ចំពោះម៉ាក់ៗពពោះ និងគ្នាយើងមួយចំនួនច្បាស់ជាឭញឹកញាប់ហើយពាក្យថា “ទឹកដោះដំបូង” ប្រៀបបានជាថ្នាំទិព្វសម្រាប់ទារកទើបនឹងកើត។ ចុះបើប្រៀបបាននឹងថ្នាំទិព្វ ម៉ាក់ៗមានធ្លាប់ឆ្ងល់អត់ថា នៅក្នុងទឹកដោះដំបូងរបស់យើងមានផ្ទុកសារធាតុអ្វីខ្លះទៅ ដែលល្អសម្រាប់កូន?
តាមការពន្យល់ពីមន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ទឹកដោះម្ដាយជាអាហារដែលស្រស់ និងថ្មីបំផុត និងគ្មានមេរោគ (ចំពោះម៉ាក់ៗមានសុខភាពល្អ) និងសមស្របសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ។ ចំពោះទឹកដោះដំបូងរបស់ម៉ាក់ៗ សម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនមានដូចជា៖
- អង់ទីករ (IgA) និងគ្រាប់ឈាមស រាប់លានសម្រាប់ការពារមេរោគ
- សារធាតុរ៉ែ និងវីតាមីនជួយទ្រទ្រង់សារពាង្គរបស់កូន ជួយទប់ស្កាត់ការបាត់បង់ជាតិទឹក និងការសម្រកទម្ងន់របស់កូន
- ប្រូតេអ៊ីន និងខ្លាញ់ព្រមទាំងអូមេហ្គា៣ និងសារជាតិផ្សេងទៀតជួយបង្កើនការលូតលាស់កុមារ មេតាបូលីស ថ្លើម ខួរក្បាល និងភ្នែក
- ជួយឲ្យកោសិកាឆាប់លូតលាស់ រីកធំធាត់ មានភាពស៊ាំ មានប្រព័ន្ធការពារប្រឆាំងមេរោគ (រលាកក្រពះ រាករូស រលាកផ្លូវដង្ហើម និងរោគផ្សេងៗ) ជួយកាត់បន្ថយការចំណាយថវិកា និងការចំណាយពេលវេលាចាប់ពីនាទីដំបូងនៃកំណើតកូន។
ម៉្យាងវិញទៀត ការឲ្យកូនបៅដោះម៉ាក់ៗផ្ទាល់ ជួយបង្កើនភាពស្និទ្ធស្នាល ដោយមានការប៉ះពាល់រវាងស្បែកកូន និងស្បែកម៉ាក់ៗ បណ្ដាលឲ្យកូនមានភាពកក់ក្ដៅ និងជួយពង្រឹងសុខភាពផ្លូវចិត្តរបស់ទារក និងម្ដាយ។
ណាមួយ ទារកដែលបៅដោះម្ដាយមិនងាយឈឺដូចទារកដែលបៅទឹកដោះគោទេ។ នៅពេលដែលកូនបៅដោះម៉ាក់ៗ យើងមិនសូវបារម្ភខ្លាចកូនមានបញ្ហារាករូស ទល់លាមក ឬមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬក៏ឆាប់ឈឺជំងឺផ្សេងៗទៀតដែរ។
[embed-health-tool-vaccination-tool]