កុមារតូចៗជាច្រើនប្រឈមនឹងជំងឺរលាកត្រចៀកក្នុង ដែលយើងច្រើនតែហៅតៗគ្នាថា អំបៅអំបែក។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា បញ្ហាបែបនេះភាគច្រើនមកពីអាណាព្យាបាលផ្ទាល់តែម្ដង។ ក្រៅពីនោះលោកក៏បានប្រាប់ពីផលប៉ះពាល់នៃការកើតអំបៅអំបែក និងផលប្រយោជន៍របស់អាចម៍ត្រចៀក។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ បានឲ្យដឹងថា មូលហេតុធ្វើឲ្យកុមាររលាកត្រចៀកក្នុងមកពី ២ មូលហេតុយ៉ាង ទី១ ម៉ាក់ប៉ាយកអ្វីទៅត្បារត្រចៀកកូនផ្ដេសផ្ដាស ឬការខ្វារយកអាចម៍ត្រចៀកកូន ហើយទី២ មកពីដៃក្មេងគគ្រិច ឬក្រចកវែងលូកខ្វះត្រចៀកដោយខ្លួនឯង។ ក្នុងនោះដែរលោកក៏បានពន្យល់ពីផលប្រយោជន៍ និងតួនាទីអាចម៍ត្រចៀក «Ear Wax» មានច្រើនខ្លាំងណាស់៖
១- អាចម៍ត្រចៀកជួយសម្ងួតសំណើមក្នុងត្រចៀក ដែលសំណើមនេះជាកត្តាធ្វើឲ្យត្រចៀកងាយរលាក និងបង្ករោគដោយពពួកបាក់តេរី វីរុស និងផ្សិត ព្រោះពពួកមេរោគទាំងនេះចូលចិត្តកន្លែងសើមៗណាស់។
២- ការពារសត្វល្អិតចូលក្នុងត្រចៀក ព្រោះសត្វល្អិតទាំងនោះមិនចូលចិត្តក្លិន និងរសជាតិល្វីងរបស់អាចម៍ត្រចៀកនោះទេ។
៣- វាជារនាំងជួយការពារពីសំឡេងខ្លាំងៗដែលអាចនាំឲ្យខូចក្រដាសត្រចៀក។ ដូច្នេះហើយយើងមិនចាំបាច់ខំខ្វារយកអាចម៍ត្រចៀកចេញនោះទេ ព្រោះវាមានគុណប្រយោជន៍របស់វា ហើយណាមួយបើយើងខ្វារមិនបានត្រឹមត្រូវគឺវាកាន់តែរុញអាចម៍ត្រចៀកនោះកាន់តែជ្រៅទៅក្នុងត្រចៀកអាចប៉ះពាល់ដល់ក្រដាសត្រចៀក។ អាចម៍ត្រចៀកនឹងធ្លាក់ចេញមកក្រៅដោយឯកឯងនៅពេលដែលវាដល់កំណត់ តែយើងអាចខ្វារវាយកចេញនៅពេលដែលវាមានច្រើនពេករហូតដល់រំខានការស្ដាប់ ឬយើងអាចសម្អាតដោយសម្លីថ្នមៗកុំឲ្យឃើញកខ្វក់ពេក។
ចំណែកផលវិបាកនៃជំងឺរលាកត្រចៀកក្នុង គឺអាចបណ្ដាលឲ្យថ្លង់បាន ដូច្នេះប្រសិនបើមានបញ្ហាណាមួយ សូមទៅជួបវេជ្ជបណ្ឌិតដែលមានឯកទេសត្រឹមត្រូវ ចៀសវាងធ្វើដោយខ្លួនឯង ព្រោះយើងមិនមានជំនាញ។
អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]