាបហ៊ីដ្រូខូធីសុន។
ការសាកល្បងដោយប្រើវិធីសាស្រ្តស្រដៀងគ្នាមួយនោះគឺ ពួកគេបែងចែកអ្នកចូលរួមជាទារក ដែលកើតជំងឺត្រអកជាពីរក្រុម។ ក្រុមទី១ ម៉ាក់ៗត្រូវលាបទឹកដោះនៅលើស្បែកទារក បន្ទាប់ពីបំបៅដោះរួច ហើយក្រុមមួយទៀតទទួលបានក្រែមហ៊ីដ្រូខូធីសុនសម្រាប់ការព្យាបាល។
ចុងក្រោយ ពួកគេសន្និដ្ឋានថា ពុំមានភាពខុសគ្នារវាងប្រសិទ្ធភាពនៃទឹកដោះម្តាយ និងហ៊ីដ្រូខូធីសូន១% នៅក្នុងការព្យាបាលជំងឺត្រអកកម្រិតស្រាល និងមធ្យមឡើយ។
៤.លទ្ធផលនៃទឹកដោះម្តាយលើកន្ទួលដោយខោទឹកនោម
នៅក្នុងការសិក្សាមួយ អ្នកស្រាវជ្រាវបានបែងចែកទារក៣០នាក់ ដែលមានរោគរលាកស្បែកជា២ក្រុម។ ពួកគេឲ្យម្ដាយនៅក្នុងក្រុមពិសោធន៍ លាបទឹកដោះនៅលើស្បែកចំនួន៣ដងក្នុងមួយថ្ងៃនិងមួយក្រុមទៀតពុំបានទទួលនូវការព្យាបាលណាមួយឡើយ។
រយៈពេល៥ថ្ងៃក្រោយ ៨០%នៃអ្នកចូលរួមមកពីក្រុមពិសោធន៍ បង្ហាញថាកន្ទួលមានភាពប្រសើរឡើង។ ចំណែកឯទារកនៅក្នុងក្រុមទទួលការព្យាបាល មានចំនួន២៦,១%ប៉ុណ្ណោះ។
នៅពេលការសិក្សាមួយទៀត លើការប្រៀបធៀបលទ្ធផលព្យាបាលនៃទឹកដោះមនុស្ស និងក្រែមបារ៉ឺអឺ (Barrier Cream) សម្រាប់កន្ទួលដោយខោទឹកនោម លទ្ធផលបង្ហាញថា ក្រែមបារ៉ឺអឺមានប្រសិទ្ធភាពជាង។
៥.លទ្ធផលទឹកដោះម្តាយលើមុនរបស់ទារក
គេហទំព័រ និងប្លុកទាក់ទងនឹងឪពុកម្តាយមួយចំនួន បានលើកឡើងថា ទឹកដោះម្តាយមានប្រសិទ្ធភាពដែរ ក្នុងការព្យាបាលមុនលើទារក។ យោងតាមការអះអាងផ្សេងៗ ការលាបទឹកដោះម្តាយនៅលើផ្ទៃមុខដែលកើតមុនរបស់ទារក នឹងធ្វើឲ្យមានភាពប្រសើរឡើង។
កន្ទួលលើស្បែកមុនខ កើតឡើងនៅពេលទារកដែលទើបនឹងកើត ប៉ះពាល់ទៅនឹងអ័រម៉ូនរបស់ម្តាយ នៅពេលដែលទារកនៅក្នុងស្បូន។ បញ្ហានេះ មិនត្រូវការការព្យាបាលនោះទេ។
ក្រុមវេជ្ជបណ្ឌិតបានលើកឡើងថា មុនទាំងនោះនឹងបាត់ទៅវិញដោយខ្លួនឯង។ ប៉ាម៉ា់ក់គប្បីលាងសម្អាតផ្ទៃមុខរបស់ទារកម្តងក្នុងមួយថ្ងៃ ជាមួយនឹងសាប៊ូដែលពុំមានជាតិកាត់ និងទឹកធម្មតា។
ទោះជាយ៉ាងនេះក៏ដោយ ពុំមានការសិក្សាអំពីលទ្ធផលទឹកដោះម្តាយចំពោះបញ្ហាមុននោះទេ។ អ្នកជំនាញមួយចំនួន បានគាំទ្រគំនិតនេះ ដោយចង្អុលបង្ហាញថា សារធាតុគីមីនៅក្នុងទឹកដោះម្តាយ អាចជួយបាន ប៉ុន្តែក្រៅពីនោះ យើងក៏មានលទ្ធផលនៃការសាកល្បងរបស់ឪពុកម្តាយនៅលើប្រព័ន្ធអនឡាញផងដែរ។
[embed-health-tool-vaccination-tool]