ជំងឺស្លេកស្លាំងលើទារក និងកុមារមានច្រើនប្រភេទ តែក្នុងនោះក្មេងជួបញឹកញាប់ជាងគេ គឺជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម។
ចំពោះមូលហេតុសំខាន់ដែលបណ្តាលឲ្យទារក ឬកុមារប្រឈមនឹងកង្វះគ្រាប់ឈាមក្រហមនោះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ អះអាងថា មកពីកត្តាសំខាន់ ២ ទី១ បណ្តាលមកពីជំងឺគ្រាប់ឈាមក្រហមពីកំណើត ដែលពាក្យបច្ចេកទេសហៅថា Thalassemia។ ទី២ បណ្តាលមកពីកង្វះជាតិដែក ឬ កង្វះមីក្រូសារធាតុផ្សេងទៀត។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា Thalassemia ជាជំងឺគ្រាប់ឈាមក្រហមពីកំណើត ឬហៅម្យ៉ាងទៀតថា ជាជំងឺតំណពូជពីឪពុក ឬម្តាយ ឬអាចទាំងម្តាយទាំងឪពុកដែលមានជំងឺនេះ រួចបន្តទៅកូន ដែលធ្វើឲ្យរាងកាយមានអេម៉ូក្លូប៊ីនតិចជាងធម្មតា ដែលមិនអាចដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយបាន។
តាមការលើកឡើងរបស់វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះ យើងអាចដឹងថាកូនក្នុងផ្ទៃមានជំងឺ Thalassemia នេះ ឬអត់ ដោយការបូមទឹកភ្លោះយកទៅពិនិត្យ នៅក្នុងអំឡុងត្រីមាសទី ១២-១៥ សប្តាហ៍។ បើសិនជាពិនិត្យឃើញថា កូនក្នុងផ្ទៃកើតជំងឺ Thalassemia ក្នុងកម្រិតធ្ងន់ នោះក្រុមគ្រូពេទ្យមិនឲ្យឪពុកម្តាយបន្តទុកកូននោះក្នុងផ្ទៃនោះទេ ព្រោះពេលកូនកើតមកឈឺវេទនាណាស់ ត្រូវការព្យាបាល ១ ជីវិត ហើយចំណាយថវិកាក៏ច្រើន។
ចំពោះករណីក្មេង ស្លេកស្លាំងដោយសារខ្វះជាតិដែក ឬកង្វះមីក្រូសារធាតុផ្សេងទៀត ដែលចូលរួមនៅក្នុងការសំយោគគ្រាប់ឈាមក្រហមនោះ មានដូចជា អាស៊ីដហ្វូលិក វីតាមីន B12 ជាដើម។ លោកវេជ្ជបណ្ឌិតថា នៅពេលដែលស្លេកស្លាំង គ្រាប់ឈាមក្រហមធ្លាក់ទាប ការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំ ខួរក្បាលធ្លាក់ចុះ ពេលនោះហើយធ្វើឲ្យសកម្មភាពក្មេងធ្លាក់ចុះ ទោះក្មេងតូចក៏ដោយក្មេងធំក៏ដោយ ហើយសិនជាស្លេកស្លាំងដោយសារខ្វះជាតិដែកយូរអង្វែង ប្រឈមនឹងការលូតលាស់ផ្នែកខួរក្បាល ការធ្លាក់ចុះនូវសមត្ថភាពក្នុងការសិក្សា។
[embed-health-tool-vaccination-tool]