ការបំបៅកូនដោយទឹកដោះ គឺជាធម្មជាតិ និងភាពស្និទ្ធស្នាលបំផុតនៃឥរិយាបថរបស់មនុស្ស ប៉ុន្តែវាមិនមែនជាការងាយស្រួលនោះទេសម្រាប់ម្តាយថ្មី និងទារកទើបនឹងកើត។ មិនថាវាលំបាកប៉ុនណានោះទេ ដើម្បីធ្វើវាទៅបាន ដំបូងម្ដាយត្រូវមានការអត់ធ្មត់។
១- ការបីកូនឲ្យបានត្រឹមត្រូវ ពេលបំបៅ
មានវិធីជាច្រើនដើម្បីថែទាំកូន ជាពិសេសពេលបំបៅដោះ។ គន្លឹះសំខាន់ គឺម៉ាក់ៗត្រូវស្វែងរកពីទីតាំងដែលធ្វើឲ្យកូនមានផាសុកភាព។ អាចប្រើខ្នើយ និងភួយដើម្បីជួយឲ្យកូនមានអារម្មណ៍ថាសុខស្រួល។ សម្រាប់ប៉ាម៉ាក់ថ្មី ការបំបៅកូនដ៏ត្រឹមត្រូវ គឺសំខាន់ណាស់។ ត្រូវប្រាកដថា យើងបីកូនត្រឹមត្រូវ ព្រោះការបីកូនក្នុងទីតាំងមិនត្រឹមត្រូវ អាចបណ្តាលឲ្យមានបញ្ហារំលាយអាហារធ្ងន់ធ្ងរពេលក្រោយ។ បើមិនប្រាកដពីរបៀបថែទាំកូនទេ ត្រូវទៅសុំជំនួយពីគ្រូពេទ្យ។ ការណែនាំពីម្តាយដែលមានបទពិសោធក៏មានប្រយោជន៍ផងដែរ។
២- ទឹកដោះដំបូង
Colostrum គឺជាទឹកដោះដំបូងដែលរាងកាយអ្នកម៉ាក់បានផលិត។ វាអាចមើលទៅមានពណ៌លឿងបន្តិច ដោយសារតែវាមានជាតិ carotene ខ្ពស់ (ជាទម្រង់នៃវីតាមីន A)។ Colostrum មានជាតិខ្លាញ់ទាប និងមានប្រូតេអ៊ីនខ្ពស់។ វាសមស្របសម្រាប់ក្រពះរបស់កូនតូចយើង។ នេះជាវិធីមួយដែលម្ដាយផ្តល់សារជាតិប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ព្រមទាំងអង់ទីករដែលចាំបាច់ដល់កូន។ សមាសធាតុទាំងនោះនឹងជួយការពារកូនពីបាក់តេរី វីរុស និងជំងឺផ្សេងទៀតតាមរយៈប្រព័ន្ធភាពស៊ាំយ៉ាងល្អ។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យកូនបៅម្សៅទឹកដោះគោ គួរស្វែងយល់ពីគុណវិបត្តិ និងគុណសម្បត្តិជាមុន
- ចេះរបៀបឆុងម្សៅទឹកដោះគោត្រឹមត្រូវ ទើបអូនៗមិនសូវឈឺ
- ចង់ផ្តាច់ដោះកូនក្បាលខូចអង្កៀមយូរឆ្នាំពេក អាចសាកវិធីនេះបាន
ក្រោយកើតកូនរួចប៉ុន្មានថ្ងៃ សុដន់របស់ម៉ាក់ៗនឹងចាប់ផ្តើមផលិតទឹកដោះកាន់តែច្រើនឡើងៗ។ បើធៀបនឹងទឹកដោះដំបូង ទឹកដោះម៉ាក់ៗនឹងមានសភាពស្តើងជាង សជាង និងមានកាឡូរីខ្ពស់ជាង។ ពេលបំបៅកូន សុដន់នឹងផលិតទឹកដោះកាន់តែច្រើន បន្ទាប់មកទឹកដោះនោះ សម្បូរដោយជាតិខ្លាញ់ខ្ពស់ដែលធ្វើឲ្យកូនមានអារម្មណ៍ពេញចិត្ត និងឡើងទម្ងន់។
៣- ដឹងពីពេលដែលកូនឃ្លាន
ជាធម្មតា ទារកត្រូវការបៅឲ្យបាន ១២ ដងក្នុងរយៈពេល ២៤ ម៉ោង។ ទារកខ្លះត្រូវការបៅចន្លោះពេលសម្រាក ៣ ម៉ោងម្តង។ បន្ទាប់ពីបៅឆ្អែត កូនត្រូវការគេងរហូតដល់ទៅ ៤ ម៉ោង មុនពេលមានអារម្មណ៍ឃ្លានម្តងទៀត។
អាអូននឹងបង្ហាញពីសញ្ញាមួយចំនួនឲ្យយើងដឹងថាគេកំពុងឃ្លាន ដូចជា លាដៃលាជើង រកមើលជុំវិញខ្លួន ឬបៀមដៃខ្លួនឯង។ ទារកខ្លះអាចបឺតម្រាមដៃ ឬលិឍបបូរមាត់របស់ខ្លួនឯង។ សញ្ញាដែលច្បាស់លាស់បំផុត គឺការបើកមាត់របស់ទារក ការស្វែងរកមើលសុដន់របស់ម្តាយ និងយំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]