ទឹកដោះម្ដាយមានគុណប្រយោជន៍ច្រើនសម្រាប់ការលូតលាស់កូន។ ប៉ុន្តែ ស្រីៗបំបៅដោះកូនភាគច្រើន ជាពិសេសអ្នករវល់ការងារ តែងឆ្ងល់ថា ត្រូវបំបៅដោះកូនប៉ុន្មានខែ ឬយូរប៉ុនណាទើបល្អ? ជាធម្មតា ពេទ្យតែងណែនាំឲ្យយើងបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ។ ម៉េចពេទ្យណែនាំបែបនេះ “Hello គ្រូពេទ្យ’ នឹងស្រាយចម្ងល់ស្រីៗគ្នាយើងពេលនេះតែម្តង។
១- ហេតុអ្វីត្រូវបំបៅដោះកូនដោយទឹកដោះម្តាយ?
ការសិក្សាជាច្រើនបង្ហាញថា បំបៅកូនដោយទឹកដោះ ១៣ សប្ដាហ៍ដំបូង ដោយមិនលាយអាហាររឹង ឬម្សៅទឹកដោះគោផ្សេងៗ ជួយបន្ថយហានិភ័យកើតជំងឺរលាកក្រពះពោះវៀន និងឆ្លងមេរោគទៅសួត ដល់កូន ថែមទាំងកាត់បន្ថយការប្រឈមជំងឺផ្សេងៗ ក៏ដូចជាជួយឲ្យសុខភាពកូនរឹងមាំផងដែរ។
ទឹកដោះម៉ាក់ៗ អាចជួយការពារកូនករណីលើសទម្ងន់ និងជំងឺទឹកនោមផ្អែម ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ខណៈការស្រាវជ្រាវផ្សេងទៀតលើកឡើងថា ទឹកដោះម្ដាយមានឥទ្ធិពលប្រឆាំងបញ្ហាសុខភាពផ្លូវចិត្តទៀតផង។ ទឹកដោះដំបូង និងទឹកដោះម្ដាយ មានមុខងារសំខាន់ណាស់សម្រាប់ទារកកើតមិនគ្រប់ខែ និងកូនដែលមានប្រវត្តិគ្រួសារកើតអាលែកហ្ស៊ី។
២- អ្នកជំនាញនិយាយអ្វីខ្លះពីទឹកដោះម្តាយ?
យូរណាស់មកហើយ គេតែងបំបៅដោះកូនលើសពី ២-៣ ឆ្នាំ។ ប៉ុន្តែ បច្ចុប្បន្ននេះ មានការកត់សម្គាល់ថា រយៈពេលបំបៅដោះកូនកាន់តែខ្លីជាងមុន។ អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF បានណែនាំឲ្យម៉ាក់ៗ ត្រូវបំបៅដោះកូនយ៉ាងតិចឲ្យបាន ៦ ខែដំបូង។
យើងក៏អាចឲ្យអាហារផ្សេងទៀត បន្ថែមពីលើការបៅដោះ សម្រាប់កូនមានអាយុចាប់ពី ២ ឆ្នាំឡើង។ យ៉ាងណា បច្ចុប្បន្នការណែនាំទាំងនេះ មិនសូវមានការចាប់អារម្មណ៍ និងយកទៅអនុវត្តនោះទេ។
អត្ថបទពាក់ព័ន្ធ៖
៣- គួរបំបៅដោះកូនដល់ពេលណាទើបល្អ?
បើម៉ាក់ៗ និងអូនៗ សុទ្ធតែពេញចិត្តការបំបៅដោះ យើងគួរបំបៅឲ្យបានយូរបំផុត តាមអាចធ្វើទៅបាន អាចបន្តបំបៅដោះដល់អូនៗមានអាយុ ១-២ ឆ្នាំ។ កុំឈប់បំបៅភ្លាមៗ បើម្ដាយ និងកូន មិនទាន់ត្រៀមខ្លួនរួចរាល់។ ការគាំទ្ររបស់ប៉ាៗ និងសមាជិកក្រុមគ្រួសារ កាន់តែជួយធ្វើឲ្យម៉ាក់ៗកាន់តែងាយស្រួលបន្តបំបៅដោះអូនៗឲ្យបានយូរ។
៤- គួរធ្វើម៉េចពេលរវល់ខ្លាំង?
ពេលខ្លះយើងអាចរងសម្ពាធពីគ្រួសារ មិត្តភក្កិ និងការងារ ធ្វើឲ្យសម្រេចចិត្តឈប់បំបៅដោះកូនមុនពេលកំណត់។ ហេតុនេះការសម្រេចចិត្តឈប់ ឬបន្ត គឺអាស្រ័យលើយើងតែម្នាក់គត់។ ព្យាយាមកុំឲ្យនរណាម្នាក់ ឬអ្វីមួយជ្រៀតជ្រែកការសម្រេចចិត្តរបស់យើងឲ្យសោះ។
ម៉ាក់ៗមួយចំនួនគិតថា ពេលត្រូវត្រឡប់ចូលធ្វើការវិញ ក៏ជាពេលត្រូវឈប់បំបៅដោះអូនៗដែរ។ ការពិតទៅ គ្នាយើងភាគច្រើន រាប់បញ្ចូលទាំងម៉ាក់ៗបំបៅដោះផ្ទាល់ និងបំបៅដោយដប បានជ្រើសយកវិធីបន្តបំបៅដោះអូនៗ បើទោះជាចូលធ្វើការវិញក្តី ថែមទាំងទទួលបានជោគជ័យទៀតផង។
អត្ថបទពាក់ព័ន្ធ៖ បើរវល់ការងារ ហើយត្រូវបំបៅដោះកូន មកដឹងគន្លឹះប៉ុន្មាននេះ

បំបៅដោះផ្ទាល់ ក្រៅពីធ្វើឲ្យមានភាពស្និទ្ធស្នាលជាមួយបេប៊ីហើយ ក៏ជួយឲ្យទាំងម៉ាក់ និងអូនៗសម្របខ្លួន ទោះមិនបានជួបគ្នានៅពេលថ្ងៃក៏ដោយ។ សម្រាប់សំណួរ គួរបំបៅដោះបេប៊ីដល់ពេលណា គឺជាការសម្រេចចិត្តដ៏ធំសម្រាប់យើងក្នុងនាមជាម្តាយល្អម្នាក់។ ចាំថា ត្រូវធ្វើអ្វីយើងគិតថា គប្បីចំពោះអូនៗ និងគប្បីចំពោះខ្លួនឯង។