ឪម៉ាល់ជាសត្វមានពិសខ្លាំង ចូលចិត្តធ្វើសំបុកជារន្ធតូចៗនៅរួមគ្នា។ ក្មេងមួយចំនួនៗ ពិសេសនៅទីជនបទ ពេលឃើញសម្បុកសត្វឪម៉ាល់តែគប់លេង ឬពេលខ្លះមិនគប់ទេ តែទៅលេងក្បែរនោះ។ ការលេងក្បែរ ឬគប់សម្បុក ឪម៉ាល់អាចចេញមកទិច បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្មេង ហើយបើវាទិចច្រើនទ្រនិចអាចបណ្តាលឲ្យស្លាប់។
បើតាមការផ្សព្វផ្សាយនៅលើផេករបស់ Dr. Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា មានករណីក្មេងស្រីតូច អាយុ ៥ឆ្នាំម្នាក់ មកពីខេត្តស្វាយរៀង ត្រូវហ្វូងសត្វឪម៉ាល់ទិច ចំនួន ២៥មេ បណ្តាលឲ្យសន្លប់ចំនួន ៥ថ្ងៃ ដោយសារពិសឪម៉ាល់ជ្រាបចូលក្នុងឈាម ធ្វើឲ្យហើមខួរក្បាល រលាយជាលិកាសាច់ដុំ រលាកខ្សោយថ្លើម ពុលតម្រងនោមមិនដំណើរការ និងហើមសួតយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្នកុមារីរូបនោះបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះ ដោយវិធីលាងឈាមតាមស្រោមភ្នាសពោះវៀន អស់រយៈពេល ២៣ថ្ងៃ និងសម្រាកពេទ្យអស់ ៣៣ថ្ងៃ។
តើត្រូវជួយសង្គ្រោះក្មេងឪម៉ាល់ទិចដោយរបៀបណា?
ឱសថការី កឹម កាណែល បានផ្តល់ជាដំបូន្មានថា បើឪម៉ាល់ទិចក្មេង ត្រូវលាងសម្អាតកន្លែងសត្វទិចជាមួយសាប៊ូ និងទឹក បន្ទាប់មកលាបអាល់កុល អេទែរ (Either alcohol) ឬទឹក Peroxide។ ដើម្បីបន្ថយអាការៈហើម និងជួយកុំឲ្យរមាស់ស្បែក បន្ទាប់ពីទិចរួច សូមព្យាយាមស្អំទឹកក្តៅលើកន្លែងសត្វទិច ឬប្រេងលាប ដើម្បីបន្ថយការរមាស់-ហើម និងបំបាត់ការឈឺចាប់ ឬលេបថ្នាំពពួក Antihistamine ដែលមិនត្រូវការវេជ្ជបញ្ជា ដើម្បីបន្ថយអាការៈរមាស់។ ផ្ទុយទៅវិញបើឪម៉ាលទិចច្រើនទ្រនិច រួមទាំងរោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀត ត្រូវនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេល។
[embed-health-tool-vaccination-tool]