ដើម្បីលូតលាស់បានល្អ អាអូនតូចៗទាមទារឲ្យមានការចិញ្ចឹមបីបាច់ល្អដូចគ្នា។ ចំពោះទារកចាស់ខែ ដូច៥-៦ខែ មិនអាចនៅតែបៅដោះម្ដាយតែមួយមុខទៀតទេ ត្បិតទឹកដោះម្ដាយសារធាតុចិញ្ចឹមច្រើន ប៉ុន្តែមិនអាចផ្គត់ផ្គង់ដល់អាអូនឲ្យលូតលាស់ធំទៅៗ បានគ្រប់គ្រាន់ទេ និងអាចឲ្យអាអូនជួបបញ្ហាផ្សេងៗផងដែរ។
បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាបត្រពីបារាំងបានឲ្យដឹងថា ចំពោះទារកដែលមានអាយុ៦ខែឡើងទៅ ហើយម៉ាក់ប៉ានៅមិនទាន់ផ្ដល់អាហារូបត្ថម្ភឲ្យកូន វាអាចផ្ដល់ផលប៉ះពាល់ច្រើនដល់អាអូនបានដូចជា៖
– ទម្ងន់
– ខ្វះនូវអាហារូបត្ថម្ភ
– ពិបាកធ្វើចលនាមាត់។ល។
វេជ្ជបណ្ឌិតជំងឺកុមាររូបនេះ ពន្យល់ថា កាលណាម៉ាក់ប៉ាផ្ដល់់អាហារូបត្ថម្ភឲ្យអាអូនយឺតពេក វាអាចបណ្ដាលឲ្យមានការយឺតយាវក្នុងការធ្វើចលនាមាត់របស់អាអូនដូច ការទំពា ការនិយាយបញ្ចេញសំឡេង។ ក្នុងករណីដែលកូនមិនញ៉ាំអាហារូបត្ថម្ភផ្សេងៗ ដូចនេះកូនយើងចេះតែបឺតជញ្ជក់ ជាហេតុបណ្ដាលឲ្យអាអូនមានបញ្ហាក្នុងការញ៉ាំអាហារ។
មួយវិញទៀត កាលណាម៉ាក់ប៉ា យូរនឹងឲ្យកូនញ៉ាំ ឬភ្លក់អាហារផ្សេងៗ ជាពិសេស ពេលកូនមានអាយុ១០ខែឡើងទៅ អាអូនអាចនឹងមានបញ្ហាមួយទៀតគឺ ខ្លាចនូវអ្វីដែលថ្មី។ នេះមានន័យថា ពេលដែលម៉ាក់ប៉ាឲ្យអាហារថ្មីប្លែកៗ ទៅឲ្យអាអូនញ៉ាំ កូនអាចមិនព្រមញ៉ាំ ងៀកមុខចេញ ឬយំជាដើម ព្រោះវាជារបស់ថ្មី កូនមិនដែលស្គាល់ពីមុន វាប្រៀបបានដូចជាជួបមនុស្សប្លែកមុខដែរ។ ជួនកាល បញ្ហានេះអាចបណ្ដាលឲ្យអាអូនក្លាយក្មេងរើសអាហារបានផងដែរ។
លោកស្រីបញ្ជាក់បន្ថែមថា នេះមិនមែនមានន័យថា ម៉ាក់ប៉ាគ្រប់រូបគួរផ្ដល់អាហារូបត្ថម្ភឲ្យអាអូនញ៉ាំលឿនពេកដែរ (ក្រោមអាយុ៦ខែ) ព្រោះសរីរាង្គគ្រឿងក្នុងរបស់អាអូននៅខ្ចី វាក៏អាចផ្ដល់ផលប៉ះពាល់មិនល្អទៅដល់អាអូនដែរដូចជា ប្រតិកម្មជាមួយចំណីអាហារ ងាយឈឺ ងាយឆ្លងមេរោគ។ល។
[embed-health-tool-vaccination-tool]