ម៉ាក់ប៉ាដែលឲ្យកូនបៅទឹកដោះគោ ត្រូវទាមទារថែទាំ និងយកចិត្តទុកដាក់ខ្ពស់ ព្រោះបើហ៊ានតែប្រហែសអាចនាំទុក្ខដល់កូនភ្លាមៗ ហើយមិនងាយស្រួលដូចកូនបៅទឹកដោះម៉ាក់ៗឡើយ។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ម៉ាក់ប៉ាចង់ឲ្យកូនបៅទឹកដោះគោត្រូវចេះសង្កេតមើលកាលកំណត់ និងធាតុផ្សំនានា ដើម្បីដឹងថា កូនយើងបៅត្រូវជាមួយវាដែរឬទេ។ លោកបន្ថែមទៀតថា កាលណារបស់ហួសដឺឡេ គុណភាពបានន័យថាខូចគុណភាពហើយ ដូចនេះបើកូនបៅទៅប្រាកដជាមានបញ្ហាហើយដូចជា រាក ក្អួត ឈឺពោះជាដើម។
លោកបានបន្ថែមទៀតថា កាលណាហួសដឺឡេហើយម្សៅទឹកដោះគោមានសភាពឡើងរឹងដុំៗ ដូចនេះហើយម៉ាក់ប៉ាត្រូវតែប្រយ័ត្ន និងពេលទិញត្រូវចេះមើលផលិតផលដែលមានការចុះលេខផុតកំណត់ មានក្រុមហ៊ុនច្បាស់លាស់ និងមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធត្រឹមត្រូវ។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានបន្ថែមទៀតថា ការកកម្សៅទឹកដោះគោនៅក្នុងកំប៉ុងអាចបណ្ដាលមកពីខូចគុណភាពក៏ពិតមែន ប៉ុន្តែបើករណីយើងឆុងដោយដាក់ម្សៅទឹកដោះគោមុនទឹក ហើយយើងកូរ ឬលុញដបមិនបានល្អ ក៏អាចឲ្យកកដូចគ្នា។ ការឆុងទឹកដោះគោត្រឹមត្រូវ គឺត្រូវចាក់ទឹកទៅក្នុងដបតាមបរិមាណដែលកូនត្រូវបៅ រួចបានដួសម្សៅទឹកដោះគោចាក់តាមកម្រិត ហើយបន្ទាប់មកក្រឡុក ឬលុញដប តែបើក្រឡុកដបខ្លាំងពេកអាចឡើងជាពពុះច្រើន។ នៅពេលឆុងទឹកដោះគោមិនត្រឹមត្រូវបង្កជាកកដុំៗ បើទោះជាមិនប៉ះពាល់មែន តែយូរៗទៅកូនអាចទទួលបានជីវជាតិមិនគ្រប់គ្រាន់ ព្រោះកូនមិនអាចបៅទឹកដោះគោតាមចំនួនកំណត់។
លោកបានបញ្ជាក់ទៀតថា នៅពេលបើកម្សៅទឹកដោះគោរួច ទូទៅគួរតែប្រើក្នុងរយៈពេលមួយខែយ៉ាងយូរ និងទុកដាក់ក្នុងកន្លែងមានសីតុណ្ហភាពធម្មតា មិនត្រូវពន្លឺព្រះអាទិត្យ និងគ្មានជាតិសំណើម។ មួយវិញទៀតបើយើងគិតពីសុវត្ថិភាពកូន គួរតែព្យាយាមបំបៅកូនដោយទឹកដោះម្តាយ ៦ ខែសិន រួចចាំបន្ថែមជាតិទឹក ឬទឹកដោះគោ និងចំណីអាហារផ្សេងៗទៀត។
[embed-health-tool-vaccination-tool]