បើនិយាយពីទឹកដោះដំបូងម៉ាក់ៗថ្មីថ្មោងភាគច្រើនអាចនឹងមិនស្គាល់ ហើយមិនដឹងពីពណ៌ គុណភាព ឬបរិមាណវាឡើយ។ ដូចនេះដើម្បីឲ្យម៉ាក់ប៉ាកាន់តែច្បាស់ពីទឹកដោះដំបូង អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល ខេត្តកណ្ដាល នឹងរៀបរាប់ពីសណ្ឋាន និងអត្ថប្រយោជន៍នៃទឹកដោះដំបូង ដូចខាងក្រោម។
១- ចំពោះទឹកដោះដំបូងខ្លះ ពណ៌មើលទៅមិនស្អាតទេ ដោយម៉ាក់ៗខ្លះមានជាពណ៌លឿងៗ និងខ្លះទៀតពណ៌សដូចទឹកបាយ ខាប់ៗ ឬអន្តាយៗ។
២- ចំពោះបរិមាណក៏មិនច្រើនណាស់ណាដែរ អាចត្រឹមមួយចម្អែតពោះកូនប៉ុណ្ណោះ ឬម៉ាក់ៗខ្លះចេញតិចៗត្រឹម ២-៣ ដំណក់កូនម៉ឹមមិនឆ្អែតផង។
៣- ព្រោះតែពណ៌ទឹកដោះដំបូងមិនសូវល្អ ទើបម៉ាក់ៗខ្លះគិតថាជាទឹកដោះផ្អូម ឬជាខូចគុណភាព តែនោះជាយល់ខុសទាំងស្រុង។ ផ្ទុយទៅវិញវាមានសារធាតុចិញ្ចឹមសម្បូរបែបដូចជា វីតាមីន A ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ សារធាតុរ៉ែ និងអង់ទីករសម្រាប់ប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្កជំងឺដូចជា បាក់តេរី និងវីរុស។
អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ម៉ាក់ៗមិនចេញទឹកដោះ ធ្វើម៉េច?
៤- អង់ទីករដែលមាននៅក្នុងទឹកដោះដំបូងមានកម្រិតខ្ពស់ជាងទឹកដោះធម្មតា ១០០ ដងឯណោះ។
៥- អង់ទីករដែលមាននៅក្នុងទឹកដោះដំបូង ខ្លាំងវិសេសវិសាល ដោយអាចការពាររាងកាយកូនពីជំងឺផ្សេងៗបានច្រើនប្រភេទ។
៦- ក្រោយកូនសម្រាលបានយ៉ាងហោចណាស់ ១ ម៉ោង ត្រូវយកកូនទៅបៅទឹកដោះម៉ាក់ៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]