ម៉ាក់ៗដែលមានកូនម៉ឹមទឹកដោះគោ ហើយមិនព្រមញ៉ាំអាហារផ្សេង បានរៀបរាប់ត្អូញត្អែរបញ្ហាជាច្រើនមកប្រាប់ Helloគ្រូពេទ្យ។ ក្នុងនោះអ្វីដែលជួបច្រើនបំផុត គឺបញ្ហាសុខភាព និងរឿងបន្ទោបង់។ ខាងក្រោមនេះ ជាការរៀបរាប់របស់ម៉ាក់ៗ ៣ រូបខុសគ្នា ទាក់ទិននឹងកូនធំហើយ តែមិនព្រមញ៉ាំចំណីអាហារផ្សេង៖
១- កូនមិនងាយចេះដើរ
សម្រាប់អ្នកនាង សុន ដារ៉ា បានឲ្យដឹងថា កូនគាត់ម៉ឹមតែទឹកដោះគោ មិនចេះញ៉ាំបាយ ឬបបរអ្វីទាំងអស់ មកទល់ពេលនេះវ័យជិត ៣ ឆ្នាំហើយ ជើងមិនរឹងមាំអាចដើរដោយខ្លួនឯងបានទៀត។ អ្នករស់នៅក្បែរភ្នំពេញរូបនោះ បន្តទៀតថា បានជាហ៊ានសន្និដ្ឋានថាកូនមិនចេះដែរ ព្រោះមិនញ៉ាំចំណីអាហារ ឬផ្លែឈើ ព្រោះកូនបង ២ នាក់ហើយ ចេះដែរតាំងពីមិនទាន់មួយឆ្នាំស្រួលបួល ដោយមានរបបអាហារត្រូវត្រូវតាមការណែនាំរបស់គ្រូពេទ្យ តែកូនក្រោយព្រោះរវល់នឹងការងារ ទើបចេះតែបណ្ដោយឲ្យម៉ឹមរហូត ហើយមិនតាមបញ្ចុកបបូរខាប់គ្រប់គ្រឿងពេលចូលដល់វ័យ ៦ ខែ ដោយយល់ឃើញថាកូនមិនចង់ បូករួមនឹងភាពនឿយហត់ពីការងារខាងក្រៅទៀត។ ជាលទ្ធផល កូនមិនសូវមានសុខភាពល្អដូចក្មេងដទៃ ជើងដៃនៅទន់ ហើយបើចង់ឲ្យដើរមិនបានយូរដូចកូនគេឡើយ ព្រោះក្នុងរាងកាយពេទ្យថា គ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលចេញពីសាច់ បន្លែ ត្រីសាច់។
២- ទល់លាមក
ចំណែកកូនរបស់អ្នកនាង ម៉ែន ភានី វិញជួបបញ្ហាធំមួយ គឺការទល់លាមក។ ម៉ាក់វ័យក្មេងរូបនេះបានឲ្យដឹងថា នាងទើបមានកូនជាលើកដំបូង និងមិនបានស្វែងយល់ពីអត្ថប្រយោជន៍ទឹកដោះម្តាយ ហើយគិតតែរកវិធីស្រួល ទើបត្រូវជ្រើសរើសទឹកដោះគោឲ្យកូនម៉ឹមវិញ។ ពេលកូនចូលដល់វ័យចេះញ៉ាំ ស្ត្រីវ័យ ២៥ ឆ្នាំរូបនេះក៏មិនបានអើពើនឹងអត្ថប្រយោជន៍របស់បបរខាប់គ្រប់គ្រឿង ដែលគ្រូពេទ្យណែនាំទៀត ព្រោះយល់ថាកូនចូលចិត្តម៉ឹមជាង។ រហូតដល់ពេលនេះកូនចូលដល់វ័យ ៤ ឆ្នាំ តែនៅតែជួបបញ្ហាជុះ ដោយពេលខ្លះក៏ក្ដៀន ពេលខ្លះក៏ទល់ជុះមិនចេញ ឬចេញទាំងឈាម កូនស្រែកផ្អើលផ្ទះ។ នៅពេលទៅជួបពេទ្យ ពេទ្យបានប្រាប់ថា លាមករឹងមកពីមិនឲ្យកូនញ៉ាំអាហារមានបន្លែ ត្រី សាច់ និងមិនឲ្យកូនញ៉ាំផ្លែឈើផ្សេងៗ ដែលនេះជាការធ្វើបាបទៅវិញទេ ហើយបើនៅតែបន្តឲ្យម៉ឹមទឹកដោះគោគ្មានអាហារត្រឹមត្រូវ កូនប្រាកដជាមានបញ្ហាក្រពះ-ពោះវៀនមិនខាន។
៣- មិនដឹងរសជាតិ
កូនរបស់អ្នកនាង ហ៊ាន សេដ្ឋា វិញមានអាយុ ៤ ឆ្នាំជាងហើយ តែពេលឲ្យញ៉ាំអ្វីផ្សេង តែងតែខ្ជាក់ចេញមកវិញ និងប្រាប់ថាអត់ឆ្ងាញ់។ ស្ត្រីបម្រើការងារនៅហាងលក់សម្លៀកបំពាក់រូបនោះ បានបន្ថែមទៀតថា កូនទី ២ របស់ខ្លួនមួយនេះមិនចេះញ៉ាំអ្វីសោះ សូម្បីតែបាយ បើបង្ខំ ឬដាក់កម្រិតយ៉ាងច្រើនត្រឹមមួយស្លាបព្រា ហើយញ៉ាំទាំងយំទៀតផង។ នៅពេលគាត់សួរកូន ម្ដេចមិនព្រមញ៉ាំ គេឆ្លើយថារសជាតិមិនដូចទឹកដោះគោ ដែលបញ្ហានេះកំពុងតែធ្វើឲ្យគ្រួសារទាំងមូលពិបាកចិត្ត ព្រោះដឹងថា ការម៉ឹមដោះគោតែមួយមុខមិនល្អចំពោះសុខភាពឡើយ ហើយខណៈដែលកូនស្រីទី ៣ ខ្លួនទើបមានវ័យជិត ១ ឆ្នាំសោះ តែអាចញ៉ាំបានគ្រប់យ៉ាង និងមានសុខភាពល្អណាស់មិនងាយឈឺ បើឈឺក៏ឆាប់ជា តែកូនទី ២ មួយខែឈឺម្ដង ហើយឈឺម្ដងចង់ ២ អាទិត្យ។
អ្នករស់នៅភ្នំពេញរូបនោះបន្តទៀតថា ទោះពេលនេះសុខភាពប្រក្រតី តែអ្នកនាងនៅព្រួយបារម្ភចំពោះកូនដដែល និងកំពុងរកវិធីជួយឲ្យកូនចេះញ៉ាំអាហារទូទៅដូចក្មេងដទៃ។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាទម្លាប់បញ្ចុកបាយកូនរហូតដល់ធំ ល្អទេ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]