ប៉ាម៉ាក់មួយចំនួនដែលឲ្យកូនបៅទឹកដោះគោម្សៅ ទំនងជានៅមានមន្ទិលថាតើក្រៅពីទឹកដាំពុះ នៅអាចប្រើទឹកផ្សេងទៀតដើម្បីឆុងទឹកដោះគោឲ្យកូនបៅបានឬយ៉ាងណា? កុំឲ្យមានមន្ទិលច្រើន តោះប៉ាៗម៉ាក់ៗមកស្វែងយល់ទាំងអស់គ្នា។
ជាទូទៅយើងតែងឃើញការណែនាំឲ្យម៉ាក់ៗឆុងទឹកដោះគោជាមួយទឹកដាំពុះ ហើយទឹកដាំពុះនោះទៀតសោតត្រូវជាទឹកដែលស្អាតផងដែរ។ ក្រោយដាំទឹកពុះ មុនយកមកឆុងទឹកដោះគោឲ្យកូន ប៉ាម៉ាក់ត្រូវទុកទឹកនោះឲ្យចុះត្រជាក់មកត្រឹមប្រហែល៧០អង្សាសេ ឬ៣០នាទីក្រោយដាំពុះ។ ពេលឆុងរួចហើយ ម៉ាក់ៗត្រូវប្រាដកថាទឹកដោះគោមិនក្ដៅពេកទេ ព្រោះអាចរលាកមាត់កូនបាន ឬបើនៅក្ដៅ ប៉ាម៉ាក់អាចយកទឹកដោះគោឆុងរួចដាក់ក្នុងកំប៉ុងសម្រាប់អូនៗបៅនោះ ទៅដាក់ក្រោមទឹកត្រជាក់ដែលយើងបង្ហូរពីក្បាលរ៉ូប៊ីនេឲ្យចុះត្រជាក់ល្មមឲ្យកូនបៅបាន។
ចុះបើពេលចេញក្រៅផ្ទះមានទឹកអ្វីអាចឆុងជំនួសទឹកដាំពុះបានទេ?
ពិតណាស់ហើយ តាមការណែនាំជាច្រើនតែងឲ្យយើងគួរឆុងទឹកដោះគោកូនជាមួយទឹកដាំពុះ ប៉ុន្តែបើយើងមើលលើស្លាកសញ្ញានៅលើម្សៅទឹកដោះគោភាគច្រើននៅពេលបច្ចុប្បន្ននេះ ទំនងជាយើងបានឃើញថាឃ្លាណែនាំឲ្យយើងគួរសុំយោបល់ពីគ្រូពេទ្យថាគួរប្រើទឹកដាំពុះ ឬយ៉ាងណា។
សម្រាប់សមាគមធ្វើការលើសុខភាពកុមារអាមេរិក American Academy of Pediatrics បានណែនាំឲ្យប៉ាម៉ាក់ប្រើទឹកស្អាតសម្រាប់ឆុងទឹកដោះគោឲ្យកូន ដោយមិនសម្ដៅតែលើទឹកដាំពុះនោះដែរ។ គ្នាយើងក៏គួរដឹងដែរថាទឹកដាំពុះគ្រាន់តែអាចកម្ចាត់បាក់តេរី តែមិនអាចកម្ចាត់សារធាតុគីមីពុលក្នុងទឹកនោះទេ។
វិបសាយសុខភាពមួយឈ្មោះថា Verywell family បានដកស្រង់សេចក្ដីណែនាំរបស់អង្គការសុខភាពពិភពលោកថារាល់ទឹកសម្រាប់ឆុងទឹកដោះគោឲ្យកូនបៅមិនថាទឹកពីក្បាលរ៉ូប៊ីនេ ឬទឹកបរិសុទ្ធទេ គួរតែដាំពុះជាមុនសិន មុននឹងយកមកឆុងទឹកដោះគោឲ្យកូន ហើយថាត្រូវឆុងពេលទឹកមានសីតុណ្ហភាពមិនទាបជាង៧០អង្សាសេ។
ថ្វីបើបែបនេះមែន ប្រភពដដែលក៏បញ្ជាក់ដែរថា ប្រសិនជាយើងមិនមានទឹកដាំពុះទេនោះ យើងអាចប្រើទឹកស្អាតដើម្បីឆុងទឹកដោះគោឲ្យកូនបៅបានដូចគ្នា តែថាត្រូវឲ្យកូនបៅភ្លាមៗបន្ទាប់ពីឆុងរួច មិនត្រូវយកទៅរក្សាទុកនោះទេ។ ក្នុងករណីនេះ យើងអាចប្រើទឹកដបបានដែរ ដោយយើងអាចពិនិត្យមើលលើផលិតផលទាំងនោះ មានបញ្ជាក់ថាទឹកសម្រាប់ឆុងទឹកដោះគោក្មេងបានឬយ៉ាងណា ដោយផលិតផលខ្លះគេផលិតឡើងជាពិសេសសម្រាប់តែក្មេងតូចៗតែម្ដង។
យ៉ាងណា បើម៉ាក់ៗមានមន្ទិលសង្ស័យណាមួយទាក់ទងនឹងការប្រើប្រាស់ទឹកស្អាតឆុងទឹកដោះគោឲ្យកូន គួរប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ។
[embed-health-tool-vaccination-tool]