ចម្ងល់នេះម៉ាក់ៗភាគច្រើនប្រាកដចង់ដឹងហើយ ព្រោះនៅពេលអូនតូចអាយុបាន៦ខែ ច្បាស់ជាត្រូវធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំ ហើយរារែកចិត្តថា គួរដាក់គ្រឿងទេសបន្ថែម ដូចជា អំបិល ឬស្ករអត់? បើដាក់ខ្លាចប៉ះពាល់សុខភាព បើអត់ដាក់បបរសាបសឹង ខ្លាចកូនមិនព្រមញ៉ាំ។
បញ្ហានេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បកស្រាយថា កូនក្មេងត្រូវការបរិមាណអំបិល ឬស្ករតិចតួចបំផុត ព្រោះតម្រងនោមទារកនៅតូច ហើយខ្ចី កំពុងស្ថិតក្នុងដំណាក់កាលលូតលាស់។
ផ្ទុយមកវិញ ការប្រើអំបិល ស្ករ និងប៊ីចេង បន្ថែមទៅលើរបបអាហារកូនច្រើនលើសកម្រិត នឹងបង្កផលប៉ះពាល់ចំពោះសុខភាពកូនក្មេង ដែលផលប៉ះពាល់នោះអាចនឹងបង្ហាញឲ្យភ្លាមៗ និងផលប៉ះពាល់យូរទៅថ្ងៃខាងមុខ។ លោកវេជ្ជបណ្ឌិតបញ្ជាក់។
អត្ថបទពាក់ព័ន្ធ៖
- គ្រប់អាយុ៦ខែ ម៉ាក់ៗគួរជ្រើសរើសអាហារទាំង៣ក្រុមនេះមកចម្អិនបបរឲ្យញ៉ាំ
- អូនៗអាយុបាន៦ខែហើយ តោះ! រៀនធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំ
ផលវិបាកផ្សេងៗ នៅពេលបន្ថែម អំបិល ស្ករ ក្នុងចំណីអាហារកូនច្រើនលើសកម្រិត៖
– ខ្សោះជាតិទឹកក្នុងខ្លួន
– ស្រេកទឹកខ្លាំង
– ហើមខ្លួន
– តម្រងនោមធ្វើការហួសកម្រិត
– បង្កទៅជាក្រួសក្នុងតម្រងនោម
– ប្រព័ន្ធភាពស៊ាំចុះខ្សោយ
– ឆាប់ពុកឆ្អឹង និងធ្មេញ។
របបអាហារត្រឹមត្រូវសម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ មានរសជាតិឡែមៗប៉ុណ្ណោះ ដែលបរិមាណអំបិលសរុបប្រចាំថ្ងៃតិចជាង ០,៤ ក្រាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]