បើវិធីព្យាបាលខាងលើមិនទទួលបានលទ្ធផល យើងគួរបញ្ឈប់ជាបន្ទាន់ ហើយរួសរាន់យកកូនទៅជួបគ្រូពេទ្យ។ ជំងឺសើស្បែកនេះ អាចនឹងកាន់តែធ្ងន់ធ្ងរ បើក្បាលអាអូនបែកញើសជាប់ ហើយជៀសវាងការពាក់មួកក្នុងករណីមិនចាំបាច់មួយចំនួន។ ម៉ាក់ប៉ាមិនត្រូវបណ្តែតបណ្តោយនោះទេ ព្រោះជំងឺនេះនឹងរាលទៅមុខ ក ឬគូទរបស់អូនតូច។
ជើងកោង៖ មានកត្តា ២ យ៉ាង ធ្វើឲ្យអូនតូចៗមានបញ្ហាជើងកោងនេះ។ ទី១ ដោយសារតែការបត់ជើងស្តាំរបស់បេប៊ីអំឡុងពេលសម្រាល និងទី២ដោយសារតែការរើបម្រាស់ក្នុងផ្ទៃញឹកញាប់នៅពេលសាច់ដុំស្បូនម្តាយរមួលម្តងៗ ចំពេលជើងអាអូនព័ន្ធចូលគ្នាច្រើនខែ បណ្តាលឲ្យជើងកោង។ បន្ទាប់ពីសម្រាលហើយឈានចូលដល់អាយុចេះដើរ ជើងអាអូននឹងផ្តើមលាវិញ ហើយយូរៗទៅនឹងប្រែជាត្រង់ដូចដើម។
ជាទូទៅបញ្ហានេះមិនតម្រូវឲ្យមានការព្យាបាលអ្វីនោះទេ តែម៉ាក់ប៉ាគួរតាមដានការលូតលាស់ជើងកូន កុំឲ្យមានសម្ពាធអ្វីផ្សេងទៀត ធ្វើឲ្យជើងកាន់តែកោង ហើយត្រូវនាំកូនទៅជួបគ្រូពេទ្យតាមដានពីការវិវត្តរបស់ជើងឲ្យបានទៀងទាត់។
ពង ទក៖ ជាទូទៅសរីរាង្គបន្តពូជចាប់ផ្តើមលូតលាស់តាំងពីអាអូននៅក្នុងផ្ទៃម្តាយ ហើយបញ្ចប់នៅពេលសម្រាល។ យ៉ាងណាមិញ ចំពោះក្មេងប្រុសដែលកើតគ្រប់ខែប្រមាណ ៣-៤% និងកើតមិនគ្រប់ខែប្រមាណជា ៣០% មានបញ្ហាពង ទក (ពងស្វាស មានតែ១) ដោយសារពងស្វាសមិនធ្លាក់ចូលទៅក្នុងក្នុងថង់ពងស្វាស មុនពេលកើតចេញពីផ្ទៃម្តាយ។ ម៉ាក់ប៉ាអាចពិនិត្យមើលពងស្វាសកូនអំឡុងពេលងូតទឹកក្តៅឧណ្ហៗ ដឹងថាមានបញ្ហាពងទកនេះខាងណាឬអត់?
ពងទក មិនធ្វើឲ្យមានការឈឺចាប់ ឬក៏ពិបាកនោមនោះទេ នៅពេលក្មេងកាន់តែធំ ពងស្វាសនឹងធ្លាក់ចុះមកដោយឯកឯង។ តាមការសិក្សាបង្ហាញថា ក្នុងចំណោមក្មេងអាយុ ១ ឆ្នាំ ១០០០ នាក់ មានតែ ៣-៤នាក់ប៉ុណ្ណោះ ដែលមានបញ្ហាមិនធ្លាក់ចុះ។ គេអាចព្យាបាលដោយវះកាត់យកពងស្វាសដាក់ទៅកន្លែងដើមវិញ ហើយជម្រើសនៃការព្យាបាលមួយទៀតនោះគឺការព្យាបាលដោយប្រើជំនួយពីអ័រម៉ូនបន្ថែម ប៉ុន្តែវិធីនេះមិនសូវជាជោគជ័យនោះទេ។