ក្មេងទើបកើត បើតាមចាស់ៗច្រើនតែថ្នមមិនឲ្យបញ្ឈរ ឬអង្គុយឡើយ ព្រោះខ្លាចបាក់មុខ ឬជើងកោងជាដើម។ តើនោះគឺជារឿងពិតដែរឬទេ?
ចម្ងល់នេះវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ បានបកស្រាយតាមឯកសាររបស់ WHO ថា ការដើរមុនមិនប៉ះពាល់ធ្ងន់ធ្ងរ និងមិនធ្វើឲ្យវៀចជើងរបស់កូនទើបនឹងកើតប៉ុន្មានខែនោះទេ។ លោកបានតាមបញ្ជាក់ថា ការពិសោធន៍ជាច្រើនបង្ហាញថា ក្មេងអាចរៀនដើរចាប់ពី ៣ ខែក៏មិនធ្វើឲ្យវៀច ឬកោងជើងដែរ តែគេតម្រូវឲ្យក្មេងរៀនដើរដែលល្អបំផុតនៅវ័យចាប់ពី ៧ ខែឡើង ព្រោះសាច់ដុំក្មេងរឹងមាំល្អ ជាងវ័យនៅខ្ចី។
ចំណែកឆ្អឹងកូននៅវ័យ ៣ ខែអីនេះគឺមិនទាន់រឹងមាំឡើយ តែមិនមែនមានន័យថាឆ្អឹងទន់ អាចវៀចឡើយ។ ជើងវៀចមិនទាក់ទងនឹងការដើរមុនអាយុ ឬក្រោយទេ តែទាក់ទងនឹងជំងឺពីកំណើត ឬកើតមិនគ្រប់ខែជាដើម និងកត្តាហ្សែនជាដើម។
វេជ្ជបណ្ឌិតរូបនោះបន្តទៀតថា ការវាយតម្លៃថាជើងកូនវៀច ឬកោង គឺគ្រូពេទ្យជំនាញអ្នកធ្វើមិនមែនជាយើងឡើយ ហើយកូនទើបនឹងកើតមកយើងតែងឃើញជើងកូនមានលក្ខណៈជារង្វង់ពេលគេងនោះ មិនមែនជាបញ្ហាជើងកោងឡើយ ពេលកូនធំបន្តិចម្ដងៗ រូបរាងកាយនឹងលូតលាស់ពេញលក្ខណៈ ហើយក៏ធម្មតាដូចយើងវិញ។
ដូចនេះកុំព្យាយាមពត់ ឬតម្រងជើងកូនទាំងគ្មានជំនាញ ឬមិនដឹងពីស្ថានភាពអ្វីទាំងអស់ ព្រោះនាំឲ្យកើតមានបញ្ហាដល់កូនទៅវិញទេ។
[embed-health-tool-vaccination-tool]