នៅពេលដែលទារកលូតលាស់ធំទៅៗ អាអូនបៅត្រឹមតែទឹកដោះម្ដាយ ឬទឹកដោះគោតែមួយមុខមិនជួយដល់ការលូតលាស់របស់កូនបានពេញលេញទេ ។ ហេតុនេះហើយ ទើបម៉ាក់ប៉ាគួរតែចាប់ផ្ដើមផ្ដល់អាហារបន្ថែមដល់អាអូន ដើម្បីជួយបំពេញសារធាតុចិញ្ចឹមជួយដល់ការលូតលាស់របស់កូន។
នៅអាយុ ៦ខែ ទឹកដោះម្ដាយនៅតែជាប្រភពអាហារចាំបាច់សម្រាប់កូន ប៉ុន្តែទឹកដោះតែមួយមុខមិនគ្រប់គ្រាន់ដល់ការលូតលាស់របស់កូនឡើយ ជាហេតុដែលម៉ាក់ប៉ាគួរបន្ថែមអាហារពិតប្រាកដដល់កូនឲ្យបានគ្រប់មុខទើបល្អដល់ការលូតលាស់កូន និងសុខភាពកូនល្អ។
ផ្ដល់អាហារឲ្យកូន៖ ៦-៨ខែ
ចាប់ពី ៦-៨ខែ ម៉ាក់ប៉ាអាចបញ្ចុកអាហារទន់ៗកន្លះពែង ៣-៤ដង/ថ្ងៃ។ នៅអាយុប៉ុណ្ណេះ អាអូនអាចញ៉ាំអាហារអ្វីក៏បានដែរ លើកលែងតែទឹកឃ្មុំ ព្រោះក្នុងទឹកឃ្មុំមានបាក់តេរីមួយចំនួនដែលប្រព័ន្ធរំលាយអាហារអាអូននៅខ្ចីមិនអាចទ្រាំទ្របាន រហូតដល់កូនអាយុ១ឆ្នាំ។ យើងអាចចាប់ផ្ដើមពីអាហារសម្រន់ល្អៗដូចជា ផ្លែឈើទន់ ឬកិនឲ្យម៉ដ្ត រវាងម៉ោងអាហារពេល តែអាអូនក៏ត្រូវបៅដោះម៉ាក់ៗឲ្យបានច្រើនដែរ ទើបល្អ។
ផ្ដល់អាហារឲ្យកូន៖ ៩-១១ខែ
ចាប់ពីអាយុ៩-១១ខែទៅ អាអូនអាចញ៉ាំអាហារកន្លះពែង ៣-៤ដង/ថ្ងៃ បូកជាមួយអាហារសម្រន់តិចតួចទៀត។ នៅពេលកូនមានអាយុប៉ុណ្ណេះ យើងអាចផ្ដល់អាហារទន់ៗឲ្យកូនដោយមិនចាំបាច់កិនវាឲ្យម៉ដ្តបាន ហើយកូនអាចចាប់ផ្ដើមរៀនញ៉ាំអាហារដោយខ្លួនឯង។ ទោះយ៉ាងណា បើអាចអាអូនគួរតែនៅបន្តបៅដោះម្ដាយដដែល។
ម៉ាក់ប៉ាត្រូវចាំថា គ្រប់អាហារដែលផ្ដល់ឲ្យកូន ត្រូវផ្ទុកសារធាតុចិញ្ចឹមច្រើន និងងាយស្រួលដល់អាអូនញ៉ាំ។ អាហារទាំងនោះត្រូវសម្បូរដោយថាមពល និងជីវជាតិផ្សេងៗដូចជា បន្លែ ផ្លែឈើ ពពួកសណ្ដែក គ្រាប់ធញ្ញជាតិ ជាតិខ្លាញ់ល្អ ពិសេសនោះគឺសាច់សត្វដូច អាហារផលិតពីទឹកដោះគោ ស៊ុត ត្រី សាច់។ល។ ការដែលឲ្យកូនញ៉ាំអាហារបានច្រើនមុខរៀងរាល់ថ្ងៃ គឺជាឱកាសដ៏ល្អមួយឲ្យអាអូនស្រូបយកសារធាតុចិញ្ចឹមត្រូវការសម្រាប់ការលូតលាស់។
ប៉ុន្តែ ក្នុងករណីដែលកូនប្លែកអាហារ ដាក់ចូលមាត់ខ្ជាក់ចេញៗ ម៉ាក់ប៉ាមិនចាំបាច់បង្ខំកូនឲ្យញ៉ាំទៀតទេ ហើយបើអាច គួរតែសាកឲ្យកូនញ៉ាំម្ដងទៀត នៅ២-៣ថ្ងៃក្រោយ។ មួយវិញទៀត ម៉ាក់ប៉ាអាចលាយអាហារចូលគ្នា ដោយយកអាហារដែលកូនចូលចិត្ត ទៅលាយជាមួយអាហារថ្មី ឬមួយក៏ច្របាច់ទឹកដោះពីលើក៏បាន។
[embed-health-tool-vaccination-tool]