ម៉ាក់ប៉ាមិនត្រឹមតែមានតួនាទីចិញ្ចឹមថែទាំកូនទេ ប៉ុន្តែម៉ាក់ប៉ាក៏មានទំនួលខុសត្រូវជួយដល់ការវិវត្តភាពវៃឆ្លាតរបស់កូនរួមទាំងភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍ដែរ។ ភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍គឺអាចកំណត់សមត្ថភាពក្នុងការបង្ហាញ និងគ្រប់គ្រងអារម្មណ៍របស់កូនទៅកាន់អ្នកដទៃ ។ ជំនាញនេះកូនអាចរៀនបាននៅគ្រប់វ័យដោយម៉ាក់ប៉ាអាចជួយកូនបាន។
១. បង្រៀនពីការបង្ហាញអារម្មណ៍
កូនត្រូវដឹងពីរបៀបក្នុងការបង្ហាញពីអារម្មណ៍របស់ខ្លួន។ ម៉ាក់ប៉ាអាចជួយកូនដោយប្រាប់កូនពីអារម្មណ៍នីមួយៗ ប្រសិនបើមានការសង្ស័យថាកូនកំពុងមានអារម្មណ៍ណាមួយនោះ។ នៅពេលកូនអារម្មណ៍មិនល្អពេលលេងហ្គេមចាញ់ ម៉ាក់ប៉ាអាចនិយាយប្រាប់កូនពីអារម្មណ៍របស់ពួកគេថា មើលទៅមានអារម្មណ៍ខឹង ឬមិនសប្បាយចិត្ត។ ពាក្យបង្ហាញពីអារម្មណ៍ដូចជាខឹង មិនសប្បាយចិត្ត អៀន និងឈឺចាប់ អាចជួយឲ្យកូនរៀនបង្ហាញពីអារម្មណ៍របស់ពួកគេបាន។ ម៉ាក់ប៉ាក៏ត្រូវបង្រៀនកូនបង្ហាញពីអារម្មណ៍ល្អដែរដូចជាសប្បាយចិត្ត និងរំភើបជាដើម។
២. បង្ហាញការយល់ចិត្ត
នៅពេលកូនមិនសប្បាយចិត្ត ម៉ាក់ប៉ាគួរចៀសវាងប្រើពាក្យសម្ដីណាដែលអាចបង្រៀនកូនថាការមានអារម្មណ៍បែបនេះគឺជារឿងមិនត្រឹមត្រូវ។ មធ្យោបាយដែលល្អគឺទទួលដឹងពីអារម្មណ៍របស់កូន និងបង្ហាញពីការយល់ចិត្តទោះបីជាម៉ាក់ប៉ាមិនដឹងពីមូលហេតុក៏ដោយ។ ប្រសិនជាកូនយំនៅពេលម៉ាក់ប៉ាមិនអនុញ្ញាតឲ្យធ្វើអ្វីមួយ ម៉ាក់ប៉ាអាចបង្ហាញថាខ្លួនយល់ពីអារម្មណ៍នេះ និងប្រាប់ពីមូលហេតុដល់កូន។ នៅពេលកូនដឹងថាម៉ាក់ប៉ាដឹងពីអារម្មណ៍របស់ពួកគេ នោះកូននឹងមិនស្រែក ឬយំដើម្បីបង្ហាញពីអារម្មណ៍នៅពេលខឹងទេ។
៣. ប្រាប់ពីវិធីបង្ហាញអារម្មណ៍
មុននឹងកូនអាចបង្ហាញអារម្មណ៍របស់ខ្លួន កូនត្រូវដឹងពីវិធីដែលបង្ហាញអារម្មណ៍ត្រឹមត្រូវសិន ដូចជាការនិយាយប្រាប់ពីអារម្មណ៍ពួកគេ ឬគូររូបបង្ហាញជាដើម។ ប៉ុន្តែការបង្ហាញអារម្មណ៍ដោយការយំ ឬគប់របស់គឺមិនត្រឹមត្រូវទេ។ វិធីដែលល្អក្នុងការបង្រៀនកូនឲ្យចេះបង្ហាញអារម្មណ៍គឺម៉ាក់ប៉ាអនុវត្តការបង្ហាញអារម្មណ៍ជាគំរូដល់កូន។ ម៉ាក់ប៉ាអាចប្រើការសន្ទនារាល់ថ្ងៃជាមួយកូនដើម្បីបង្រៀនកូនបាន។
៤. បង្រៀនកូនពីការគ្រប់គ្រងអារម្មណ៍
នៅពេលកូនដឹងពីអារម្មណ៍របស់ខ្លួនឯង ពួកគេត្រូវរៀនពីវិធីគ្រប់គ្រងអារម្មណ៍ទាំងនោះ។ ការដឹងពីវិធីបន្ធូរអារម្មណ៍ លើកទឹកចិត្តខ្លួនឯង ឬប្រឈមនឹងភាពភ័យខ្លាចអាចនឹងមានការលំបាកសម្រាប់កូនតូច។ ប៉ុន្តែម៉ាក់ប៉ាអាចបង្រៀនកូនបាននូវតិចនិកមួយចំនួនដូចជាការដកដង្ហើមវែងៗពេលខឹងជាដើម។ ម៉្យាងទៀត ម៉ាក់ប៉ាអាចជួយកូនបង្កើតសកម្មភាពផ្សេងៗដើម្បីគ្រប់គ្រងអារម្មណ៍របស់ពួកគេដូចជាការផាត់ពណ៌ អានសៀវភៅ និងស្តាប់ចម្រៀង។
៥. បង្រៀនកូនដោះស្រាយបញ្ហា
ការដោះស្រាយបញ្ហាក៏ជាផ្នែកមួយនៃភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍ដែរ។ ក្រោយពីដឹងអារម្មណ៍របស់ខ្លួន កូនក៏ត្រូវដឹងពីវិធីដោះស្រាយបញ្ហាដោយខ្លួនឯង។ នៅពេលកូនជួបប្រទះនឹងបញ្ហា ឬអារម្មណ៍ខឹងទៅលើរឿងអ្វីមួយ ម៉ាក់ប៉ាអាចក្លាយខ្លួនជាអ្នកណែនាំកូនដោយជួយពួកគេក្នុងការរកដំណោះស្រាយទៅលើបញ្ហានោះ។ អ្វីដែលត្រូវធ្វើនោះគឺឲ្យកូននិយាយពីគំនិតរបស់ពួកគេ និងជួយពួកគេថ្លឹងថ្លែងមើលថាតើគំនិតមួយល្អជាដំណោះស្រាយដ៏ល្អ។ គួរបញ្ជាក់ថា ម៉ាក់ប៉ាគួរធ្វើជាអ្នកណែនាំ និងមិនគួរធ្វើជាអ្នកដោះស្រាយបញ្ហាឲ្យកូនទេ។
[embed-health-tool-vaccination-tool]