បើមានការឈឺចាប់ក្រោយផ្ដាច់ដោះកូន តើយើងគួរធ្វើបែបណាទៅ? វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរដែរឬទេ? តាមវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹង ពេលផ្ដាច់ដោះកូន ម៉ាក់ៗអាចមានបញ្ហាឡើងប៉ោងខ្លាំង ក្រហម ក្តៅ ឈឺចាប់ ហើយខ្លះទៀតរហូតដល់ហើម ឬរលាក ឈានបង្កររោគទៀតផង។ បន្ទាប់ពីទទួលរងផលប៉ះពាល់បែបនេះ ម៉ាក់មាន ៣ ជម្រើសដែលអាចជួយបន្ធូរភាពឈឺចាប់ទាំងនោះបាន។
១- ច្របាច់ទឹកដោះចេញ
បន្ទាប់ពីផ្ដាច់ពីកូន ទឹកដោះពិតជាច្រាលរហូតធ្វើឲ្យឈឺចាប់ជុំវិញដោះ ព្រោះកូនមិនបានបឺតជញ្ជក់ដូចមុន ដូចនេះជម្រើសដំបូងមានតែការច្របាច់ចេញឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ ប៉ុន្តែបើច្របាច់ដោយដៃឈឺខ្លាំង អាចប្រើឧបករណ៍បូមទឹកដោះ ឬគេងផ្អៀងហើយយកក្រមាមករឹតឲ្យជាប់ឲ្យវាហូរជាប់ក៏បាន។
២- ស្អំទឹកក្ដៅ
ត្រូវចាំថា ក្រោយពីផ្ដាច់ដោះកូនហើយអាការៈបែបនេះចៀសមិនផុតឡើយ ដូចនេះអាចយកទឹកក្ដៅដាក់ដបថ្ម មកដាក់ស្អំនៅដោះទាំងសងខាង ព្រោះវាជួយទប់ទល់បញ្ហាហើមខ្លាំង និងបន្ថយការឈឺចាប់។
៣- លេបថ្នាំ
ប្រសិនបើការខះទឹកដោះក្រោយផ្ដាច់ពីកូនធ្វើឲ្យស្រីៗគ្នាយើងស្រៀវស្រាញចង់គ្រុន ឬក្ដៅខ្លួន អាចលេបថ្នាំបំបាត់ការឈឺចុកចាប់បាន ឬបើអាការៈមិនប្រសើរ គួរតែទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះពីស្ថានភាពយើង។
ក្នុងពេលនេះ កុំយកទឹកកកមកស្អំដោះកំពុងតែហើមឲ្យសោះ ព្រោះធាតុក្ដៅរបស់ទឹកកកមិនអាចជួយអ្វីបានឡើយ មានតែអាចឈឺចាប់លើសដើម។ មួយវិញទៀតប្រសិនបើយើងស្រកលែងឈឺចាប់ហើយ តែទឹកដោះនៅហូរ គួរពាក់អាវទ្រនាប់រលុង និងឧស្សាហ៍ផ្លាស់វាចេញ ដើម្បីកុំឲ្យប្រឡាក់ខ្លួន។
អត្ថបទពាក់ព័ន្ធ៖ ចង់ផ្តាច់ដោះ កូនក្បាលខូចអង្កៀមយូរឆ្នាំពេក អាចសាកវិធីនេះបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]