ម៉ាក់ប៉ាណាដែលមិនចង់ឲ្យកូនខ្លួនឯងឆ្លាត មានបញ្ញាខ្ពស់នោះ? ម៉ាក់ប៉ាខ្លះខំប៉ូវអាហារល្អៗ ពេលកូនកើតមក ខ្លាចកូនខ្សោយ ប្រាជ្ញាមិនល្អ តែទោះប៉ូវប៉ុនណា បើកូនកើតមកយកជំងឺពីកំណើតប៉ុន្មានខាងក្រោមនេះមកជាមួយ ដឹងតែប្រាជ្ញាកូនមានបញ្ហាខុសពីក្មេងដទៃហើយ។
ជំងឺពីកំណើតអ្វីខ្លះដែលធ្វើឲ្យក្មេងខ្សោយប្រាជ្ញា?
លោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានឲ្យដឹងថា ជំងឺដែលអាចឲ្យទារកបាត់បង់ការលូតលាស់ផ្នែកប្រាជ្ញា ស្មារតីខុសពីក្មេងធម្មតា គឺមានចំនួន៧មុខដូចជា៖
១.ទារកមានជំងឺពីកំណើតលើការបម្លែងជាតិសាច់ក្នុងខ្លួន៖ ធ្វើឲ្យកូនខ្សោយប្រាជ្ញា អាចពិការ និងមានភាពមិនធម្មតាលើសាច់ខួរក្បាល។
២.ទារកមានជំងឺខ្សោយក្រពេញពីកំណើត៖ ដែលធ្វើឲ្យខ្សោយប្រាជ្ញាខ្លាំង យឺតយ៉ាវការគិត កូនអាចតឿ ខ្សោយត្រចៀក កើតលឿងស្បែក ស្បែកស្ងួត អណ្ដាតធំ សាច់ដុំទន់ ទល់លាមក និងសំឡេងយំស្អកៗ។
៣.ទារកមានវិបត្តិទៅលើការបម្លែងជាតិស្ករ៖ ធ្វើឲ្យទារកបៅមិនសូវបាន ក្អួត រាកខ្សោយថ្លើម ថ្លើមរីកធំ ឧស្សាហ៍មានហូរឈាម ហើមខ្លួន ទាចទឹក និងកើតលឿង។
៤.ទារកមានវិបត្តិទៅការបម្លែងលើក្រុមវីតាមីនB៖ ធ្វើឲ្យទារក ប្រកាច់ ថ្លង់ ខ្វាក់ និងអាចពិការ។ លើសពីនេះ ទារកអាចយឺតយ៉ាវក្នុងការលូតកម្ពស់ និងពិបាកឡើងគីឡូ ឬឡើងកន្ទួលពេញស្បែក ជ្រុះសក់ និងឧស្សាហ៍សន្លប់។
៥.ទារកមានភាពមិនធម្មតាទៅលើមុខងារក្រពេញលើតម្រងនោម៖ ធ្វើឲ្យអ័រម៉ូនខ្លះលើស ខ្លះមិនគ្រប់។ ទារកប្រឈមនឹងការខ្វះជាតិទឹក និងមានភាពមិនធម្មតាលើប្រដាប់ភេទ។
៦.ទារកមានភាពមិនធម្មតាពីកំណើតលើសួត៖ សួតចេញជាតិខាប់លើសលប់ក្នុងសួត រំខានដល់ការដកដង្ហើម ក្អក ឧស្សាហ៍រលាកសួត រំខានដល់ការរំលាយអាហារ ប៉ះពាល់លំពែង កូនមាឌតូចទាបមិនសូវឡើងគីឡូ បត់ជើងធំច្រើន ធំក្លិនស្អុយខ្លាំង និងប៉ះពាល់ប្រដាប់បន្តពូជ។
៧.ទារកមានវិបត្តិបែកគ្រាប់ឈាមក្រហម៖ អង់ហ្ស៊ីម G6DP នេះមាននៅលើគ្រាប់ឈាមក្រហម ដែលការពារមិនឲ្យគ្រាប់ឈាមងាយបែក ដោយប្រការផ្សេងៗដូចជា ការប៉ះទង្គិច ឬសារជាតិអ្វីមួយ។ វាធ្វើឲ្យគ្រាប់ឈាមទន់អាចបត់បែនបានស្រួល។ តែបើខ្វះអង់ហ្ស៊ីម និងងាយបែកគ្រាប់ឈាមទៅជាស្លេកស្លាំង អស់កម្លាំង ល្ហិតល្ហៃ ហត់ នោមពណ៌ខ្មៅជាដើម។
វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា ជំងឺទាំង៧មុខនេះ អាចរកឃើញតាមរយៈការជោះកែងជើងទារកក្រោយសម្រាលបាន៤៨-៧២ម៉ោង ព្រោះគ្រូពេទ្យឯកទេសកុមារ មិនអាចពិនិត្យឃើញពីរោគសញ្ញារបស់ទារកនោះ ដោយការពិនិត្យសុខភាពធម្មតាទេ។ ប្រសិនបើពិនិត្យមិនទាន់ រោគសញ្ញាចាប់ផ្ដើម ឬក្មេងចាប់ផ្ដើមឈឺ នោះការព្យាបាលគ្មានប្រសិទ្ធភាព គឺមិនអាចកែប្រែការបាត់បង់ ការលូតលាស់ស្មារតី និងប្រាជ្ញារបស់ក្មេងឲ្យវិលភាពដើម ឬអាចបណ្ដាលឲ្យទារកស្លាប់ បើព្យាបាលមិនបានទាន់ពេលវេលា។
[embed-health-tool-vaccination-tool]