ក្នុងការចិញ្ចឹមកូន រឿងមួយដែលម៉ាក់ប៉ាធុញ ខឹងកូន ពេលខ្លះស្ទើរទប់កំហឹងមិនបានគឺពេលដែលកូនមិនព្រមញ៉ាំអាហារ ហើយយើងត្រូវតាមបញ្ចុក ឬស្រែកដាក់ទម្រាំបានញ៉ាំបាយអស់ពីចានម្ដងៗ។ ប៉ុន្តែ ការស្រែកបង្ខំឲ្យកូនញ៉ាំអាហារមិនមែនជាវិធីសាស្ត្រត្រឹមត្រូវទេ ហើយអ្នកជំនាញបានណែនាំតិចនិកជួយឲ្យកូនញ៉ាំបាយតាមធម៌ត្រជាក់វិញ។
ជុំវិញបញ្ហាកូនមិនព្រមញ៉ាំអាហារនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានពន្យល់ឲ្យដឹងថា តាមទ្រឹស្ដីរបស់អ្នកជំនាញផ្នែកចំណីអាហារ ទម្រាំកុមារព្រមទទួលយកអាហារថ្មីមួយ ម៉ាក់ប៉ាត្រូវសាកល្បងផ្ដល់អាហារនោះឲ្យកូន១៥-២០ដង។ ម៉ាក់ប៉ាត្រូវដឹងថា ការញ៉ាំអាហារមិនមែនជាការធ្វើសង្គ្រាម មិនមែនជាការចាប់បង្ខំឲ្យកូនញ៉ាំអាហារទេ ប្រសិនបើកូនមិនព្រមញ៉ាំអាហារ អាចសាកល្បងដោះស្រាយជាមួយតិចនិកសាមញ្ញខាងក្រោមនេះដូចជា៖
ទី១. បង្កើតកាលវិភាគញ៉ាំអាហារ៖ ម៉ាក់ប៉ាត្រូវបង្កើតកាលវិភាគច្បាស់លាស់ក្នុងការញ៉ាំអាហារ។ ចំពោះកុមារតូច យើងត្រូវឲ្យអាអូនញ៉ាំអាហារយ៉ាងតិច ៣ពេល/ថ្ងៃ (ព្រឹក ថ្ងៃ ល្ងាច) ហេតុនេះម៉ាក់ប៉ាត្រូវព្យាយាមផ្ដល់អាហារឲ្យកូនឲ្យទៀងទាត់ពេលវេលា។
ទី២. ផ្ដល់អាហារក្នុងបរិមាណសមស្រប៖ ដើម្បីដឹងថាអាហារសមរម្យកម្រិតណាសម្រាប់កូន យើងគួរប្រើប្រាស់ចានសមស្របទៅតាមកុមារ និងប្រើស្លាបព្រាតូចៗសមស្របទៅតាមមាត់របស់កូន។ ជាក់ស្ដែង ប្រសិនបើយើងប្រើចាន ឬស្លាបព្រាណាតូចៗគួរឲ្យស្រលាញ់ ទាក់ទាញ ក្មេងៗក៏ចេះតែចង់ញ៉ាំអាហារតាមនឹង។
ទី៣. បង្កើតបរិយាកាសសប្បាយ៖ ម៉ាក់ប៉ាត្រូវបង្កើតបរិយាកាសមួយល្អ និងរីករាយក្នុងការញ៉ាំអាហារសម្រាប់កូនៗ។ កាលពីមុន ពេលយើងចេញក្រៅផ្ទះបាន យើងអាចនាំកូនទៅលេងជាមួយក្មេងៗជុំវិញផ្ទះបណ្ដើរ បញ្ចុកបាយកូនបណ្ដើរ តែដោយសារឥឡូវនេះ យើងត្រូវនៅក្នុងផ្ទះជាប់ អញ្ចឹងយើងគួរឲ្យកូនញ៉ាំអាហារជុំគ្នាជាមួយមនុស្សធំ ទោះអាអូនញ៉ាំរាយបាយពេញនឹងក៏ដោយ។
ទី៤. ផ្លាស់ប្ដូរអាហារជាប្រចាំ៖ កុមារក៏ដូចយើងមនុស្សធំដែរ បើញ៉ាំអាហារដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ កូនច្បាស់ធុញទ្រាន់មិនចង់ញ៉ាំទេ។ ហេតុនេះ ម៉ាក់ប៉ាគួរផ្លាស់ប្ដូរម្ហូបអាហារប្លែកមាត់ជាប្រចាំ ឆ្ងាញ់ៗឲ្យកូនបានសាកគ្រប់រសជាតិ ពិសេសនោះ បើម៉ាក់ប៉ាចេះរៀបចំអាហារជារូបរាងប្លែកៗទៀតកាន់តែល្អ។
[embed-health-tool-vaccination-tool]