គ្រូពេទ្យជាច្រើនតែងតែណែនាំម៉ាក់ប៉ា ឲ្យរៀបចំរបបអាហាររបស់កូនញ៉ាំជាប្រចាំមានបៃតងក្នុងនោះ ដើម្បីឲ្យកូនមានសុខភាពល្អ ព្រោះបន្លែបៃតងសម្បូរជាតិដែក វីតាមីន និងសារធាតុចិញ្ចឹម។ ទោះម៉ាក់ប៉ាតែងធ្វើតាមសម្ដីណែនាំរបស់វេជ្ជបណ្ឌិតហើយ តែមិនដឹងពីការចម្អិនកម្រិតណា ទើបសុវត្ថិភាព ហើយផ្ដល់អត្ថប្រយោជន៍ដល់កូនឡើយ។
ដើម្បីស្រាយចម្ងល់នេះ លោកវេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេសកុមារ និងជំងឺផ្លូវដង្ហើម នៅមន្ទីរពេទ្យកុមារជាតិ បានពន្យល់ថា បើបានបន្លែធម្មជាតិ ម៉ាក់ៗអាចដាក់ចម្អិនតែបន្តិច ឬខ្មែរយើងច្រើនហៅថា មួយអម្ពុះទៅបានហើយ។ តែសម្រាប់ឥឡូវនេះ ព្រោះតែបន្លែមានជាតិគីមីច្រើន លោកណែនាំឲ្យលាងសម្អាតឲ្យបានច្រើនដង និងដាក់ចម្អិនឲ្យយូរបន្តិច ដើម្បីសម្លាប់ជាតិគីមី មេរោគដែលមានជាប់នោះឲ្យអស់សិន។
ប៉ុន្តែលោកបានបញ្ជាក់ថា បន្លែបៃតងកាលណាតែចម្អិនរលួយខ្លាំងពេក បាត់បង់ជីវជាតិខ្លះៗ ហើយក៏មិនគួរឲ្យញ៉ាំទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អដែរ ព្រោះអាចបង្កទៅជាជំងឺរាករូស ឬពុលក្អួតចង្អោរបាន ដោយសារមានសារធាតុគីមី ឬមានសត្វល្អិតផ្សេងៗជាដើម។
វេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបានបន្ថែមទៀតថា ការចម្អិនអាហារសម្រាប់កូនតូច គួរតែជ្រើសរើសយកបន្លែណាធម្មជាតិស្រស់ល្អ បើជ្រើសចំបន្លែណាដែលមានជាតិគីមីអាចធ្វើឲ្យកូនងាយឈឺថ្កាត់ច្រើន ព្រោះប្រព័ន្ធការពារកុមារមិនទាន់រឹងមាំល្អដូចមនុស្សធំ។ មួយវិញទៀតបើចង់ចៀសវាងបន្លែមិនល្អ គួរតែដាំបន្លែណាដែលងាយស្រួលនៅផ្ទះខ្លួនឯងវិញ ទើបមានសុវត្ថិភាពទាំងគ្រួសារ។
អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]