backup og meta

ប៉ាម៉ាក់ត្រូវដឹងចំណុចទាំង ៥ នេះ ពេល​រៀបចំអាហារសម្រន់ឲ្យ​កូន​អាយុ១-៣​ ឆ្នាំញ៉ាំ

ប៉ាម៉ាក់ត្រូវដឹងចំណុចទាំង ៥ នេះ ពេល​រៀបចំអាហារសម្រន់ឲ្យ​កូន​អាយុ១-៣​ ឆ្នាំញ៉ាំ

គេ​ជឿ​ថា​អាយុ​ចន្លោះ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ​ ក្មេង​លូត​លាស់​ និង​វិវត្ត​ស្មារតី​លឿន​បំផុត។ ដូចនេះ​ហើយ នេះ​​ជា​ពេល​សំខាន់​ដែល​ត្រូវ​ផ្តល់​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​ចាំបាច់​ដល់​ក្មេង​ឲ្យ​​បាន​គ្រប់​គ្រាន់។ ម្យ៉ាងទៀត ក៏​ជា​ពេល​ដ៏​សម​ស្រប​ក្នុង​ការ​ទម្លាប់​ក្មេង​ឲ្យ​​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព​ផង​ដែរ។ យ៉ាង​ណា​មិញ រឿង​នេះ​​មិន​មែន​ជា​ការ​ងាយ​​ស្រួល​ឡើយ​ក្នុង​ការជ្រើស​និង​ឲ្យ​​​កូន​ញ៉ាំ​អាហារ​សម្រន់​​បាន​ល្អ ​និង​ត្រឹម​ត្រូវ​នោះ។ ខាង​ក្រោម​នេះជា​ចំណុច​ទាំង ៥​ ដែល​ជួយ​ប៉ាម៉ាក់​ក្នុង​ការ​រៀបចំ​​អាហារ​សម្រន់ឲ្យ​កូន​។

១-ជ្រើសរើសអាហារ​ល្អ​សម្រាប់​សុខភាព

ការ​ឲ្យ​កូន​​ញ៉ាំ​អាហារ​សម្រន់​ជាវិធី​ងាយ​ស្រួល​ក្នុង​ការ​បំបាត់​ភាព​ឃ្លាន​របស់​ក្មេង។ ក្មេង​ខ្លះ​ងាយ​ញ៉ាំ​អាហារ​ ទោះ​គេ​ចូលចិត្ត​លេង​ច្រើន​​ក៏​ដោយ ឯ​ក្មេង​ខ្លះ​ទៀត​ក៏​រើស​អាហារ​មិន​ញ៉ាំ​ច្រើន​នោះ​ទេ។

ពពួក​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ និង​ការ​ញ៉ាំ​អាហារ​សម្រន់​ឲ្យ​ទៀង​ពេល​អាច​ជួយ​ធ្វើ​ឲ្យ​​ក្មេង​មិន​សូវ​ឃ្លាន​ខ្លាំង​ទម្រាំ​ដល់​ពេល​បាយ។ យើង​អាច​ជ្រើស​រើស​ពពួក​ផ្លែឈើ បន្លែ ពពួក​អាហារ​ធ្វើ​ពី​អង្ករ​សម្រូប និង​អាហារ​ដែលសម្បូរ​​ទៅ​ដោយ​កាល់ស្យ៉ូម ដែល​នេះ​ជួយ​ឲ្យ​​ក្មេង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។

អ្ន​កជំនាញ​ខាង​អាហារ​ក៏​បាន​ណែនាំ​ផង​ដែរ​ថា ក្មេង​នៅ​អាយុ​នេះ​គួរ​ញ៉ាំ​អាហារ​បីពេល​ក្នុង​មួយ​ថ្ងៃ និង​អាហារ​សម្រន់​ឲ្យ​​ពីរ​ឬ​បី​ពេល​ក្នុង​មួយ​ថ្ងៃ​បន្ថែម​ពី​លើ​នេះ ។ ប៉ាម៉ាក់​អាច​ឲ្យ​កូន​​ញ៉ាំ​អាហារ​សម្រន់​នៅ​ពេល​ព្រឹក ថ្ងៃ​រសៀល និង​ក្រោយ​បាយ​ល្ងាច (បើ​សិន​ជា​ចាំ​បាច់)។​

អត្ថបទពាក់ព័ន្ធ៖

២- រក​អាហារ​ដែល​ត្រឹមត្រូវ​

ក្មេង​តូចៗ​អាយុ​១ទៅ​៣ឆ្នាំ ​មិន​ទាន់​ចេះ​ទៅ​ទិញ​ស្ករ​គ្រាប់​ខ្លួន​ឯង​ទេ។ ម្ល៉ោះ​ហើយ​ការ​សម្រេច​ចិត្តរបស់​ប៉ាម៉ាក់ ​​គឺ​មាន​ឥទ្ធិពល​ណាស់​អំឡុង​ពេល​នេះ។ យើង​ត្រូវ​យក​ឱកាស​នេះ ទម្លាប់​កូន​ឲ្យ​​ញ៉ាំ​របស់​ដែល​ល្អ​សម្រាប់​សុខ​ភាព។ ផ្លែ​ឈើ​ស្រស់​សម្បូរ​​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​មុខ (វីតាមីន សារធាតុ​រ៉ែ ប្រូតេអ៊ីន និង​សារធាតុ​សរសៃ)។ យើង​មិន​គួរ​ឲ្យ​ក្មេង​ញ៉ាំ​អាហារ​​កញ្ចប់ អាហារ​កំប៉ុង​ដែល​​មាន​ស្ករ អំបិល ​និង​ខ្លាញ់​ច្រើននោះទេ​។ អាហារ​ដែល​ស័ក្ដិ​សម​សម្រាប់​កូន​យើង​​មាន​ដូច​ជា៖

-ពពួក cereal ធ្វើ​ពី​ពពួក​អង្ករ​សម្រូប​ដែល​មាន​ស្ករ​តិច

-ផ្លែឈើ​ស្រស់​កាត់​ឲ្យ​​ស្តើងៗ ​ឬ​តូចៗ

-នំ​ស្រួយ​ធ្វើ​ពី​ពពួក​អង្ករ​សម្រូប

-នំដុត​ផ្អែមៗ​តូចៗ

-ចំណិត​ឈីស​ស្តើងៗ

៣- ទម្លាប់ឲ្យ​​ក្មេង​ញ៉ាំ​​ទៀង​ពេល

ក្មេង​ៗ​ងាយ​នឹង​ទម្លាប់​ខ្លួន​ណាស់។ ដូច​នេះយើង​គួរឲ្យ​​ក្មេង​ញ៉ាំ​ មិន​ថា​អាហារ​ទាំង​បី​ពេល​ ឬ​អាហារ​សម្រន់​ឡើយ គឺ​ត្រូវ​រៀបចំឲ្យ​​​បាន​ទៀង​​ពេល​ជា​រៀង​រាល់​ថ្ងៃ។ អារម្មណ៍​ឃ្លាន ​និង​អារម្មណ៍​ឆ្អែត​បង្រៀន​ឲ្យ​​ក្មេង​ចេះ​ឆ្លើយ​តប​ និង​សម្រប​ខ្លួន​ក្នុង​ការ​ញ៉ាំ ដោយ​ដឹង​ថា​ពេល​ណា​ត្រូវ​ញ៉ាំ​ ពេល​ណា​មិន​ត្រូវ​ញ៉ាំ​ទៀត​ផង។ តែ​បើ​ចេះ​តែ​ឲ្យ​ក្មេង​ញ៉ាំ​មិន​ឈប់ គ្មាន​ពេល​វេលា​ត្រឹម​ត្រូវ​នោះ ក្មេង​នឹង​មិន​​ដឹង​ថា​ពេល​ណា​ឃ្លាន​ឬ​ឆ្អែត​ឡើយ ហើយ​គេ​នឹង​ញ៉ាំ​មិន​ឈប់។

គួរ​កំណត់​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​របស់​កូន​ មិន​គួរ​ឲ្យ​​លើស​ពី ១២០​មីលីលីត្រ​ឡើយ​ក្នុង​មួយ​ថ្ងៃ​។ ពេល​កូន​​ស្រេក​ទឹក ញ៉ាំ​ទឹក ​និង​ទឹកដោះគោ​គឺ​ជា​ជម្រើស​ល្អ។ ក្នុង​ករណី​ដែល​កូន​យើង​​ញៀន​នឹង​ទឹក​ផ្លែឈើ យើង​អាចឲ្យ​កូន​​ញ៉ាំ​ផ្លែឈើ​ស្រស់​វិញ ជាជាង​​ទឹក​ក្រូច ​ឬ​ដូច​ជា​ទឹក​ផ្លែឈើ​កំប៉ុង ដែល​មាន​កាលើឡូរី ​និង​ស្ករ​យ៉ាង​ច្រើន​សន្ធឹក​នោះ។

៤- ឲ្យ​​កូន​ជ្រើស​រើស

អូនៗ​នៅ​ជា​ក្មេង​តូច ​តែ​គេ​អាច​សម្រេច​ចិត្ត​បាន​ខ្លះៗ​ហើយ។ ការ​រើស​អាហារ​សម្រន់​ និង​ញ៉ាំ​ដោយ​ខ្លួន​ឯង​អាច​បង្ហាញ​ពី​ភាព​ម្ចាស់​ការ​របស់​ក្មេង​បាន​បណ្តើរៗ​ហើយ។ ដូច​នេះ​គួរ​រៀប​ចំ​អាហារ​ពីរ​បី​មុខ ហើយ​សាក​ល្បងឲ្យ​កូន​​ជ្រើស​រើស​ញ៉ាំ​របស់​ណា​ដែល​គេ​ចង់​ញ៉ាំ​ ហើយ​និង​បរិមាណ​ដែល​គេ​ញ៉ាំ។

គួរ​រៀប​ចំ​អាហារ​ដែល​កូន​​ចូល​ចិត្ត​ជាមួយ​នឹង​អាហារ​ថ្មី​។ សូម​ព្យាយាម​ឲ្យ​​បាន​ច្រើន​ដង បើ​ទោះ​បី​ជា​ក្មេង​មិន​ព្រម​ញ៉ាំ​ក៏​ដោយ។ វា​អាច​នឹង​ពិបាក​បន្តិច​សម្រាប់​យើង​ក្នុង​ការឲ្យ​​អូន​តូច​ញ៉ាំ​អាហារ​ថ្មី​នោះ។ ​

ត្រូវ​ចាំថា​យើង​ក៏​​មិន​គួរ​ឲ្យ​កូន​​រើស​អាហារ​គ្រប់​ពេល​នោះ​ទេ ជាពិសេស​ពេល​អាហារ​ក៏​ដូច​ជា​អាហារ​សម្រន់​ដែល​បាន​រៀប​ចំ​ហើយ​ស្រាប់។ យើង​ត្រូវ​បង្រៀន​គេ​ឲ្យ​​ញ៉ាំ​អាហារ​ដែល​មាន​ស្រាប់ ដើម្បី​កុំ​ឲ្យ​​គេ​មាន​ទម្លាប់​អាក្រក់ រើស​អាហារ​ទៅ​ថ្ងៃ​ក្រោយ។

៥- រឿង​ដែល​គួរ​ចៀសវាង

ប៉ា​ម៉ាក់​មួយ​ចំនួន​ចូល​ចិត្ត​សន្យា​ឲ្យ​​របស់​ឆ្ងាញ់​ៗ​ទៅ​កូន តែ​វា​មិន​មែន​ជា​វិធី​ល្អ​យូរ​អង្វែង​ទេ។ ស្ករ​គ្រាប់​អាច​ធ្វើឲ្យ​​ក្មេង​មាន​អារម្មណ៍​​ថា​គេ​មាន​សុខភាព​ល្អ​ ឬ​រឹង​មាំ​ជាង​ក្មេង​ដទៃ​ តែ​ការពិត​ទៅ ស្ករ​គ្រាប់​មិន​មាន​សារធាតុ​ចិញ្ចឹម​នោះ​ទេ។ ការ​ឲ្យ​​ក្មេង​ញ៉ាំ​ម្តង​ម្កាល ក្នុង​ពេល​ពិសេសៗ​មិន​ជា​បញ្ហា​អ្វី​នោះ​ទេ តែ​មិន​គួរឲ្យ​​​ក្លាយ​ជា​ទម្លាប់​ និង​ជា​អាហារ​សម្រន់​នោះ​ឡើយ។ តែ​យើង​ក៏​មិន​គួរ​ហាម​ផ្តាច់​ចំពោះ​ស្ករ​គ្រាប់​ និង​របស់​ផ្អែមៗ​ផ្សេង​ទៀតដូច​គ្នា​។ យើង​គួរ​ទុក​ជា​ការ​លើក​លែង​ពេល​កូន​​ចង់​ញ៉ាំ​ម្តង​ម្កាល។ ដូច​នេះ​ក្មេង​នឹង​មិន​សូវ​សុំ​ញ៉ាំ​នោះ​ទេ ហើយ​យូរៗ​ទៅ​គេ​ក៏​មិន​សូវ​នឹក​ឃើញ​វា​ដែរ។

ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ គឺ​ចាប់​ផ្តើម​ចេញ​ពី​ទម្លាប់​ការញ៉ាំ​ក្នុង​ផ្ទះ ​និង​នៅ​អាយុ​តិច​នេះ​ឯង។ អាហារ​សម្រន់​​មិន​មែន​ជា​អាហារ​ណា​មួយ​ក្នុង​ចំនោម​អាហារ​ទាំង​បី​ពេល​ដែល​មាន​បរិមាណ​តិច​នោះ​ឡើយ។ យើង​ត្រូវ​បង្រៀន​ក្មេង​ឲ្យ​ចេះ​ជ្រើស​រើស​របស់​ដែល​ល្អ​សម្រាប់​ញ៉ាំ​នៅ​អាយុ​តិច​ៗ​បែប​នេះ នោះ​គេ​នឹង​មាន​ទម្លាប់​ល្អ​នៅ​ថ្ងៃ​ក្រោយ។ គួរ​ចៀស​វាង​អាហារ​កំប៉ុង ញ៉ាំ​យ៉ាង​ច្រើន​ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ។ ប៉ាម៉ាក់​គួរ​ចាំ​ថា​​អាហារ​យើង​ធ្វើ​ដោយ​ខ្លួន​ឯង​គឺ​ល្អ​បំផុត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Snacks for toddlers. http://kidshealth.org/en/parents/toddler-snacks.html# Accessed November 17, 2016.

កំណែ​ប្រែបច្ចុប្បន្ន

04/09/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពេលកូន​មានអាការៈប្រកាច់ប៉ាម៉ាក់ដឹងតែភ័យហើយ តែត្រូវ​ចេះធ្វើរឿងទាំងនេះដែរ​

ប៉ាម៉ាក់មុន​សម្រេចចិត្តឲ្យ​កូនលេងជាមួយ​ឆ្មា គួរដឹងរឿងទាំងនេះសិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Sep 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម