backup og meta

វិធីសាស្រ្តការពារកូនតូចពីការរលាកត្រចៀក ឬអំបៅអំបែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 03, 2021

    វិធីសាស្រ្តការពារកូនតូចពីការរលាកត្រចៀក ឬអំបៅអំបែក

    ជាធម្មតាការរលាកត្រចៀក ឬអំបៅអំបែកច្រើនកើតលើកុមារដែលមានអាយុ ៥ឆ្នាំ ឬទាបជាង​នេះ ដែលបណ្តាលឱ្យកុមារឈឺ និងហើមក្រដាសត្រចៀក។ តើ​ប៉ាម៉ាក់ត្រូវធ្វើដូចម្តេចដើម្បីការពារកូនតូចពីការរលាកត្រចៀក?

    ការរលាកត្រចៀក ឬអំបៅអំបែកកើតឡើងនៅពេលមានបាក់តេរី ឬវីរុសឆ្លងចូលក្នុងក្រដាសត្រចៀក និងបណ្តាល​ឱ្យមាន​ទឹកដក់នៅពីក្រោយក្រដាស​​ត្រចៀក។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចប្រើដើម្បីការពារកូនតូចពីការរលាកត្រចៀក៖

    ១. បំបៅកូនដោយទឹកដោះ

    ម៉ាក់ៗគួរបំបៅកូនដោយទឹកដោះរហូតដល់អូនតូចមានអាយុយ៉ាង​តិច ៦ខែ ​ឬ​លើស​ពី​នេះ ព្រោះអង់ទីករ​ក្នុង​ទឹក​ដោះម្តាយ​អាចកាត់បន្ថយអត្រានៃការរលាកត្រចៀក​បាន។

    ចង់ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចទីនេះ!

    ២. ការពារ​កូន​ពីផ្សែង​បារី

    ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់នឹងផ្សែងបារីងាយរលាកត្រចៀក​ណាស់។ សូម្បីតែ​ផ្សែង​បារីដែលជាប់លើសក់ ឬសម្លៀកបំពាក់របស់​ប៉ាម៉ាក់ក៏អាចប៉ះពាល់ដល់អាអូនដែរ។

    ៣. បង្ការជំងឺផ្តាសាយ

    ប៉ាម៉ាក់គួរបង្ការកូនពីជំងឺផ្តាសាយក្នុងអំឡុងឆ្នាំដំបូងនៃជីវិត ព្រោះភាគច្រើននៃការ​រលាក​ត្រចៀក​បណ្តាលមកពីជំងឺផ្តាសាយ។ កុំចែករំលែករបស់ក្មេងលេង អាហារ ពែងទឹក ឬឧបករណ៍​ប្រើប្រាស់របស់អូនតូច​ជាមួយក្មេងដទៃ។ ប៉ាម៉ាក់ត្រូវលាងដៃ និងឱ្យកូនលាងដៃបានញឹកញាប់ និង​ចៀសវាង​ឱ្យ​អូនតូចនៅជិតអ្នកមានជំងឺផ្តាសាយ។

    លាងដៃ

    ៤. បញ្ឈរអូនតូចបន្តិចពេលបំបៅទឹកដោះគោ

    ពេលបំបៅទឹកដោះគោ ម៉ាក់ៗគួរដាក់អាអូនបញ្ឈរបន្តិច (ដាក់ក្បាលឱ្យខ្ពស់ជាងពោះ)។ ការឱ្យ​អូន​តូចគេងពេល​បៅទឹកដោះគោអាចបណ្តាលឱ្យទឹកដោះគោហៀរចូលទៅក្នុងរន្ធខ្សល់ដែលភ្ជាប់បំពង់អាហារទៅនឹងត្រចៀកកណ្តាល។

    ៥. តាម​ដានការដកដង្ហើមតាមមាត់ ឬស្រមុករបស់អូនតូច

    ប្រសិនបើអូនតូចស្រមុក ឬដកដង្ហើមតាមមាត់ជាប្រចាំ នោះ​អាចបណ្តាលមកពី adenoids (ដុំសាច់​ស្ថិត​នៅខាងក្រោយបំពង់ក) រីកធំ ឬហើមដែលអាចបណ្តាលឱ្យអូនតូចរលាកត្រចៀកដែរ​។

    ៦. នាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ

    ប៉ាម៉ាក់គួរនាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ ពេលអូនតូចមានអាយុចាប់ពី ៦ខែឡើង​ទៅ។

    ប្រសិនបើអូនតូចមានអាការៈ និង​រោគ​សញ្ញាដូចខាងក្រោម ​អូន​តូចអាច​​រលាក​ត្រចៀក​៖

  • ឈឺត្រចៀក (ជាពិសេសពេលទំពារ បឺត ឬគេង)
  • ហើម ឬក្រហមត្រចៀកខាងក្រៅ
  • ទាញ ឬញីត្រចៀក
  • មានទឹកហៀរចេញពីត្រចៀក
  • មានបញ្ហាក្នុងការស្តាប់
  • មួម៉ៅ
  • ក្អួត
  • ឈឺក្បាល
  • គ្រុនក្តៅ
  • ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានអាការៈនៃការរលាកត្រចៀកឬអំបៅអំបែក ប៉ាម៉ាក់គួរនាំអូន​តូច​ទៅជួបគ្រូពេទ្យកុមារដែលជំនាញខាងត្រចៀក ច្រមុះ និង​បំពង់ក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម