ជាទូទៅក្រោយពេលចេញពីពេទ្យ ទារកទើបនឹងកើតតម្រូវឲ្យម៉ាក់ប៉ាជូនទៅមន្ទីរពេទ្យតាមការណាត់របស់គ្រូពេទ្យ ដើម្បីពិនិត្យមើលសុខភាព ការលូតលាស់ ឬផ្ដល់វ៉ាក់សាំងឲ្យអាអូន។ តែនៅក្នុងពេលផ្ទុះកូវីដ-១៩ បែបនេះ មិនថាទៅទីជិត ឬឆ្ងាយទេ យើងតែងតែខ្លាចឆ្លងជំងឺនេះ ទាំងខ្លួនឯង និងទាំងកូន។ ហេតុនេះ ខាងក្រោមជាការថែទាំទារកទើបកើត ណែនាំពី CDC អាមេរិក ដែលម៉ាក់ប៉ាគួរដឹង ពេលនាំអាអូនទៅពេទ្យ ឬទៅក្រៅម្ដងៗ។
១. មិនគួរប្រើរបាំងមុខ ឬម៉ាស់គ្របមុខកូន
- កុមារដែលមានអាយុក្រោម២ឆ្នាំ មិនគួរពាក់របាំងមុខទេ
- របាំងមុខ ឬម៉ាស់អាចបង្កើនហានិភ័យទារកស្លាប់ភ្លាមៗ (SIDS) ព្រោះអាចធ្វើឲ្យថប់ដង្ហើមកូន
២. ស្គាល់ពីរោគសញ្ញាកូវីដ-១៩ លើទារក
- ទារកមួយចំនួនមានរោគសញ្ញាតិចតួចពេលឆ្លង
- សម្គាល់មើលសញ្ញាក្ដៅខ្លួន ក្អក ហៀរសម្បោរ ឬពិបាកដកដង្ហើម និងប្រាប់ទៅខាងមន្ទីរពេទ្យពីរោគសញ្ញាកូន
- ករណីទារកឈឺធ្ងន់ក្រោយឆ្លងកូវីដ-១៩ កម្រមានណាស់ លើកឡើងតែទារកមានជំងឺប្រចាំកាយ ឬកើតមិនគ្រប់ខែ។ល។
៣.ពិនិត្យមើលសុខភាពកូនឲ្យគ្រប់សព្វ
ជាទូទៅ ការពិនិត្យទារកទើបកើតត្រូវធ្វើឡើងដោយផ្ទាល់ ដើម្បីឲ្យអ្នកផ្តល់សេវាថែទាំសុខភាពកូនរបស់យើងអាច៖
- ពិនិត្យមើលសុខភាពទូទៅរបស់កូន
- ពិនិត្យមើលការលូតលាស់ និងការញ៉ាំអាហាររបស់កូន
- ពិនិត្យរកមើលជំងឺខាន់លឿង
បន្ថែមពីលើនេះ ម៉ាក់ប៉ាក៏ត្រូវធ្វើតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារកូវីដ-១៩ ជាពិសេសពេលចេញក្រៅជាមួយអាអូន ទោះទៅពេទ្យ ឬកន្លែងណាក៏ដោយ គឺត្រូវរក្សាគម្លាតពីអ្នកដទៃ ដើម្បីការពារខ្លួនយើងផ្ទាល់ និងអាអូន។
[embed-health-tool-vaccination-tool]