ខោទឹកនោមគឺជាតម្រូវការចាំបាច់បំផុតក្នុងពេលបច្ចុប្បន្នសម្រាប់ទារក។ ប៉ុន្តែ តើម៉ាក់ៗដឹងទេថា ខោទឹកនោមដែលអាអូនកំពុងតែប្រើប្រាស់រាល់ថ្ងៃ មានសាច់ទន់ល្មើយ និងស្រូបទឹកបានល្អដែរឬយ៉ាងណា? ពិតណាស់ ទារកតូចៗមិនអាចប្រាប់យើងបាននោះទេ បើទោះបីជាខោទឹកនោមទាំងនោះកំពុងតែបង្កជាបញ្ហាដល់ពួកគេក៏ដោយ។ ដូចនេះ ម៉ាក់ៗត្រូវមានភាពឆ្លាតវៃក្នុងការសង្កេតមើលសញ្ញាមួយចំនួន ដែលអាចបញ្ជាក់ថា ខោទឹកនោមដែលអាអូនកំពុងពាក់មានផាសុខភាព និងមានសាច់ទន់ល្មើយ ដើម្បីឲ្យកូនជាទីស្រលាញ់របស់យើងអាចសម្រាក ឬលេងប្រកបដោយភាពរីករាយ។
១. វត្ថុធាតុដើមទន់ល្មើយ
សញ្ញាដំបូងដែលបញ្ជាក់ថា ខោទឹកនោមមានគុណភាពល្អ គឺត្រូវមើលទៅលើវត្ថុធាតុដើមរបស់វា។ នៅពេលដែលម៉ាក់ៗប៉ះខោទឹកនោមដែលមានសភាពទន់ល្មើយ អាអូនពាក់ទៅក៏ស្រួលខ្លួនផងដែរ។ ដូច្នេះហើយ ម៉ាក់ៗគួរជ្រើសរើសខោទឹកនោម ដោយមើលទៅលើវត្ថុធាតុដើមជាចម្បង ដើម្បីឲ្យអាអូនមានផាសុកភាព មានអារម្មណ៍ស្រស់ស្រាយ និងស្ងួតល្អពេញមួយថ្ងៃ។
២. មិនជ្រាបទឹកចេញក្រៅ
នៅពេលដែលខោទឹកនោមជ្រាបទឹកចេញក្រៅ ប៉ាម៉ាក់មិនត្រឹមតែត្រូវប្ដូរខោទឹកនោមឲ្យអាអូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវជូតសម្អាតកន្លែងដែលប្រឡាក់ទាំងនោះឲ្យបានស្អាតថែមទៀតផង។ ខោទឹកនោមដែលល្អ គឺអាចពង្រាយជាតិទឹកទៅសព្វកន្លែង និងអាចទប់បានរយៈពេលយូរម៉ោង ដូច្នេះ វាមិនមានការជ្រាបចេញ ឬកន្ទួលរមាស់ដែលកើតចេញពីខោទឹកនោមនោះទេ។
៣. គ្មានកន្ទួលរមាស់
ម៉ាក់ៗច្បាស់ជាពិបាកចិត្តជាក់ជាមិនខាន នៅពេលដែលឃើញកន្ទួលរមាស់កើតនៅលើគូទរបស់អាអូនម្ដងៗ ពីព្រោះម៉ាក់ៗគ្រប់រូបតែងតែចង់ឲ្យស្បែកដ៏ទន់ល្មើយរបស់កូនមានសំណើម និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ បើទោះបីជាមានក្រែមបំបាត់កន្ទួលជាច្រើនប្រភេទក៏ដោយ ម៉ាក់ៗក៏អាចបញ្ចៀសកន្ទួលទាំងនេះ កុំឲ្យកើតនៅលើស្បែករបស់អាអូនបាន ដោយការជ្រើសរើសខោទឹកនោមដែលស័ក្ដិសមសម្រាប់ស្បែករបស់ទារក។ វត្ថុធាតុដើមដែលទន់ល្មើយ អាចស្រូបទឹកបានយ៉ាងឆាប់រហ័ស និងធ្វើឲ្យគូទទារកមានសភាពស្ងួតល្អពេញមួយថ្ងៃ។
៤. កូនទទួលបានផាសុកភាព និងភាពរីករាយ
ទារកតូចៗ មិនអាចប្រាប់យើងបានទេ បើទោះបីជាពួកគេមិនសប្បាយចិត្តចំពោះខោទឹកនោមដែលខ្លួនកំពុងតែស្លៀកក៏ដោយ។ យ៉ាងណាមិញ ពួកគេអាចបង្ហាញពីអារម្មណ៍មិនស្រួលខ្លួន ដោយការស្រែកយំ និងមួម៉ៅជាដើម។ ប្រសិនបើអាអូនតូចបាត់យំ ក្រោយពីយើងប្ដូរខោទឹកនោមរួច បានន័យថា ខោទឹកនោមនោះហើយដែលជាមូលហេតុ ធ្វើឲ្យអាអូនមិនស្រួលខ្លួន។
៥. ពុំមានស្នាមក្រហមលើស្បែក
ជួនកាល ម៉ាក់ៗអាចមើលឃើញស្នាមក្រហមនៅជុំវិញចង្កេះ ឬគូទរបស់ទារក។ កត្តានេះ អាចបណ្ដាលមកពីគុណភាពនៃចង្កេះខោទឹកនោម ឬក៏ខោទឹកនោមមានសភាពតឹងជ្រុលពេក។ ផ្ទុយទៅវិញ បើម៉ាក់ៗពុំឃើញមានស្នាមក្រហមណាមួយកើតឡើងនៅលើស្បែករបស់កូនជាទីស្រលាញ់ទេនោះ វាបង្ហាញថា ម៉ាក់ៗបានជ្រើសរើសខោទឹកនោមដែលត្រឹមត្រូវសម្រាប់កូនហើយ។
[embed-health-tool-vaccination-tool]