កាន់តែប្លែក ឈានចូលដល់សប្តាហ៍នេះ អាអូនចេះ ១-២ មុខ បន្ថែមទៀត ម៉ាក់ប៉ាច្បាស់ជារំភើបនឹងឃើញកូនលូតលាស់បានល្អ តែនិយាយលាក់បាំងអីបើចំកូនរពឹសខ្លាំងច្បាស់ជាវិលមុខមិនខាន។
នៅក្នុងសប្តាហ៍នៃខែទី ២៩ នេះ កូនយើងអាច៖
– ញ៉ាំនំដោយខ្លួនឯង
– បញ្ចេញសំឡេងបែបកំប្លែង (ផ្លុំទឹកមាត់)
– សើចនៅពេលលេងជាមួយយើង។
១- បង្រៀនកូនពីអី?
ពេលនេះយើងអាចឲ្យកូនញ៉ាំទឹកដោយប្រើពែង ឬកែវបាន។ ការប្រើដបដែលមានដៃកាន់សងខាងល្អបំផុតសម្រាប់អាអូនវ័យនេះ។ កូនយើងប្រហែលមិនសប្បាយចិត្តដោយសារមិនដឹងញ៉ាំរបៀបណា? ដូច្នេះម៉ាក់ប៉ាត្រូវបង្រៀនកូនពីរបៀបផ្អៀងដបដើម្បីឲ្យទឹកហូរចូលមាត់បាន មិនយូរទេអាអូននឹងស៉ាំ អាចញ៉ាំទឹកបានដូចកាលប្រើដបទឹកដោះគោ។
២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
គ្រូពេទ្យភាគច្រើនមិនណាត់ជួបដើម្បីពិនិត្យសុខភាពកូនយើងនាខែនេះទេ ដូច្នេះយើងគួរតែត្រៀមសំណួរខ្លះៗ សម្រាប់ការណាត់ជួបនៅខែក្រោយ។ ប៉ុន្តែបើមានបញ្ហាគួរឲ្យបារម្ភនោះកុំរារែកប្រញាប់ណាត់ជួបគ្រូពេទ្យភ្លាមដោយមិនបាច់រង់ចាំខែក្រោយ។
៣- ត្រូវដឹងពីអីខ្លះ?
ខាងក្រោមនេះជាចំណុចមួយចំនួនដែលយើងគួរដឹង ៖
ក្តៅខ្លួន៖ ឈានចូលអាយុ ៧ ខែនេះ ម៉ាក់ប៉ានឹងយល់យ៉ាងច្បាស់ពីកូន អាចសន្មតថាកូនកំពុងមានបញ្ហាបាន។ បើសង្ស័យថា អូនតូចក្តៅខ្លួន ត្រូវយកប្រដាប់វាស់កម្តៅមកស្ទង់ភ្លាម។ ទោះបីជាគេថា កម្តៅ៣៧ អង្សាសេ ធម្មតាក្តី ប៉ុន្តែបើតាមទ្រឹស្តីវិញកម្តៅធម្មតារបស់ខ្លួនក្មេង គឺនៅចន្លោះ ៣៦-៣៨ អង្សាសេ។
ប្រហែលជាពិបាកក្នុងការជឿ ប៉ុន្តែជួនកាលគ្រុនក្តៅមានអត្ថប្រយោជន៍ខ្លាំងចំពោះទារក នេះមានន័យថារាងកាយអូនតូចកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគ។ កុមារតូចៗជាញឹកញាប់មានសីតុណ្ហភាពខ្ពស់ជាងកុមារធំបន្តិច ដូច្នេះអាអូនចាត់ទុកថាក្តៅខ្លួនដោយមានរោគសញ្ញាដូចខាងក្រោម ៖
– កម្តៅក្បាល ឬកម្តៅរន្ធគូទខ្ពស់ជាង ៣៨ អង្សាសេ
– កម្តៅនៅក្នុងត្រចៀក ជិត ៣៨ អង្សាសេ
– កម្តៅនៅក្លៀក ក្បែរ ៣៨ អង្សាសេ។
ម៉ាក់ប៉ាគួរទូរសព្ទទៅសួរគ្រូពេទ្យ ឬនាំកូនទៅពេទ្យ បើអាអូនក្តៅខ្លួនខ្លាំងខ្ពស់ជាងការរៀបរាប់ខាងលើ។ ជំងឺគ្រុនក្តៅរបស់ទារកមានរោគសញ្ញាដូចខាងក្រោមនេះ៖
– ពិបាកដកដង្ហើម
– ស្បែកឡើងកន្ទួលតូចៗ ពណ៌សំបកមង្ឃុត ឬស្វាយ
– មិនចង់ញ៉ាំចំណីអាហារ
– មិនអាចលេបទឹក ឬអាហារបាន
– ចេញទឹកមាត់ច្រើន
– សន្លប់
– ភ្នែកភ្លឺចាំង
– មានសកម្មភាពមិនធម្មតា (លេសឡាស់)។
ដើម្បីបន្ថយកម្តៅកូន ត្រូវដោះសម្លៀកបំពាក់ចេញ ឬអាចដាក់ទារកក្នុងអាងទឹកដោយលាយជាមួយទឹកក្តៅឧណ្ហៗ ឬងូតទឹកឱ្យទារក ឬឱ្យសម្រាកនៅក្នុងបន្ទប់ត្រជាក់ (មិនត្រជាក់ពេក)។ ជៀសវាងការខ្វះជាតិទឹកដោយព្យាយាមបំបៅដោះកូន និងឲ្យកូនញ៉ាំទឹកឲ្យបានទៀងទាត់។
បើការធ្វើបែបនេះមិនអាចជួយកូនយើងឲ្យធូរស្បើយ ត្រូវនាំកូនទៅជួបគ្រូពេទ្យដើម្បីព្យាបាល។ ទារកញ៉ាំ ដេក និងលេងបាន ទោះបីជាក្តៅខ្លួនក៏ដោយប្រហែលជាមិនត្រូវការការព្យាបាលបែបវេជ្ជសាស្រ្តនោះទេ។
អង្គុយដោយមិនត្រូវការជំនួយ៖ ថ្វីត្បិតតែជាមធ្យមទារកអាចអង្គុយដោយគ្មានជំនួយនៅអាយុ ៦ ខែ និងពាក់កណ្តាលទៀតអាចអង្គុយនៅអាយុមុន ៤ ខែ។ បើកូនយើងមិនទាន់ចេះអង្គុយជាប់ មិនបាច់បារម្ភទេ ព្រោះនៅមានពេលទៅមុខវែងឆ្ងាយទៀត។ ជំនាញអះអាងថា វាអាស្រ័យលើកត្តាហ្ស៊ែនក្នុងក្រុមអាយុ។ ដើម្បីជៀសវាងករណីកូនយើងលូតលាស់យឺតនេះ ម៉ាក់ប៉ាអាចសាកល្បងតាមប៉ុន្មានវិធីខាងក្រោមនេះ៖
– ឱ្យកូនអង្គុយលើកៅអីទារក រទេះរុញ ឬកៅអីខ្ពស់
– កុំឲ្យកូនចំណាយពេលដេក ឬដាក់ក្នុងអង្រឹងច្រើន
៤- រឿងអីខ្លះត្រូវបារម្ភ?
ការយកចិត្តទុកដាក់ចំពោះកូន៖ ទារកនៅក្នុងវ័យនេះជាវ័យមួយពិបាកមើលថែ ប៉ុន្តែយើងមិនត្រូវថ្នាក់ថ្នមកូនហួសហេតុពេក ធ្វើឲ្យបានចិត្តនោះទេ។ ការពកូនជាច្រើនម៉ោង មិនត្រឹមតែធ្វើឱ្យយើងខាតពេលវេលាបំពេញការងារប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់ទារកដែរ។ នៅក្នុងដៃយើង កូនមិនមានឱកាសហ្វឹកហាត់ជំនាញដូចជាវារ ងើបឡើងឈរ កូននឹងចាំតែពឹងផ្អែកលើយើងតែប៉ុណ្ណោះ។ លើសពីនេះទារកនឹងមិនមានឱកាសដើម្បីរៀនពីរបៀបប្រើប្រាស់រាងកាយដោយសេរី។
ជួនកាលកូនយំដោយសារចង់ឲ្យម៉ាក់ប៉ាលើកព មិនមែនចង់ដើរលេងនោះទេ ឬក៏អាអូនត្រូវការយកចិត្តទុកដាក់ពីយើង។ ដូច្នេះរឿងដំបូងដែលយើងត្រូវធ្វើ គឺកំណត់ថា តើកូនទទួលបានការយកចិត្តទុកដាក់ និងលួងលោមគ្រប់គ្រាន់ដែរឬទេ។ បន្ទាប់មកយើងត្រូវសង្កេតមើលថា តើកូនយើងមានតម្រូវការផ្សេងទៀត ឬអត់? តើកន្ទបអាអូនកខ្វក់ទេ ដល់ពេលប្តូរនៅ? ដល់ម៉ោងឲ្យញ៉ាំនៅ? តើកូនស្រេកទឹកដែរឬទេ? តើកូននឿយហត់ដែរឬទេ?
បើមាន យើងត្រូវបំពេញតាមតម្រូវការកូន បន្ទាប់មកប្តូរអាអូនទៅកន្លែងផ្សេងមួយទៀត។ បើសិនជាកូននៅក្នុងអង្រឹង ត្រូវយកកូនចេញមកក្រៅ និងឲ្យអាអូនដើរក្នុងសួន។ បន្ទាប់មកត្រូវប្រាកដថាកូនយើងមានរបស់លេងគ្រប់គ្រាន់។ កុំឱ្យកូនយើងគិតថាការយំ គឺជាមធ្យោបាយតែមួយគត់ដើម្បីបានការយកចិត្តទុកដាក់ពីយើង។ សូមកុំមានអារម្មណ៍ថាខ្លួនយើងខុសដែលទុកឲ្យកូនលេងតែម្នាក់ឯងនោះ កូនត្រូវការសេរីភាពក្នុងការរៀនសូត្រ និងស្វែងយល់រឿងរ៉ាវដោយខ្លួនឯង។ ចុងក្រោយម៉ាក់ប៉ាកុំភ្លេចថាកូននៅតែត្រូវការឱបក្នុងរង្វង់ដៃដ៏សែនកក់ក្តៅរបស់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 370-384.
កំណែប្រែបច្ចុប្បន្ន
27/11/2019
អត្ថបទដោយ Oum Voutha
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ