ស្រីៗមានបទពិសោធមើលថែកូនក៏ដោយ មិនប្រាកដថាចេះតិចនិកបំបៅដោះអូនៗត្រឹមត្រូវនោះដែរ កុំថាឡើយស្រីៗទើបមានកូនដំបូង។ ការបំបៅកូនត្រឹមត្រូវអាចជួយឲ្យកូនមានសុខភាពល្អ រឹងមាំ ការវិវត្តក្នុងរាងកាយក៏ប្រសើរនោះ។ ចុះត្រូវបំបៅយ៉ាងម៉េច ប៉ុន្មានដងទើបគ្រប់គ្រាន់។ “Hello គ្រូពេទ្យ’ នឹងស្រាយចម្ងល់ទាំងនេះ។
ជាធម្មតា អំឡុងសប្តាហ៍ដំបូង កូនអាចនឹងត្រូវការបៅច្រើន ហើយញឹកញាប់ ដោយមិនចាំបាច់មានកាលវិភាគត្រឹមត្រូវ ច្បាស់លាស់នោះទេ ប៉ុន្តែបន្ទាប់ពីនោះ ត្រូវបំបៅអូនៗឲ្យបានយ៉ាងតិច ៨ ដង/ថ្ងៃ ឬច្រើនជាងនេះ មានន័យថា អូនៗនឹងចង់បៅរៀងរាល់ ៩០នាទី ទៅ ២ម៉ោងម្តង។
១- បំបៅដោះកូនទើបកើតម្តងបន្តិចប៉ុន្តែញឹកញាប់
បំបៅដោះអូនៗម្តងបន្តិចៗ គឺសំខាន់សម្រាប់លំហូរទឹកដោះក្នុងខ្លួនអូនៗ ខណៈការបំបៅ ក៏ជាសញ្ញាមួយឲ្យរាងកាយយើងដឹងថា ត្រូវការផលិតទឹកដោះឲ្យកាន់តែច្រើន មានន័យថា រយៈពេលយើងបំបៅដោះអូនៗកាន់តែយូរ បរិមាណទឹកដោះរាងកាយផលិតបានកាន់តែច្រើន។ ការកំណត់ពេលវេលាបំបៅដោះកាន់តែយូរ ទឹកដោះយើងនឹងកាន់តែខាប់។
អង្គការ UNICEF បានលើកទឹកចិត្តម៉ាក់ៗគ្រប់រូប ឲ្យរៀនពីសញ្ញារបស់កូនពេលស្រេកឃ្លាន។ ម៉ាក់ៗទាំងអស់ តែងយល់ថា កូនយំ នៅពេលឃ្លាន តែតាមពិតទៅ មានសញ្ញាជាច្រើន ដែលអូនៗតែងបញ្ចេញឲ្យយើងដឹង។ ពេលកូនឃ្លាន នឹងមានសកម្មភាពរើខ្លួនចុះឡើង លិឍបបូរមាត់ ក្បាលដោះ ឬម្រាមដៃ និងតាមមើលដោះម៉ាក់ៗជាដើម។ ត្រូវចាំថា គ្រប់កូន មិនមានលក្ខណៈដូចគ្នាទាំងអស់ទេ កូនខ្លះទារបៅញឹកញាប់ ឯខ្លះទៀតអាចនឹងមិនសូវទារបៅក៏មាន។
អត្ថបទពាក់ព័ន្ធ៖
- ត្រូវបំបៅដោះកូនឲ្យបានប៉ុន្មានខែ ទើបសុខភាពកូនល្អ?
- តិចនិកបំបៅដោះសម្រាប់ស្រីៗមានកូនភ្លោះ
២- អូនៗកាន់តែធំ ចំនួនបៅគួរកាត់បន្ថយ
ប្រមាណ ៦ សប្តាហ៍ ក្រោយចាប់ផ្តើមបំបៅ សុដន់ម៉ាក់ៗនឹងផ្លាស់ប្តូរ។ ពេលនោះ យើងអាចនឹងមានអារម្មណ៍សុដន់មានសភាពទន់ និងតូចជាងមុន ហើយការផលិតទឹកដោះក្នុងសុដន់ ក៏ផ្លាស់ប្តូរដូចគ្នា។ អំឡុងពេលនេះ រាងកាយយើងអាចគ្រប់គ្រងការផលិតទឹកដោះបានកាន់តែល្អ ផ្អែកលើតម្រូវការអូនៗ ហើយនៅពេលកូនកាន់តែធំ សុដន់យើងក៏ចាប់ផ្តើមត្រលប់មកធម្មតាវិញ ក៏ជាពេលយើងអាចពាក់អាវទ្រនាប់បានដូចដើមវិញដែរ។
ម៉ាក់ៗខ្លះ អាចបារម្ភថា ខ្លួនឯងមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់ បើបំបៅអូនៗក្នុងរយៈពេលខ្លីពេក ខ្លះទៀតបារម្ភថា អូនៗបៅបានគ្រប់គ្រាន់ ឬអត់។ តែត្រូវចាំថា បើអូនៗបៅបានឆ្អែតនៅពេលល្ងាច យើង និងកូន ក៏អាចគេងបានស្រួលនៅពេលយប់ដូចគ្នា។
[embed-health-tool-vaccination-tool]