ការលូតលាស់ និងអាកប្បកិរិយា
១- កូនចេះអីខ្លះ?
អាអូនចាប់ផ្ដើមចេះចាប់អារម្មណ៍ ហើយចេះខ្លាចមជ្ឈដ្ឋានជុំវិញខ្លួន ដូចជាពួកគេខ្លាចនឹងសំឡេងម៉ាស៊ីនបោកខោអាវ ឬម៉ាស៊ីនកិនទឹកក្រឡុក ឬរបស់ផ្សេងទៀត។
២- ត្រៀមអីខ្លះ?
ត្រូវហើយ អាអូនចាប់ផ្ដើមពេញរពឹស ពេញកូរហើយ។ យើងអាចចាប់ផ្ដើមបង្រៀនកូន ថាអីគួរ ឬអ្វីមិនគួរធ្វើ។ ចាប់ផ្ដើមដាក់វិន័យ មានគោលការណ៍ ក្នុងការអប់រំកូន ហើយត្រូវតែអនុវត្តពេលធ្វើខុសម្ដងៗ។ តែទោះធ្វើខុស ក៏ប៉ាម៉ាក់ មិនគួរស្រែកគំហក ឬស្ដីបន្ទោសដោយអត់មូលហេតុមកជាមួយគ្រប់ពេលនោះដែរ។ យើងអាចធ្វើជាខឹង ហើយនិយាយម៉ឺងម៉ាត់ជាមួយគេ។
ការលេងក៏ជារឿងមួយសំខាន់ដែរសម្រាប់ឲ្យកូនបានរៀនសូត្រ បង្កើនចំណេះដឹងខាងផ្នែកទំនាក់ទំនង និងទំនុកចិត្តលើខ្លួន។ គួរសារ៉េពេលឲ្យកូនលេងឲ្យបានគ្រប់គ្រាន់។ បើឃើញកូនអង្គុយលេងតែឯងកុំពិបាកចិត្តអី ព្រោះវាជួយឲ្យកូនមានឯករាជ្យលើខ្លួនឯង និងរិះរកនូវអ្វីដែលថ្មី។ យ៉ាងណាមិញ យើងអាចលួចមើលកូនៗលេងពីចម្ងាយបាន។
សុខភាព និងសុវត្ថិភាព
៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
បើធម្មតា គ្មានអីប្លែកទេ មិនចាំបាច់ទៅជួបពេទ្យទេ លុះត្រាតែអាអូនមានការលូតលាស់ខុសធម្មតា។ អ្វីដែលគួរយកចិត្តទុកដាក់ និងបារម្ភ គឺរឿងវ៉ាក់សាំង។ គួរពិភាក្សាជាមួយពេទ្យពីវ៉ាក់សាំងដែលត្រូវចាក់ តើវាគ្រប់ចំនួនអត់ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការការពារកូនពីជំងឺឆ្លង។
៤- ត្រូវដឹងអីខ្លះ?
ពេទ្យអាចឲ្យយោបល់រឿងផ្ដាច់ អត់ឲ្យអាអូនបៅដបទឹកដោះគោ។ បើអត់ទាន់ដល់ពេលផ្ដាច់ដោះទេម៉ាក់ៗអាចឲ្យកូនបន្តបៅទឹកដោះបូមទុក ទឹកដោះគោម្សៅ ឬទឹកក្រូចបាន។ បើដល់អាយុត្រូវផ្ដាច់ហើយ គួរចាប់ផ្ដើមបន្ថយបន្តិចម្ដងៗ។ ការផ្តាច់យកតែម្តង កូនរករឿង យំឡាំប៉ាមិនខាន។ ដំបូងឲ្យពួកគេរៀនញ៉ាំអាហារពេលព្រឹកដោយក្រេបពីកែវ ឬស្លាបព្រាបន្ទាប់មកចាំចូលដល់អាហារថ្ងៃត្រង់ហើយចុងក្រោយគេ គឺអាហារពេលយប់។
ការព្រួយបារម្ភ
៥- រឿងអីខ្លះគួរបារម្ភ?
ម៉ាក់គ្រប់រូបតែងបារម្ភពីទម្ងន់កូន ទោះបីជាកូនធំហើយក៏នៅតែបារម្ភដែរ។ អាអូនក្នុងវ័យនេះពុំសូវញ៉ាំច្រើនទេ។ អ្វីដែលគួរព្រួយ ពេលដែលកូនមិនសូវធ្វើសកម្មភាព (អត់សូវលេង) ហើយស្រកគីឡូ ព្រោះជាសញ្ញាថាពួកគេមានបញ្ហាអ្វីមួយមិនស្រួលហើយ។
កុំបារម្ភតែរឿងស្រក សូម្បីតែឡើងគីឡូ ក៏គួរបារម្ភដែរ។ ត្រូវឲ្យកូនញ៉ាំអាហារដែលល្អចំពោះសុខភាព និងកំណត់បរិមាណជាតិស្ករដែលគេញ៉ាំ។ ម៉ាក់ប៉ាមិនចាំបាច់បារម្ភពេកទេ ព្រោះពេលពួកគេចេះដើរច្រើនហើយរត់នោះអាអូននឹងស្រកគីឡូហើយលូតកម្ពស់ដោយខ្លួនឯង។
កុំបារម្ភពេលកូនផ្ដាសាយព្រោះផ្ដាសាយនោះភាគច្រើនជាផ្ដាសាយធម្មតាទេ ហើយនឹងបាត់ទៅវិញដោយឯកឯង។ មិនគួរឲ្យថ្នាំផ្ដេសផ្ដាសទៅកូនទេ ព្រោះថ្នាំមួយចំនួនមិនអាចប្រើចំពោះក្មេងអាយុក្រោម ២ឆ្នាំទេ។ បើសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]