ពេលកូនអាយុបាន ៦ខែ ម៉ាក់ៗប្រាកដជាធ្វើបបរខាប់គ្រប់គ្រឿងឲ្យញ៉ាំ បន្ថែមពីលើការបំបៅដោះកូន។ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺមិនត្រូវឲ្យម៉ាក់បង់អំបិល ស្ករ ទឹកត្រី ទៅក្នុងបបរខាប់គ្រប់គ្រឿងនោះទេ តែត្រូវបង់ប្រេងឆា ឬប្រេងអូលីវបន្តិច។
ទោះបីជាយ៉ាងនេះក៏ ម៉ាក់ៗមួយចំនួនតែងតែលួចបង់អំបិលបន្តិចចូលទៅបបរកូន ដោយបារម្ភបើមិនដាក់អំបិល ឬស្ករ បបរសាបសឹង កូនញ៉ាំទៅគ្មានរសជាតិអីទេ។
ទម្លាប់ធ្វើបែបនេះ លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលអះអាងថា មិនល្អនោះទេ កូនក្មេងកាលណាញ៉ាំប្រៃ ឬញ៉ាំផ្អែមពេក ធ្វើឲ្យមានបញ្ហាសុខភាពទៅថ្ងៃមុខ ពិសេសពាក់ព័ន្ធនឹងបញ្ហាក្រលៀន។ វេជ្ជបណ្ឌិតទទួលបន្ទុកផ្នែកអាហារូត្ថម្ភរូបនេះបានពន្យល់ថា ក្មេងទើបតែចប់ពីបៅដោះម្តាយ ចូលមកញ៉ាំបបរ គឺនៅរសជាតិដូចគ្នា អណ្តាតក្មេងអត់ទាន់បានប៉ះពាល់រសជាតិអីនោះទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះយើងមិនបាច់បារម្ភថា បបរសាបអ៊ីចឹង កូនញ៉ាំមិនកើតនោះទេ។
“ជាគោលការណ៍យើងអត់ចង់ឲ្យទារក ឬកុមារតូចៗ ញ៉ាំអ្វីដែលប្រៃ ឬផ្អែមពេលនោះទេ ជួនកាលមាត់យើង យើងធ្លាប់ញ៉ាំប្រៃ ផ្អែម យើងអត់ដឹងថា កម្រិតហ្នឹងប្រៃផ្អែមប៉ុនណាទេ។ អ៊ីចឹងហើយតាមគោលការណ៍របស់ក្រសួងសុខាភិបាល យើងអត់ឲ្យដាក់អំបិលទេ អត់ចាំបាច់ដាក់តែម្តង’។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។
[embed-health-tool-vaccination-tool]