ក្មេងតូចត្រូវការការមើលថែទាំជាចាំបាច់ ក្នុងនោះការគិតគូរពីចំណីអាហារក៏ជារឿងសំខាន់បំផុតដែរ។ ដើម្បីជាចំណេះដឹងដល់ម៉ាក់ប៉ាដែលមានកូនតូចៗ Hello គ្រូពេទ្យ នឹងបង្ហាញនូវប្រភេទ និងបរិមាណអាហារូបត្ថម្ភកុមារទៅតាមអាយុ ចាប់ពីពេលកើតភ្លាម រហូតដល់អាយុ ៥ ឆ្នាំ។
អាយុ ០ – ៦ខែ ៖ ក្នុងរយៈពេល ៦ ខែដំបូងនេះ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ គឺគ្រប់គ្រាន់ហើយ ម៉ាក់ៗមិនចាំបាច់ឲ្យកូនញ៉ាំអីផ្សេងនោះទេ សូម្បីតែទឹក។
ចាប់ពីអាយុ ៦ ខែ ឡើងទៅ រហូតដល់អាយុ ២ឆ្នាំ ម៉ាក់ៗត្រូវឲ្យអាហារបំប៉នបន្ថែមទៅកូនពីលើទឹកដោះម្តាយ ឬទឹកដោះគោ ដោយចាប់ផ្តើមពីអាហារទន់ៗ ដែលក្នុងនោះបបរខាប់គ្រប់គ្រឿង គឺជាអាហារូបត្ថម្ភដ៏សំខាន់សម្រាប់កុមារ ដើម្បីជួយដល់ការលូតលាស់លាស់ផ្នែករាងកាយ និងបញ្ញាស្មារតី។ នេះបើតាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យ កុមារជាតិ។
អាយុ ៦ ខែ៖ ឲ្យកូនញ៉ាំបបរខាប់គ្រប់គ្រឿង ២ដង/ថ្ងៃ ដោយម្តងៗឲ្យញ៉ាំ ២-៣ ស្លាបព្រាបាយ បន្ថែមពីលើការញ៉ាំទឹកដោះម៉ាក់ ឬទឹកដោះគោ។
អាយុ ៧-៨ ខែ៖ ការញ៉ាំ បបរខាប់គ្រប់គ្រឿងកើនដល់ ៣ដង/ថ្ងៃ ១ដងកន្លះចានចង្កឹះ បន្ថែមពីលើការម៉ឹមដោះ។
អាយុ ៩-១១ ខែ៖ ញ៉ាំបបរខាប់គ្រប់គ្រឿង ៣ដង/ថ្ងៃ ញ៉ាំម្តងៗកាចចានចង្កឹះ បន្ថែមពីការលើម៉ឹមដោះ និងផ្តល់អាហារក្រៅពេល ១ដង/ថ្ងៃ ដូចជាចេកទុំ ស្វាយទុំ ល្ហុងទុំ ឬផ្លែឈើដទៃទៀត ដោយកិនឲ្យម៉ដ្ដ។
អាយុ ១២-២៤ ខែ៖ ឲ្យកូនញ៉ាំ បបរខាប់គ្រប់គ្រឿង ៣ដង/ថ្ងៃ ១ដង ១ចានចង្កឹះពេញ បន្ថែមពីការលើការបំបៅដោះ និងផ្តល់អាហារក្រៅពេល ២ដង/ថ្ងៃ ដូចជាចេកទុំ ស្វាយទុំ ល្ហុងទុំ ដំឡូងស្ងោរ ឬផ្លែឈើផ្សេងៗទៀត។
អត្ថបទពាក់ព័ន្ធ៖ អូនៗអាយុបាន៦ខែហើយ តោះ! រៀនធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំ
អាយុ ២-៣ ឆ្នាំ ៖ កុមារអាចញ៉ាំអាហារជាមួយមនុស្សធំ ឬគ្រួសារបាន ៣ដង/ថ្ងៃ ហើយបើកូននៅបន្តបៅដោះម្តាយ ឬទឹកដោះគោ ម៉ាក់ៗត្រូវបន្តបំបៅដោះកូន។ ពេលញ៉ាំអាហារជាមួយគ្រួសារ ម៉ាក់ប៉ាកុំឲ្យកូនញ៉ាំអាហារដោយខ្លួនឯង ព្រោះកូននៅតូច ខ្លាចក្រែងកូនញ៉ាំមិនគ្រប់គ្រាន់ ឬមិនញ៉ាំបន្លែ ធ្វើឲ្យងាយខ្វះអាហារូត្ថម្ភ។
ក្រៅពីអាហារសំខាន់ទាំង ៣ ពេល យើងត្រូវផ្តល់ចំណីអាហារបន្ថែម ២ដង/ថ្ងៃ ដូចជាចេកទុំ ល្ហុងទុំ ស្វាយទុំ ស៊ុតស្ងោរ ដំឡូងស្ងោរ ឬផ្លែឈើផ្សេងទៀត តាមចំណង់ចិត្តកុមារ តែកុំឲ្យកូនញ៉ាំបង្អែមច្រើនពេក ឬនំកញ្ចប់ នៅចន្លោះពេលបាយ។
អាយុ ៣-៥ ឆ្នាំ៖ កុមារអាចញ៉ាំបាយដោយខ្លួនឯងបាន តែយើងជាម៉ាក់ប៉ាត្រូវចាំមើលកូន តើកូនញ៉ាំគ្រប់គ្រាន់ទេ ញ៉ាំអាហារចម្រុះមុខអត់ និងត្រូវផ្តល់ចំណីអាហារបន្ថែម ២ដង/ថ្ងៃ ដូចនឹងកាលអាយុ២-៣ឆ្នាំដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]