ទម្លាប់របស់ក្មេងៗ គឺចូលចិត្តលេងច្រើន ឲ្យតែមានរបស់របរលេង ឬមានគ្នានៅក្បែរ ទោះឲ្យលេងពេញមួយថ្ងៃក៏មិនធុញទ្រាន់ដែរ។ ម៉ាក់ប៉ាត្រូវចាំថា ការលេងរបស់ក្មេងមិនអត់ប្រយោជន៍នោះទេ ជួយក្មេងបានច្រើនណាស់ ឲ្យតែយើងដឹងពីរបៀបនៃការលេង កំណត់ពេលវេលាលេងឲ្យច្បាស់លាស់ និងចេះជ្រើសរបស់លេងដែលមានប្រយោជន៍ចំពោះកូន។
អ្នកគ្រូ សន សុចិន្ដា បង្រៀននៅសាលាឯកជនថ្នាក់មត្តេយ្យ នៅភ្នំពេញ ថា ការលេងរបស់ក្មេង មិនត្រឹមតែជាការកម្សាន្តដើម្បីតែភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាឧបករណ៍បង្រៀនដ៏សំខាន់ផងដែរ។ តាមរយៈការលេង ក្មេងនឹងរៀនពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងអភិវឌ្ឍជំនាញ អារម្មណ៍ផ្លូវកាយ ផ្លូវចិត្ត។
ទោះជាការលេងផ្តល់ប្រយោជន៍ច្រើនក្តី តែអ្នកគ្រូ សន សុចិន្ដា ណែនាំថា ក្នុង ១ ថ្ងៃ ម៉ាក់ប៉ាអាចឲ្យពេលវេលាកូនពី ៣០ នាទីទៅ ១ ម៉ោង ដើម្បីលេងកម្សាន្ត។ បើច្រើនពេក កូនៗនឹងវក់លេង លែងខ្វល់ពីពេលវេលារៀនសូត្រ ឬស្វែងយល់ពីអ្វីៗផ្សេងទៀត។
អត្ថប្រយោជន៍នៃការលេងរបស់ក្មេង៖
១- ជួយសកម្មភាពរាងកាយ
ការរត់លេង ដើរលេង ឬលេងកីឡាផ្សេងៗ ជួយអភិវឌ្ឍសកម្មភាពរាងកាយ ធ្វើឲ្យមានតុល្យភាពរាងកាយ។ ការចំណាយពេលដើម្បីបញ្ចេញថាមពលរាងកាយតាមបែបធម្មជាតិ ជួយបញ្ចេញជាតិពុលពីខ្លួនដោយការបញ្ចេញញើស ជួយចលនាចង្វាក់បេះដូងនិងដង្ហើម ពង្រឹងសាច់ដុំនិងឆ្អឹងបានល្អ ជួយឲ្យទម្លាប់នៃការញ៉ាំរបស់ក្មេងឲ្យប្រសើរ គេងលក់ស្កប់ស្កល់។
២- ជួយផ្លូវអារម្មណ៍
អំឡុងពេលលេង មិនថាលេងម្នាក់ឯង ឬមានគ្នានោះទេ កូនក្មេងនឹងចេះដោះស្រាយបញ្ហា ឬស៊ូទ្រាំអារម្មណ៍ភ័យខ្លាច ខកចិត្ត បាក់ទឹកចិត្ត ខឹងសម្បារ ហើយគេនឹងចាប់ផ្តើមដឹងពីអារម្មណ៍ទាំងអស់នេះ។
៣- ភ្ជាប់ទំនងទំនាក់សង្គម
កាលណាក្មេងលេងជាមួយក្មេងដទៃ (លេងជាក្រុម) អាចជួយឲ្យពួកគេមានកម្លាំងកំហែងប្រកួតប្រជែងគ្នា ឲ្យចេះសហការគ្នា និងចែករំលែកក្តីស្រលាញ់គ្នាទៅវិញទៅមកជាដើម។ មួយវិញទៀត ជួយឲ្យក្មេងយល់ដឹងពីបរិយាកាសសង្គមបានផ្តល់ឲ្យ។
៤- បង្កើនការយល់ដឹង
ម៉ាក់ប៉ាមានដឹងទេ រយៈពេល ៤-៥ ឆ្នាំដំបូង ជាវ័យដែលខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត។ អ៊ីចឹងក្រៅពីអាហារបំប៉ន ឬទឹកដោះគោដែលសម្បូរ DHA ជួយដល់ខួរក្បាល ការលេងក៏ជួយឲ្យខួរក្បាលលូតលាស់ដែរ។ ពេលគេលេងបណ្ដើរ ក្មេងៗនឹងរៀនគិតបណ្ដើរ រៀនអាន រៀនចងចាំ និងរៀនត្រាប់តាមនូវអ្វីដែលគេកំពុងលេង និងផ្ចង់អារម្មណ៍នៅពេលលេងនោះ។
៥- មានគំនិតច្នៃប្រឌិត
ការលេង ក៏ឱកាសនៃការស្រមើស្រមៃរបស់ក្មេង បង្កើតពិភពផ្ទាល់ខ្លួនរបស់ពួកគេ។ ឧទាហរណ៍ យើងឲ្យក្មេងលេងគូរគំនូរ នោះគេច្បាស់ជាគិតពីអ្វីដែលត្រូវគូរ ដូចជា គេនឹងគូរពីផ្ទះក្នុងស្រមៃរបស់ពួកគេ អាចជាផ្ទះធំ មានសួនច្បារ មានឡានទំនើប មានសត្វចិញ្ចឹមជាដើម ឬគេចង់គូរពីពិភពលោកដ៏ស្រស់បំព្រងមួយ មានចម្រុះជាតិសាសន៍ ដែលទាំងនេះជាគំនិតច្នៃប្រឌិតរបស់ពួកគេ។
៦- ជួយក្នុងការទំនាក់ទំនង
ការលេងធ្វើឲ្យក្មេងផ្លាស់ប្តូរការគិត ព័ត៌មាន ឬសារ តាមរយៈការធ្វើជាសញ្ញា ការនិយាយ សរសរ ឬក៏សកម្មភាព ដែលទាំងនេះជាការភ្ជាប់ជំនាញទំនាក់ទំនង។
អត្ថបទពាក់ព័ន្ធ៖
- មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ
- វ័យកូនចេះដើរ រពឹសខ្លាំង ធ្វើម៉េចកុំឲ្យងាយឆ្លងមេរោគ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]